អន្តរជាតិ
ចង់​បម្រើ​ជាតិ លោក ប្រា​យុទ្ធ ប្រកាស​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ប្រជែង​ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍​
08, Feb 2019 , 2:36 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃ​សុក្រ​ទី ៨ ខែកុម្ភៈ​នេះ​យល់ព្រម​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​តំណាង​ឲ្យ​បក្ស អំណាច​រដ្ឋ​របស់​ប្រជាជន (Phalang Pracharat) ដើម្បី​ប្រជែង​ក្នុងការ​បោះឆ្នោត​សភា​ចុងខែ​មីនា​ខាងមុខ​។ លោក​នឹងត្រូវ​ប្រកួតប្រជែង​ជាមួយ​បេក្ខជន​ជាច្រើន​រួមទាំង​ម្ចាស់​ក្សិ​យ៍ អ៊ូ​ប៊ុន​រ័តន៍ រាជកញ្ញា ដែល​តំណាង «​បក្ស​រក្សា​ជាតិ​ថៃ​» ផងដែរ​។​


 
​ដូច​ការរំពឹងទុក ប្រមុខ​របប​សឹក​ថៃ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹង​មានមុខ​ក្នុងការ​ប្រកួតប្រជែង​នយោបាយ​ដើម្បី​យក​តំណែង​នាយករដ្ឋមន្ត្រី​តាម​ការបោះឆ្នោត​ប្រជាធិបតេយ្យ​លើកដំបូង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​នៅ​ថ្ងៃ ២៤ ខែមីនា​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ប្រា​យុទ្ធ បាន​បកស្រាយ​ច្បាស់ៗ​ថា លោក​មិនដែល​ប៉ុនប៉ង​ក្តោប​ក្តាប់​អំណាច​យូរអង្វែង​ឡើយ ហើយ​ការយល់ព្រម​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នេះ​ជាការ​សម្រេចចិត្ត​ដ៏​លំបាក​បំផុត​មួយ​។ ប៉ុន្តែ​លោក​ត្រូវធ្វើ​បែបនេះ ដ្បិត​លោក​ពិតជា​ចង់​បម្រើ​ប្រយោជន៍​ជាតិ​។​
 
«​ខ្ញុំ​ប្តេជ្ញា​សហការ​ជាមួយ​ប្រជាជន និង​ដឹកនាំ​ប្រទេស​ទៅរក​សុភមង្គល ឯកភាព​ជាតិ និង​គ្មាន​ជម្លោះ​សង្គម​។ ដូច្នេះ​ខ្ញុំ​យល់ព្រម​ទទួលយក​ការអញ្ជើញ​ពី​គណបក្ស អំណាច​រដ្ឋ​នៃ​ប្រជាជន​ដែល​ដាក់​ស្នើ​ឈ្មោះ​ខ្ញុំ​ទៅកាន់​សភា​ដើម្បី​ទទួល​ការតែងតាំង​ជា​នាយករដ្ឋមន្ត្រី​»​។ លោក ប្រា​យុទ្ធ ដែលជា​អ្នកដឹកនាំ​រដ្ឋប្រហារ​ទ​ម្លា​ក់​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ កាលពី​ខែឧសភា​ឆ្នាំ ២០១៤ នោះបាន​និយាយ​ដូច្នេះ​។ 
 
​កាលពីដើម​សប្តាហ៍ គណបក្ស​អំណាច​រដ្ឋ​របស់​ប្រជាជន បាន​អញ្ជើញលោក ប្រា​យុទ្ធ​,  ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak និង​ប្រធាន​បក្ស​លោក Utttama Savanayana ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ប​ក្ស​ដោយសារ​បក្ស​នីមួយៗ​មាន​សិទ្ធិ​ដាក់ឈ្មោះ​បេក្ខជន​បីនាក់​។ 
 
​យ៉ាងណាមិញ​ថ្ងៃ ៧ ខែកុម្ភៈ លោក Somkid បានបញ្ជាក់​ប្រាប់​កាសែត The Nation ថៃ​ថា មានតែ​ឈ្មោះ​លោក ប្រា​យុទ្ធ​ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជីរបស់​បក្ស​។ 
 
​តាមពិតទៅ ទោះបីជា​លោក​មិន​ស្ថិត​ក្នុងចំណោម​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ប​ក្ស​ក៏ដោយ លោក ប្រា​យុទ្ធ​នៅតែមាន​ឱកាស​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្តទៀត អនុលោម​ទៅតាម​រដ្ឋធម្មនុញ្ញ​ថ្មី​។ មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​បានចែង​ដោយ​បើក​ផ្លូវ​ឲ្យ អ្នកនយោបាយ​ក្រៅ​បក្ស​អាចដឹកនាំ​រដ្ឋាភិបាល​បាន​ក្នុង​កាលៈទេសៈ​ដែល​គណបក្ស​ឈ្នោះ​ឆ្នោត​មិនអាច​ឯកភាពគ្នា​លើ​បេក្ខជន​ម្នាក់​ក្នុង​បញ្ជី​បេក្ខជន​រួម​។​
 
​ត្រឡប់មកវិញ លោក ប្រា​យុទ្ធ ប្រកាស​ទទួលយក​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​នៃ​បក្ស​ខាងលើ នៅ​ថ្ងៃ​ចុងក្រោយ​សម្រាប់​ការចុះឈ្មោះ​បេក្ខជន​សម្រាប់​ប្រកួតប្រជែង​ការបោះឆ្នោត​សភា​ដែល​នឹងត្រូវ​ធ្វើឡើង​ក្នុង​ថ្ងៃ ២៤​ខែមីនា​។ នៅក្នុង​ការបោះឆ្នោត​លើ​ដំបូង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​នេះដែរ លោក ប្រា​យុទ្ធ​នឹងត្រូវ​ប្រកួតប្រជែង​ជាមួយ​បេក្ខជន​មកពី​បក្សនយោបាយ​ដទៃ​ផ្សេងទៀត​ដើម្បី​ដណ្តើម​កៅអី​នាយករដ្ឋមន្ត្រី​។ អ្វីដែល​សំខាន់​លោក​នឹងត្រូវ​ប្រជែង​ជាមួយ​ព្រះរៀម​មហាក្សត្រ​ថៃ ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍ រាជកញ្ញា ដែល​តំណាង​ឲ្យ​បក្ស​ស្និទ្ធ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បក្ស​«​រក្សា​ជាតិ​ថៃ​»៕ 
 

Tag:
 ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  Phalang Pracharat
 ​ថៃ​
  អ៊ូ​ប៊ុន​រ័តន៍ រាជកញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com