អ្នកភូមិ​បង្កោង​ធ្វើ​ពិធី​ចាប់​ត្រី​រួមគ្នា​ត្រៀម​ថ្ងៃ​ឡើង​មាឃ​
ជាតិ
វីដេអូ
អ្នកភូមិ​បង្កោង​ធ្វើ​ពិធី​ចាប់​ត្រី​រួមគ្នា​ត្រៀម​ថ្ងៃ​ឡើង​មាឃ​
09, Feb 2019 , 9:29 am        
រូបភាព
​សៀមរាប​៖ ដូច​សព្វដង រាល់ថ្ងៃ​១​កើត ខែមាឃ អ្នកភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង តែង​រៀបចំ​ពិធី​ចុះ​ចាប់​ត្រី​រួមគ្នា ត្រៀម​ដើម្បី​ធ្វើ​នំ​បញ្ចុក​ចូលរួម​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា នៅ​ថ្ងៃ​៣​កើត​។ ពិធីបុណ្យ​ចាប់​ត្រី​នៅ​ឆ្នាំនេះ​ចំ​ថ្ងៃទី​៥ កុម្ភៈ មាន​អ្នកភូមិ​ចូលរួម​ច្រើន ដោយមាន​ឧបករណ៍​ចាប់​ត្រី​រៀងៗ​ខ្លួន​។​

 
​មេភូមិ​បង្កោង លោក ពេជ្រ ឃិន បានឱ្យដឹងថា ពិធី​ចាប់​ត្រី​រួមគ្នា​នេះ គឺជា​ទំនៀម​ត​ជាប់​ពី​ដូនតា​មក ហើយ​លោក​ក៏​មិនដឹងថា ចាប់ផ្តើម​តាំងពី​ពេលណា​មក​ដែរ​។ តែ​អ្វីដែល​សំខាន់​នោះ គឺ​ពិធី​នេះ​នៅ​បន្ត​រស់​ដល់​សព្វថ្ងៃ ដែល​វា​បង្ហាញ​ពី​សាមគ្គីភាព​របស់​អ្នកភូមិផង​។ 
 
 
​ទាក់ទង​នឹង​ពិធី​នេះដែរ លោក​មេភូមិ​បង្កោង​ពន្យល់ថា​៖«​រាល់ថ្ងៃ​១​កើត ខែមាឃ គឺ​ធ្វើ​ពិធី​ចាប់​ត្រី​រួម​នៅក្នុង​បឹង​អភិរក្ស​មួយ​ឈ្មោះ «​បឹង​» ដល់​ថ្ងៃ​២​កើត គេ​ចាប់ផ្តើម​រៀបចំ​ស្ល​នំ​បញ្ចុក​តាម​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ថ្ងៃ​៣​កើត ខែមាឃ អ្នកភូមិ​យកនំ​ទាំងនោះ​ម្នាក់​បន្ដិចៗ​ទៅធ្វើ​ពិធី​ធំ គឺ​ឡើង​មាឃ ឬ​ឡើងអ្នកតា រួមគ្នា​នៅ​សាលាឆទាន បំណង​សុំ​សេចក្ដីសុខ​សប្បាយ​នៅក្នុង​ភូមិ​»​។​
 
​យ៉ាងណា លោក​មេភូមិ​នៃ​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប រូបនេះ បាន​បញ្ជាក់ថា ថ្ងៃខែ​អាច​លឿន ឬ​ឆាប់ អាស្រ័យ​តាម​កម្ពស់​ទឹក​ក្នុង​បឹង តែ​ពិធី​នេះ​ត្រូវធ្វើ​នៅក្នុង​ខែមាឃ ដែលជា​ទំនៀមទម្លាប់​ពី​ដូនតា​មក​។​
 
​សម្រាប់​ពិធី​ចាប់​ត្រី​នៅ​ឆ្នាំនេះ ដែល​ចាប់ផ្តើម​តាំងពីព្រឹក​ព្រលឹម​ថ្ងៃទី​៥ កុម្ភៈ អ្នកភូមិ​ហាក់​សប្បាយរីករាយ ដ្បិតថា​ចាប់​ត្រី​បាន​ច្រើនជាង​ឆ្នាំទៅ​។ មាន​ឧបករណ៍​នេសាទ​បុរាណ​តែប៉ុណ្ណោះ ដែល​អនុញ្ញាតឱ្យ​ចុះ​ចាប់​ត្រី​ក្នុង​ពិធី​នេះ គឺមាន​សំណាញ់ ឈ្នាង និង​អង្រុត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com