ជាតិ
កម្ពុជា ចំណាយ​អស់​៨០០​លាន​ដុល្លារ ដើម្បី​ឆ្លើយតប​ជំងឺអេដស៍ រយៈពេល​២៨​ឆ្នាំនេះ​
08, Feb 2019 , 4:24 pm        
រូបភាព
រូបភាពពីអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍
រូបភាពពីអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍
​ភ្នំពេញ​៖ កម្ពុជា បាន​ចំណាយ​ថវិកា​អស់​៨០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ឆ្លើយតប​ជំងឺអេដស៍​រយៈពេល​២៨​ឆ្នាំ​មកនេះ​។ ជា​លទ្ធផល​នោះ គឺ​កម្ពុជា​អាច​បង្ការ​មិន​ឲ្យ​មនុស្ស​៩​សែន​នាក់​ឆ្លង និង​បញ្ចៀស​មនុស្ស​៦​សែន​នាក់ មិន​ឲ្យ​ស្លាប់ ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍​។​

 
​ប្រធានអាជ្ញាធរ​ប្រយុទ្ធនឹងជំងឺអេដស៍​លោក អៀង មូលី ដែល​អះអាង​ពី​កម្ពុជា ដែលជា​ប្រទេស​ជោគជ័យ​ក្នុងការ​ប្រឆាំង​ជំងឺអេដស៍​នោះ បាន​សង្កត់ធ្ងន់ថា កម្ពុជា​បានសម្រេច​គោលដៅ​៩០​ភាគរយ (៩០-៩០-៩០)​តាំងពី​ឆ្នាំ​២០១៧​មក​។ គោលដៅ​៩០​ភាគរយ ដែល​លោក អៀង មូលី លើកឡើង​នេះ គឺ​សំដៅ​ទៅលើ​ការយល់ដឹង​របស់​អ្នកជំងឺ ដែល​បានដឹង​ស្ថានភាព​ជំងឺ​ពួកគេ ហើយ​ពួកគេ​បានទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ខណៈ​អ្នកជំងឺ​ខ្លះ​ទទួល​ការព្យាបាល​មាន​បន្ទុក​មេរោគ​អេដស៍​ទាប​បំផុត​នៅក្នុង​ឈាម​។ បើតាម​លោក អៀង មូលី កម្ពុជា​បាន​ប្តេជ្ញា​បញ្ចប់​ការចម្លង​មេរោគ​អេដស៍​នៅ​ឆ្នាំ​២០២៥ គឺ​មុន​ការប្តេជ្ញាចិត្ត​របស់​ពិភពលោក​រយៈពេល​៥​ឆ្នាំ​។​


រូបភាពពីអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍
 
​ដោយសារតែ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ខ្លាំង ក្នុង​ប្រយុទ្ធនឹង​ជំងឺអេដស៍ ទើប​អ្នកផ្ដល់ជំនួយ​បរទេស ក៏​ថមថយ​ក្នុងការ​ផ្ដល់​ឲ្យ​កម្ពុជា​ដែរ​។ ប៉ុន្តែ​វា​គ្មាន​បញ្ហា​អ្វី​សម្រាប់​កម្ពុជា ក្នុងការ​ទប់ស្កាត់ និង​ប្រយុទ្ធនឹងជំងឺអេដស៍​នេះឡើយ​។ 
 
​ថ្លែង​ក្នុង​ការបង្ហាញ​មួយ តាមរយៈ​សន្និសីទ​ពាន​រង្វាន់​ព្រះអង្គម្ចាស់​ម៉ា​ហ៊ី​ដុល កាលពីពេល​ថ្មីៗ​នេះ ប្រធាន​អាជ្ញាធរប្រយុទ្ធនឹង​ជំងឺអេដស៍​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖«​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​ជំនួយ​ពី​ប្រភព​ខាងក្រៅ​បន្ត​ធ្លាក់ចុះ ការផ្តល់​ហិរញ្ញវត្ថុ​ពី​ថវិកាជាតិ​បាននិងកំពុង​បង្កើន​។ ក្នុងនោះ យើង​មានការ​លំបាក​ក្នុងការ​ស្វែងរក​អ្នកជំងឺ​អេដស៍​១​ម៉ឺន​នាក់ ដែល​បាត់​មិនបាន​ចូលក្នុង​ប្រព័ន្ធ​ព្យាបាល​។ ថវិកា​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​មាន​ភាព​រាយប៉ាយ មិនមាន​ការផ្តល់​ថវិកា​ដល់​អង្គការ​សង្គម​ស៊ីវិល និង​ការគំរាមកំហែង​ពី​ជំងឺមិនឆ្លង​ផងដែរ​។

ប៉ុន្តែ​យើង​មានការ​ជឿជាក់ ក្នុងការ​ឈានទៅ​លុប បំបាត់​ជំងឺអេដស៍​នៅ​ឆ្នាំ​២០២៥ ដោយ​កម្ពុជា​មាននូវ​ឆន្ទៈ​នយោបាយ​ដ៏​មោះមុត និង​សមត្ថភាព​បច្ចេកទេស សេដ្ឋកិច្ច​បន្ត​នូវ​កំណើន​ដែលមាន​នូវ​លំហ​ថវិកា និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​គឺជា​ជើងឯក​ក្នុង​ការធ្វើ​ចលនា​ប្រភពធនធាន​»​។​


រូបភាពពីអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍
 
​រដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​ផ្តល់​សេវា​សុខាភិបាល​ជាស​កល តាមរយៈ​គម្រោង​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៦ ដើម្បី​ឲ្យ​មាន​ប្រព័ន្ធ​មួយ ដែលមាន​ប្រសិទ្ធភាព និរន្តរភាព និង​ជា​ឧបករណ៍​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ភាព​ងាយ​រងគ្រោះ និង​វិសមភាព​។ 
 
​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នៅ​កម្ពុជា​ជោគជ័យ គឺ​ទី​១ ការព្យាបាល និង​ថែទាំ​អ្នកជំងឺ​អេដស៍​ត្រូវបាន​ធ្វើ​វិមជ្ឈការ​, ទី​២ ជោគជ័យ​ក្នុង​ការផ្តល់​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ គឺ​បាន​ធ្វើឡើង​តាមរយៈ​វិធីសាស្ត្រ​ប្រាកដនិយម​, ទី​៣ តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន គឺ​ត្រូវបាន​ធ្វើឱ្យមាន​ចីរភាព និង​ធានា​សិទ្ធិ​ខាង​សុខភាព និង​សមធម៌ និង​ទី​៤ វិធីសាស្ត្រ​យក​មនុស្ស​ជា​ស្នូល​នៃ​បញ្ហា ត្រូវបាន​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​សុខាភិបាល​មួយ​ដែលមាន​ភាព​ទូលាយ (​មិន​ទុកចោល​នរណាម្នាក់​)​។ បច្ចុប្បន្ន​កម្ពុជា ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រទេសមួយ​ក្នុងចំណោម ប្រទេស​៧​នៅលើ​សកលលោក ដូចជា​ប្រទេស​បុ​ត​ស្វា​ណា ដា​ណឺ​ម៉ាក អ៊ី​ស្លង់ សិង្ហ​បុរី ស៊ុយ​អ៊ែត និង​អង់គ្លេស ដែល​បាន​ជោគជ័យ​ជាងគេ ក្នុងការ​ប្រយុទ្ធនឹងជំងឺអេដស៍​។ នេះ​បើតាម​លោក អៀង មូលី ប្រធាន​អាជ្ញាធរប្រយុទ្ធនឹង​ជំងឺអេដស៍​៕
 

Tag:
 អេដស៍​
  អៀង មូលី​
© រក្សាសិទ្ធិដោយ thmeythmey.com