អន្តរជាតិ
កូរ៉េខាងជើង រំឭក​ថ្ងៃកំណើត​កងទ័ព​ស្ងាត់ៗ ខណៈ​ជំនួប​ត្រាំ​-​គីម ខិតជិត​ដល់​
08, Feb 2019 , 10:39 pm        
រូបភាព
ព្យុយាត្រាអបអរថ្ងៃកំណើតកងទ័ពកូរ៉េកាលពីឆ្នាំ២០១៨
ព្យុយាត្រាអបអរថ្ងៃកំណើតកងទ័ពកូរ៉េកាលពីឆ្នាំ២០១៨
​កូរ៉េខាងជើង មិនបាន​រៀបចំ​ថ្ងៃកំណើត​កងទ័ព​របស់​ខ្លួន​លើក​ទី​៧១ នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឲ្យ​អធិកអធម​ដូច​បណ្ដា​ឆ្នាំមុនៗ​ឡើយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​បាន​លើកសរសើ​អតីត​មេដឹកនាំ គីម អ៊ី​ល​ស៊ុ​ង និង​រៀបរាប់​ពី​គុណសម្បត្តិ​របស់​កងទ័ព​ប្រជាជន​កូរ៉េ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។ ភាព​ស្ងៀមស្ងាត់​ក្នុង​ការអបអរ​ពិធីបុណ្យ​ដ៏​ធំ ទំនង​បណ្ដាលមកពី​ការគិតគូរ​របស់​ក្រុង​ព្យុងយ៉ាង​ដែល​មិន​ចង់​បង្កើត​បញ្ហា​មុន​ជំនួប​មេដឹកនាំ​លើក​ទី​ពីរ​នៅ​វៀតណាម​។​

 
​គ្មាន​ឡើយ​ព្យុហ​យា​ត្រាយោធា​ទ្រង់ទ្រាយ​ធំ ឬ​ការ​សម្ញែង​សព្វាវុធ​ក្នុង​ខួប​ទី​៧១ ថ្ងៃកំណើត​កងទ័ព​ប្រជាជន​កូរ៉េខាងជើង​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​។ «​ថ្ងៃ​បង្កើត​កងទ័ព​» ដែល​ចង់​សំដៅ​ដល់​ថ្ងៃ​បង្កើត​កងទ័ព​កាលពី​ឆ្នាំ​១៩៤៨ នោះ ជា​បុណ្យ​ធំ​មួយ​នៅ​កូរ៉េខាងជើង​ក្នុងចំណោម​បុណ្យ​ធំៗ​ជាច្រើន​ទៀត​។ កាលពី​២០១៧ កូរ៉េខាងជើង​បានរៀបចំ​ពិធី​អបអរ​ទ្រង់ទ្រាយ​ធំ និង​មានការ​បង្ហាញ​យុទ្ធោបករណ៍​ថ្មី​ស៊េរី​ទំនើប​បំផុត​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មន្ត្រី​ក្រុង​សេ​អ៊ូ​ល​និយាយថា គ្មាន​សញ្ញា​បង្ហាញ​ពី​រៀបចំ​ព្យុហយាត្រា ឬ​សកម្មភាព​ធំដុំ​អ្វី​ក្នុងឆ្នាំនេះ​ឡើយ​។ ឯ​មូលហេតុ​វិញ មន្ត្រី​កូរ៉េខាងត្បូង​កត់សម្គាល់​ថា កូរ៉េខាងជើង​រៀបចំ​កម្មវិធី​ទ្រង់ទ្រាយ​ធំ ឬ​បង្ហាញ​អានុភាព​យោធា​រៀងរាល់​៥​ឆ្នាំ​ម្ដង ឬ​១០​ឆ្នាំ​ម្ដង​ប៉ុណ្ណោះ​។ 
 
​ឆ្នាំនេះ​ទៀតសោត ការ​ប្រារព្ធ​ខួបកំណើត​របស់​កងទ័ព​កូរ៉េ ធ្វើឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​មុន​ជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​វៀតណាម​ចាប់ពី​ថ្ងៃទី​២៧ ដល់ទី​២៨ ខែកុម្ភៈ​ខាងមុខ​។ គម្រោង​នៃ​ជំនួប​នេះ​ក៏​អាចជា​មូលហេតុ​ដែល​ក្រុង​ព្យុងយ៉ាង​មិន​ចង់​រៀបចំ​ពិធី​អស្ចារ្យ​អ្វី ស្របពេល​ប្រេសិត​អាមេរិក Steven Biegun ក៏​កំពុង​ស្ថិតក្នុង​ទឹកដី​កូរ៉េខាងជើង​នៅឡើយ​ដែរ​។ 
 
​លោក Biegun ដែល​ទៅដល់​កូរ៉េខាងជើង​តាំងពី​ថ្ងៃទី​៦ ខែកុម្ភៈ រំពឹងថា ត្រឡប់​ទៅ​កូរ៉េខាងត្បូង​វិញ​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​នេះ​។ មិនទាន់​ព័ត៌មាន​លម្អិត​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង ជាទី​ដែល​លោក​ជួបចរចា​ជាមួយ​សម​ភាគី​កូរ៉េខាងជើង Kim Hyok-chol ឡើយ ប៉ុន្តែ​ប្រធានបទ​ដែល​លើកឡើង​គ្មានអ្វី​ក្រៅពី​ការរៀបចំ​ជំនួប​មេដឹកនាំ​នៅ​វៀតណាម និង​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ​ដែល​កំពុង​ជាប់គាំង​នោះឡើយ​។ 
 
​ទោះ​គ្មាន​កា​អបអរ​ហ៊ឹកហ៊ាក់​ក្ដី សារព័ត៌មាន​កូរ៉េខាងជើង​ក៏បាន​សរសេរ​លើ​ទំព័រមុខ​របស់ខ្លួន​អំពី​ថ្ងៃកំណើត​កងទ័ព​ដែរ និង​តួនាទី​របស់លោក គីម អ៊ី​ល​ស៊ុ​ង ។ កាសែត​កូរ៉េខាងជើង Rodong Sinmun សរសេរថា ការបង្កើត​កងទ័ព​បា​ន​ធានា​ដល់​ការអភិវឌ្ឍ​ដោយ​ឯករាជ្យ​របស់​កូរ៉េខាងជើង ហើយ​កងទ័ព​ពបាន​កម្ចាត់​សត្រូវ​ដោយ​ជោគជ័យ​ក្រោម​ការដឹកនាំ​របស់លោក គីម អ៊ី​ល​ស៊ុ​ង ៕

Tag:
 ​កូរ៉េខាងជើង​
  អាមេរិក​
  គីម ជុង​អ៊ុន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com