អន្តរជាតិ
ចំណុច​ពិសេស​ខ្លះៗ​បង្ហាញ​ពី​ភាព​ឆ្លាត​វ័យ​របស់​សត្វ​ដំរី​
09, Feb 2019 , 2:59 pm        
រូបភាព
​ដំរី​មាន​ប្រវត្តិ និង​រឿងរ៉ាវ​ជាមួយ​មនុស្ស​អស់​រយៈពេល​យ៉ាងយូរ​មកហើយ​។ សត្វ​មួយ​នេះ​មាន​វត្តមាន​នៅក្នុង​រឿងនិទាន នៅក្នុង​សាសនា គំនូរជីវចល ជញ្ជាំង​ប្រាសាទ និង​កន្លែង​ជាច្រើន​ទៀត​។ មាឌ​ដ៏​ធំ និង​កម្លាំង​ដ៏​មហិមា​របស់​វា​ត្រូវបាន​មនុស្ស​ប្រើប្រាស់​ក្នុងការ​ដឹកជញ្ជូន​រប​ស់របរ​ផ្សេងៗ ធ្វើ​សំណង់​បុរាណ និង​យកទៅ​ធ្វើសឹក​សង្គ្រាម​។

 
​អ្វីដែល​ធ្វើ​ឲ្យ​សត្វ​ដំរី​មាន​រូបរាង​ពិសេស​គឺ​ប្រមោយ​ដ៏​វែង និង​ត្រចៀក​ដ៏​ធំ​រប​ស់វា​។ យោងតាម​គេហទំព័រ mentalfloss.com សត្វ​ដំរី​គឺជា​ថនិកសត្វ​លើដី​ដែលមាន​ទំហំ​ខួរក្បាល​ធំជាងគេ​។ នេះ​ជា​ចំណុច​មួយចំនួន​ដែល​បង្ហាញ​ពី​ភាព​ឆ្លាត​វ័យ​របស់​សត្វ​ដំរី​៖
 
​ទី​១៖ វា​អាច​វែកញែក​ពី​ភាពខុសគ្នា​របស់​ភាសា​ម​នុស្ស​បាន​។ ដំរី​អាហ្វ្រិក​អាច​ដឹង​ពី​ភាសា​ខុសគ្នា និយាយ​ដោយ​ក្រុមមនុស្ស​ខុសគ្នា​។ គេ​សិក្សា​លើ​ចំណុច​មួយ​នេះ​ដោយ​ថត​យក​សំឡេង​ពី​ប្រជាជន​ពីរ​ក្រុម​ដែល​រស់នៅក្នុង​ទ្វីបអាហ្វ្រិក គឺ​ប្រជាជន Maasai និង​ប្រជាជន Kamba ។ Maasai ជា​ប្រជាជន​ដែលមាន​ប្រវត្តិ​សម្លាប់​ដំរី ប៉ុន្តែ​តែ​ប្រជាជន Kamba មិនមាន​ទម្លាប់​សម្លាប់​ដំរី​នោះទេ​។ នៅពេលដែល​គេ​ធ្វើតេស្ត​ចាក់​សំឡេង​និយាយ​របស់​ប្រជាជន Maasai ដំរី​បានបង្ហាញ​អារ​ម្ម​ណ័​ភ័យខ្លាច និង​រត់​ចេញពី​ប្រភព​សំឡេង​នោះ​។ តែ​នៅពេលដែល​គេ​ចាក់​សំឡេង ប្រជាជន Kamba ដំរី​មិនបាន​បង្ហាញ​អារម្មណ៍​ភ័យខ្លាច​អ្វី​នោះទេ​។ 
 
​ទី​២៖ ដំរី​អាច​ប្រើប្រាស់​ឧបករណ៍​មួយចំនួន​បាន​។ កាលពី​ឆ្នាំ​២០១០ ដំរី​អាស៊ី មាន​អាយុ​៧ ឈ្មោះថា Kandula បានធ្វើ​ឲ្យ​អ្នកស្រាវជ្រាវ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ គេ​បានដាក់​ចំណី​នៅលើ​ដើមឈើ​ខ្ពស់ ដោយ​ដំរី​មិនអាច​ឡើងដល់​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក Kandula បា​នរក​នឹក​ប្រើប្រាស់​ប្រអប់​ជ័រ​ធំ​មួយ​ដែល​វា​អាច​ឡើង​ជាន់​យក​ចំណី​លើ​ដើមឈើ​នោះបាន​ដោយ​ជោគជ័យ​។ 
 
​ទី​៣៖ ដំរី​បង្ហាញ​ពី​អារម្មណ៍​ស្រឡាញ់​កក់ក្តៅ​របស់​វា​។ ដំរី​អាស៊ី​ផ្តល់​សេចក្តី​ថ្នាក់ថ្នម​របស់​វា នៅពេលដែល​ដំរី​ដទៃ​មាន​បញ្ហា​អារម្មណ៍​។ វា​ប្រើប្រាស់​ប្រមោយ​ស្ទាបអង្អែល និង​បញ្ចេញ​សំឡេង​តិចៗ ក្នុងន័យ​បង្ហាញ​ពី​សេចក្តីស្រឡាញ់​។ 
 
​ទី​៤៖ វា​ចេះ​គោរព​ដំរី​គ្នា​វា​ដែល​ស្លាប់ទៅ​។ ដំរី​មួយចំនួន​ត្រូវបាន​គេ​ឃើញ​ឈរ​ជិត​ដំរី​ក្នុង​គ្រួសារ​ដែល​បាន​ស្លាប់​។ ពេលខ្លះ វា​ប្រើប្រាស់​ប្រមោយ​របស់​ទៅ​ស្ទាប​ដំរី​ដែល​ស្លាប់​។ វា​ធ្វើ​ដូចនេះ​ជាច្រើន​ម៉ោង​។ នេះ​បង្ហាញថា ដំរី​ជាស​ត្វ​ដែល​ចេះ​មាន​អារម្មណ៍​ខ្លោចផ្សា នឹករលឹក និង​សោកស្តាយ​ដូច​មនុស្ស​ដែរ​។ 
 
​ទី​៥៖ សត្វ​ដំរី​មានការ​ចងចាំ​ល្អ​ណាស់​។ ក្នុង​ទ្វីបអាហ្វ្រិក នៅពេល​រដូវ​ផ្លាស់​ទី​មកដល់ ដំរី​អាច​ចងចាំ​ផ្លូវ​ដែល​វា​ធ្លាប់​ធ្វើដំណើរ​ជាច្រើន​គីឡូម៉ែត្រ​។ ដំរី​ខ្លះទៀត​អាច​នៅ​ចងចាំ​គ្នា​បាន ទោះបី​បែក​ពីគ្នា​យ៉ាងយូរ​ក៏ដោយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com