អន្តរជាតិ
ចំណុចពិសេសខ្លះៗបង្ហាញពីភាពឆ្លាតវ័យរបស់សត្វដំរី
× ដំរីមានប្រវត្តិ និងរឿងរ៉ាវជាមួយមនុស្សអស់រយៈពេលយ៉ាងយូរមកហើយ។ សត្វមួយនេះមានវត្តមាននៅក្នុងរឿងនិទាន នៅក្នុងសាសនា គំនូរជីវចល ជញ្ជាំងប្រាសាទ និងកន្លែងជាច្រើនទៀត។ មាឌដ៏ធំ និងកម្លាំងដ៏មហិមារបស់វាត្រូវបានមនុស្សប្រើប្រាស់ក្នុងការដឹកជញ្ជូនរបស់របរផ្សេងៗ ធ្វើសំណង់បុរាណ និងយកទៅធ្វើសឹកសង្គ្រាម។
អ្វីដែលធ្វើឲ្យសត្វដំរីមានរូបរាងពិសេសគឺប្រមោយដ៏វែង និងត្រចៀកដ៏ធំរបស់វា។ យោងតាមគេហទំព័រ mentalfloss.com សត្វដំរីគឺជាថនិកសត្វលើដីដែលមានទំហំខួរក្បាលធំជាងគេ។ នេះជាចំណុចមួយចំនួនដែលបង្ហាញពីភាពឆ្លាតវ័យរបស់សត្វដំរី៖
ទី១៖ វាអាចវែកញែកពីភាពខុសគ្នារបស់ភាសាមនុស្សបាន។ ដំរីអាហ្វ្រិកអាចដឹងពីភាសាខុសគ្នា និយាយដោយក្រុមមនុស្សខុសគ្នា។ គេសិក្សាលើចំណុចមួយនេះដោយថតយកសំឡេងពីប្រជាជនពីរក្រុមដែលរស់នៅក្នុងទ្វីបអាហ្វ្រិក គឺប្រជាជន Maasai និងប្រជាជន Kamba ។ Maasai ជាប្រជាជនដែលមានប្រវត្តិសម្លាប់ដំរី ប៉ុន្តែតែប្រជាជន Kamba មិនមានទម្លាប់សម្លាប់ដំរីនោះទេ។ នៅពេលដែលគេធ្វើតេស្តចាក់សំឡេងនិយាយរបស់ប្រជាជន Maasai ដំរីបានបង្ហាញអារម្មណ័ភ័យខ្លាច និងរត់ចេញពីប្រភពសំឡេងនោះ។ តែនៅពេលដែលគេចាក់សំឡេង ប្រជាជន Kamba ដំរីមិនបានបង្ហាញអារម្មណ៍ភ័យខ្លាចអ្វីនោះទេ។
ទី២៖ ដំរីអាចប្រើប្រាស់ឧបករណ៍មួយចំនួនបាន។ កាលពីឆ្នាំ២០១០ ដំរីអាស៊ី មានអាយុ៧ ឈ្មោះថា Kandula បានធ្វើឲ្យអ្នកស្រាវជ្រាវភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គេបានដាក់ចំណីនៅលើដើមឈើខ្ពស់ ដោយដំរីមិនអាចឡើងដល់។ ប៉ុន្មានថ្ងៃក្រោយមក Kandula បានរកនឹកប្រើប្រាស់ប្រអប់ជ័រធំមួយដែលវាអាចឡើងជាន់យកចំណីលើដើមឈើនោះបានដោយជោគជ័យ។
ទី៣៖ ដំរីបង្ហាញពីអារម្មណ៍ស្រឡាញ់កក់ក្តៅរបស់វា។ ដំរីអាស៊ីផ្តល់សេចក្តីថ្នាក់ថ្នមរបស់វា នៅពេលដែលដំរីដទៃមានបញ្ហាអារម្មណ៍។ វាប្រើប្រាស់ប្រមោយស្ទាបអង្អែល និងបញ្ចេញសំឡេងតិចៗ ក្នុងន័យបង្ហាញពីសេចក្តីស្រឡាញ់។
ទី៤៖ វាចេះគោរពដំរីគ្នាវាដែលស្លាប់ទៅ។ ដំរីមួយចំនួនត្រូវបានគេឃើញឈរជិតដំរីក្នុងគ្រួសារដែលបានស្លាប់។ ពេលខ្លះ វាប្រើប្រាស់ប្រមោយរបស់ទៅស្ទាបដំរីដែលស្លាប់។ វាធ្វើដូចនេះជាច្រើនម៉ោង។ នេះបង្ហាញថា ដំរីជាសត្វដែលចេះមានអារម្មណ៍ខ្លោចផ្សា នឹករលឹក និងសោកស្តាយដូចមនុស្សដែរ។
ទី៥៖ សត្វដំរីមានការចងចាំល្អណាស់។ ក្នុងទ្វីបអាហ្វ្រិក នៅពេលរដូវផ្លាស់ទីមកដល់ ដំរីអាចចងចាំផ្លូវដែលវាធ្លាប់ធ្វើដំណើរជាច្រើនគីឡូម៉ែត្រ។ ដំរីខ្លះទៀតអាចនៅចងចាំគ្នាបាន ទោះបីបែកពីគ្នាយ៉ាងយូរក៏ដោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com