អន្តរជាតិ
សាំងធម្មតា សាំងស៊ុបពែរ និងម៉ាស៊ូតខុសគ្នាត្រង់ណា?
× នៅពេលដែលអ្នកចាក់សាំងម៉ូតូ ឡានម្តងៗ អ្នកអាចមានជម្រើសចំនួនបីក្នុងនោះមានសាំងធម្មតា សាំងស៊ុបពែរ និង ម៉ាស៊ូត។ ឥន្ធនៈទាំងនេះមានលក្ខណៈពិសេសរៀងៗខ្លួន ហើយគេប្រើប្រាស់វាក្នុងប្រភេទម៉ាស៊ីនខុសៗគ្នា។ ចុះតើអ្វីទៅជាលក្ខណៈខុសគ្នារបស់វា?
យោងតាមគេហទំព័រ carfax.com នេះគឺជាការបកស្រាយខ្លីៗអំពីប្រភេទនីមួយៗ៖
សាំងធម្មតា (Regular)៖ អ្វីដែលខុសគ្នាចម្បងគឺកម្រិតភាគរយ«អុកតាន ឬ Octane» ដែលគេបញ្ចូលទៅក្នុងសាំង។ ភាគច្រើនសាំងធម្មតាមានកម្រិតភាគរយអុកតានតិចជាងសាំងស៊ុបពែរ។ ជាមធ្យម សាំងធម្មតាមានកម្រិតអុកតាន ៨៧%។ អ្នកអាចសួរបន្តទៀតថា តើអុកតានជាអ្វី? អុកតានគឺជាឥន្ធនៈផូស៊ីល ដែលអាចទ្រទ្រង់ចំហេះ។ វាជាទម្រង់ម៉ូលេគុលមួយប្រភេទដែលមានអាតូមកាបូន៨ និងអាតូមអ៊ីត្រូសែន១៨ (C8H18) ។
សាំងស៊ុបពែរ (Premium)៖ វាល្អជាងសាំងធម្មតាបន្តិច ពីព្រោះវាមានកម្រិតអុកតានច្រើនជាងរហូតទៅដល់៩១%។ ពេលណាដែលកម្រិតអុកតានកើនច្រើន ចំហេះក្នុងស៊ីឡាំងម៉ាស៊ីនដំណើរការទៅត្រឹមត្រូវទាន់ពេលវេលា។ មានន័យថា សាំងស៊ុបពែរនឹងបង្កើនចំហេះ ស្របពេលជាមួយដែលប៊ិចម៉ាស៊ីន (Spark) បញ្ចេញផ្កាភ្លើង។ នេះគឺដោយសារ សាំងដែលមានកម្រិតអុកតានច្រើនមិនងាយចាប់យកចំហេះភ្លាមៗនោះទេ។ ដោយឡែក សាំងធម្មតា ដែលមានកម្រិតអុកតានតិចជាង អាចចាប់យកចំហេះមុនពេលដែលប៊ិចបញ្ចេញផ្កាភ្លើង។ បន្ទុះក្នុងពេលផ្សេងគ្នានេះ ពេលខ្លះអាចធ្វើឲ្យម៉ាស៊ីនដំណើរការទៅមិនសូវបានល្អ ឬគេហៅថា «Engine Knocking»។
ម៉ាស៊ូត (Diesel)៖ តាមពិតទៅពាក្យម៉ាស៊ូតគឺជាពាក្យរុស្សី Mazut ។ គេចាត់ទុកវាជាឥន្ធនៈផូស៊ីលដូចគ្នា។ អ្វីដែលប្លែកគឺវាខាប់ជាងសាំងធម្មតា និងសាំងស៊ុបពែរ។ គេប្រើម៉ាស៊ូតក្នុងម៉ាស៊ីនដែលមិនប្រើប្រាស់ប៊ិចក្នុងការចាប់ផ្តើមចំហេះ។ នេះគឺដោយសារ ម៉ាស៊ូតអាចចាប់យកចំហេះដោយខ្លួនឯងវានៅពេលដែលវារងសម្ពាធគ្រប់គ្រាន់។ វាបញ្ចេញផ្សែងពុលតិច ហើយជួយសន្សំសំចៃសាំង។
សរុបមក ក្នុងករណីទូទៅ សាំងខុសគ្នាគឺដោយសារតែម៉ាស៊ីនប្រើប្រាស់ប្រភេទចំហេះខុសគ្នា។ មិនមែនបានន័យថា បើអ្នកចាក់សាំងធម្មតា នោះម៉ាស៊ីនអ្នកនឹងឆាប់ខូចនោះទេ។ សាំងស៊ុបពែរមានភាពប្រសើរជាង តែតម្លៃក៏ថ្លៃជាងបន្តិចដែរ។ ជារួម អ្នកគួរជ្រើសរើសសាំងដែលជាតម្រូវការចាំបាច់របស់ម៉ាស៊ីន និងសាំងដែលក្រុមហ៊ុនយានយន្តរបស់អ្នកណែនាំឲ្យចាក់៕
Tag:
សាំង
ម៉ាស៊ូត
ប្រេងឥន្ធនៈ
© រក្សាសិទ្ធិដោយ thmeythmey.com