អន្តរជាតិ
សាំង​ធម្មតា សាំង​ស៊ុប​ពែរ និង​ម៉ា​ស៊ូ​ត​ខុសគ្នា​ត្រង់ណា​?
09, Feb 2019 , 4:09 pm        
រូបភាព
​នៅពេលដែល​អ្នក​ចាក់​សាំង​ម៉ូតូ ឡាន​ម្តងៗ អ្នក​អាចមាន​ជម្រើស​ចំនួន​បី​ក្នុងនោះ​មាន​សាំង​ធម្មតា សាំង​ស៊ុប​ពែរ និង ម៉ា​ស៊ូ​ត​។ ឥន្ធនៈ​ទាំងនេះ​មាន​លក្ខណៈពិសេស​រៀងៗ​ខ្លួន ហើយ​គេ​ប្រើប្រាស់​វា​ក្នុង​ប្រភេទ​ម៉ាស៊ីន​ខុសៗ​គ្នា​។ ចុះ​តើ​អ្វី​ទៅជា​លក្ខណៈ​ខុសគ្នា​របស់​វា​?

 
​យោងតាម​គេហទំព័រ carfax.com នេះ​គឺជា​ការបកស្រាយ​ខ្លីៗ​អំពី​ប្រភេទ​នីមួយៗ​៖
 
​សាំង​ធម្មតា (Regular)៖ អ្វីដែល​ខុសគ្នា​ចម្បង​គឺ​កម្រិត​ភាគរយ​«​អុក​តាន ឬ Octane» ដែល​គេ​បញ្ចូល​ទៅក្នុង​សាំង​។ ភាគច្រើន​សាំង​ធម្មតា​មាន​កម្រិត​ភាគរយ​អុក​តាន​តិចជាង​សាំង​ស៊ុប​ពែរ​។ ជា​មធ្យម សាំង​ធម្មតា​មាន​កម្រិត​អុក​តាន ៨៧%​។ អ្នក​អាច​សួរ​បន្តទៀតថា តើ​អុក​តាន​ជា​អ្វី​? អុក​តាន​គឺជា​ឥន្ធនៈផូស៊ីល ដែល​អាច​ទ្រទ្រង់​ចំហេះ​។ វា​ជា​ទម្រង់​ម៉ូលេគុល​មួយ​ប្រភេទ​ដែលមាន​អាតូម​កាបូន​៨ និង​អាតូម​អ៊ី​ត្រូ​សែន​១៨ (C8H18) ។​

​សាំង​ស៊ុប​ពែរ (Premium)៖ វា​ល្អ​ជាង​សាំង​ធម្មតា​បន្តិច ពីព្រោះ​វា​មាន​កម្រិត​អុក​តាន​ច្រើនជាង​រហូត​ទៅដល់​៩១%​។ ពេលណា​ដែល​កម្រិត​អុក​តាន​កើន​ច្រើន ចំហេះ​ក្នុង​ស៊ីឡាំង​ម៉ាស៊ីន​ដំណើរការ​ទៅ​ត្រឹមត្រូវ​ទាន់ពេលវេលា​។ មានន័យថា សាំង​ស៊ុប​ពែរ​នឹង​បង្កើន​ចំហេះ ស្របពេល​ជាមួយ​ដែល​ប៊ិច​ម៉ាស៊ីន (Spark) បញ្ចេញ​ផ្កាភ្លើង​។ នេះ​គឺ​ដោយសារ សាំង​ដែលមាន​កម្រិត​អុក​តាន​ច្រើន​មិន​ងាយ​ចាប់យក​ចំហេះ​ភ្លាមៗ​នោះទេ​។ ដោយឡែក សាំង​ធម្មតា ដែលមាន​កម្រិត​អុក​តាន​តិចជាង អាច​ចាប់យក​ចំហេះ​មុនពេល​ដែល​ប៊ិច​បញ្ចេញ​ផ្កាភ្លើង​។ ប​ន្ទុះ​ក្នុងពេល​ផ្សេងគ្នា​នេះ ពេលខ្លះ​អាចធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​ទៅ​មិនសូវ​បានល្អ ឬ​គេ​ហៅថា «Engine Knocking»​។​
 
​ម៉ា​ស៊ូ​ត (Diesel)៖ តាមពិតទៅ​ពាក្យ​ម៉ា​ស៊ូ​ត​គឺជា​ពាក្យ​រុស្សី Mazut ។ គេ​ចាត់ទុក​វា​ជា​ឥន្ធនៈផូស៊ីល​ដូចគ្នា​។ អ្វីដែល​ប្លែក​គឺ​វា​ខាប់​ជាង​សាំង​ធម្មតា និង​សាំង​ស៊ុប​ពែរ​។ គេ​ប្រើ​ម៉ា​ស៊ូ​ត​ក្នុង​ម៉ាស៊ីន​ដែល​មិន​ប្រើប្រាស់​ប៊ិច​ក្នុងការ​ចាប់ផ្តើម​ចំហេះ​។ នេះ​គឺ​ដោយសារ ម៉ា​ស៊ូ​ត​អាច​ចាប់យក​ចំហេះ​ដោយ​ខ្លួនឯង​វា​នៅពេលដែល​វា​រង​សម្ពាធ​គ្រប់គ្រាន់​។ វា​បញ្ចេញ​ផ្សែង​ពុល​តិច ហើយ​ជួយ​សន្សំសំចៃ​សាំង​។ 
 
​សរុបមក ក្នុងករណី​ទូទៅ សាំង​ខុសគ្នា​គឺ​ដោយសារតែ​ម៉ាស៊ីន​ប្រើប្រាស់​ប្រភេទ​ចំហេះ​ខុសគ្នា​។ មិនមែន​បានន័យថា បើ​អ្នក​ចាក់​សាំង​ធម្មតា នោះ​ម៉ាស៊ីន​អ្នកនឹង​ឆាប់​ខូច​នោះទេ​។ សាំង​ស៊ុប​ពែរ​មាន​ភាពប្រសើរ​ជាង តែ​តម្លៃ​ក៏​ថ្លៃ​ជាង​បន្តិច​ដែរ​។ ជារួម អ្នក​គួរ​ជ្រើសរើស​សាំង​ដែលជា​តម្រូវ​ការចាំបាច់​របស់​ម៉ាស៊ីន និង​សាំង​ដែល​ក្រុមហ៊ុន​យានយន្ត​របស់​អ្នក​ណែនាំ​ឲ្យ​ចាក់​៕  

Tag:
 សាំង​
  ម៉ា​ស៊ូ​ត​
 ​ប្រេងឥន្ធនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com