ជាតិ
ពិធី​ឡើងអ្នកតា​របស់​អ្នកភូមិ​ក្រសាំង​រលើង​នៅ​ប្រាសាទ​វត្ត​អធ្វា​
09, Feb 2019 , 4:59 pm        
រូបភាព
​សៀមរាប​៖ នៅ​ថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០១៩ គឺ​ត្រូវ​នឹង​ថ្ងៃ​៣ កើត ខែមាឃ អ្នកភូមិ​នៅ​តំបន់​អង្គរ តែង​ប្រារព្ធ​ពិធី​ប្រពៃណី​ពី​ដូនតា​របស់​ពួកគេ នោះ​គឺ​ពី​ធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​។ ពិធី​នេះ​ធ្វើឡើង​នៅតាម​ទីសក្ការៈ​បូជា តាម​ប្រាសាទ និង​តាម​រោង​អ្នកតា​ដែលជា​ម្ចាស់​ភូមិ​-​ស្រុក​ជាដើម​។​

 
​អ្នកភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប បាន​ជួបជុំគ្នា​នៅ​ទីតាំង​៣​ផ្សេងគ្នា ដើម្បី​រៀបចំ​ពិធី​ឡើងអ្នកតា ក្នុងនោះ​មាននៅ​ប្រាសាទ​វត្ត​អធ្វា ទួល​តា​មឿង និង​ទួល​យាយ ប៉ុក​។ នៅ​ប្រាសាទ​វត្ត​អធ្វា ចាស់ទុំ​ប្រមាណ ២០​នាក់ បាន​ចូលរួម​ក្នុង​ពិធី​តាម​ទំនៀម​នេះ ដោយមាន​នាំមក​ដូចជា​ម្ហូបអាហារ គ្រឿង​រណ្ដាប់ គ្រឿង​សំណែន និង​ភ្លេង​ជាដើម​។ 


 
​លោកយាយ ប៉ិ មួន អាយុ​៦៨​ឆ្នាំ ដែល​កំពុង​ប្រារព្ធ​ពិធី​ឡើងអ្នកតា​នៅ​ប្រាសាទ​វត្ត​អា​ធ្វា បាន​លើកឡើងថា រាល់ថ្ងៃ​៣​កើត ខែមាឃ អ្នកភូមិ​មិនដែល​រំលង​ក្នុង​ការរៀបចំ​ពិធី​នេះឡើយ​។



លោកយាយ​ថា ពិធី​នេះ​ធ្វើឡើង​ដើម្បី​សុំឱ្យ​លោកតា​ម្ចាស់​ស្រុក​ជួយ​ថែរក្សា​អ្នកភូមិ ឱ្យទៅ​កន្លែង​បានតែ​សេចក្ដីសុខ រកស៊ី​មានបាន​ទាំងអស់គ្នា និង​ចាក​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​។ លោកយាយ ប៉ិ មួន បន្តថា​៖« លោកតា​នៅទីនេះ​មាន​បារមី​ណាស់ ខ្ញុំ​ធ្លាប់​បានឃើញ​ទំនៀម​នេះ​ធ្វើ​តាំងពី​យាយ​តា និង​ឪពុកម្តាយ​របស់ខ្ញុំ​មក លោកតា​នៅទីនេះ សុំ​អី​បាន​ហ្នឹង ស័​ក្ដ​សិទ្ធិ​»​។​


 
​ស្ត្រី​ចំណាស់​ដដែល​បញ្ជាក់​បន្ត​ថា ក្នុង​មួយឆ្នាំ គេ​ធ្វើ​ពិធី​ឡើង​តា​ចំនួន​២​លើក​។ លើក​ទី​១ ធ្វើ​នៅ​ថ្ងៃ​៣​កើត ខែមាឃ​ធំ គេ​ហៅថា​បញ្ជូន​អ្នកតា​ទៅ​ទ​ន្ល នា​ខែ​ទឹក​ស្រក និង​លើក​ទី​២ គេ​តែង​ធ្វើ​នៅ​ថ្ងៃ​៣​កើត ខែ​ពិសាខ គេ​ហៅថា​បញ្ជូន​អ្នកតា​ឡើង​ភ្នំ​។ ក្នុង​ពិធី​នេះ គឺមាន​ការលេង​ភ្លេង ការបញ្ចូល​រូប ដើម្បីឱ្យ​អ្នកតា​រាំរែក​សប្បាយ និង​ពិសា​នំចំណី​ដែល​ផ្សេងៗ​។ សកម្មភាព​បញ្ចូល​រូប គឺ​អាស្រ័យ​រូប​ដែល​សណ្ឋិត ដែលមាន​ចរិត​ឬ​ក​ពារ​ដូចជា កូនក្មេង ចូលចិត្ត​លេង រាំ​សប្បាយ និង​ម៉ឺងម៉ាត់​ជាដើម​។​ល​៕












 

Tag:
 អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com