ជាតិ
មន្ត្រី​ក្រសួងបរិស្ថាន​៦​រូប នឹង​ទៅ​ជប៉ុន​សិក្សា​ពី​គោលនយោបាយ​បរិស្ថាន និង​ដំណើរការ​បន្សុទ្ធកម្ម​ខ្យល់​កខ្វក់​
09, Feb 2019 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ មន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា​ចំនួន​៦​រូប និង​មន្ត្រី​នៃ​បណ្ដា​ប្រទេស​មេគង្គ​(​ឡាវ​,​ភូមា​,​ថៃ និង​វៀតណាម​) នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ស្វែងយល់​ពី​គោលនយោបាយ​បរិស្ថាន និង​សិក្សា​ពី​ដំណើរ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​បន្សុទ្ធកម្ម​ខ្យល់​កខ្វក់​។ ទស្សនកិច្ច​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៩ ខែកុម្ភៈ​នេះ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

 
​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៦​រូប មកពី​ក្រសួងបរិស្ថាន និង​មន្ត្រី​នៃ​បណ្តា​ប្រទេស​មេគង្គ​(​ប្រទេស​ឡាវ ភូមា ថៃ និង​វៀតណាម​) ត្រូវបាន​អញ្ជើញ​ទៅកាន់​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​១១-១៩ ខែកុម្ភៈ ក្រោម​កម្មវិធី​បណ្តាញ​ផ្លាស់ប្តូរ​សិស្ស និស្សិត (JENESYS 2018)​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រតិភូ​ទាំងអស់ នឹង​ទស្សនកិច្ច​នៅ​ក្រសួងបរិស្ថាន​ជប៉ុន ដើម្បី​ស្វែងយល់​ពី​គោលនយោបាយ​បរិស្ថាន​របស់​ជប៉ុន និង​ទៅ​ទស្សនា​ទីក្រុង​យុក​កៃ​ឈី នៃ​ខេត្ត​មិ​អិ ជា​កន្លែង​ដែល​ពលរដ្ឋ​ទទួល​ការរង​គ្រោះ​ដោយ​ការបំពុល​ខ្យល់អាកាស​ពី​អតីតកាល ដើម្បី​សិក្សា​ពី​ដំណើរ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​បន្សុទ្ធកម្ម​ខ្យល់​កខ្វក់​។​
 
​ក្រោយពី​ទស្សនា​នៅ​ក្រសួងបរិស្ថាន​ជប៉ុន ប្រតិភូ នឹង​ទៅ​ទស្សនកិច្ច​នៅ​កន្លែង​ដទៃទៀត ដែល​ពាក់ព័ន្ធ​ទៅនឹង​បរិស្ថាន និង​បច្ចេកវិទ្យា រួមទាំង​ទទួលយក​បទពិសោធន៍​ពី​វប្បធម៌​ជប៉ុន​ផងដែរ​។  ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា សង្ឃឹមថា​អ្នកចូលរួម​នឹង​អាច​យល់ដឹង​អំពី​ប្រទេស​ជប៉ុន​កាន់តែ​ស៊ីជម្រៅ​ថែមទៀត និង​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​ទៅកាន់​ប្រជាជន​កម្ពុជា បន្ទាប់ពី​វិល​ត្រលប់​មកវិញ​។​
 
​សូមបញ្ជាក់ថា កម្មវិធី JENESYS មាន​គោលបំណង​ជំរុញ​ការយល់ដឹង និង​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក ក្នុងចំណោម​ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ចូលរួម ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​នាពេល​អនាគត​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​៕ 

Tag:
 បរិស្ថាន​
 ​ជប៉ុន​
 JENESYS
© រក្សាសិទ្ធិដោយ thmeythmey.com