កីឡាជាតិ
ជាតិ
ក្មេងៗ​២០០​នាក់ ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​លេង​បាល់ទាត់ ពី​ក្រុម Muangtong
10, Feb 2019 , 7:59 am        
រូបភាព
ដោយ:
​ក្មេងៗ​ចំនួន​២០០​នាក់​មកពី​តាម​សាលារៀន​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ទទួលបាន​ការបណ្តុះបណ្តាល​ពី​បច្ចេកទេស​លេង​បាល់ទាត់​ពី​កីឡាករ និង​គ្រូបង្វឹក​របស់​ក្លិប​បាល់ទាត់ SCG Muangthong United នៃ​ក្របខណ្ឌ​លី​គ​កំពូល​ថៃ​។ កម្មវិធី Football Clinic នេះ រៀបចំឡើង​ដើម្បី​លើកទឹកចិត្ត​និង​ជំរុញ​ឲ្យ​ក្មេងៗ​ចូលរួម​លេង​កីឡាបាល់ទាត់​ឲ្យ​កាន់តែច្រើន ដើម្បី​សម្រេច​ក្តី​បំណង​របស់​ពួកគេ​ដែល​ចង់​ក្លាយជា​តារាបាល់ទាត់​នៅ​ថ្ងៃ​អនាគត​។

 
​ក្រោម​កិច្ចសហការ​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជាមួយ​កម្មវិធី​«SCG Muangthong United ASEAN Tour 2019»​បានរៀបចំ​កម្មវិធី Football Clinic ដើម្បី​ផ្តល់ និង​លើកទឹកចិត្ត​ដល់​ក្មេងៗ​ក្នុងការ​សម្រេច​ក្តី​ស្រមៃ ដែល​ចង់​ក្លាយជា​តារាបាល់ទាត់​អាជីព​នា​ថ្ងៃ​អនាគត​។ អ្នករៀបចំ​រំពឹងថា កម្មវិធី​នេះ នឹងចូលរួម​ចំណែក​ជួយ​ជំរុញ​ទឹកចិត្ត​ក្មេងៗ​ឲ្យ​ចូលរួម​លេង​កីឡា​កាន់តែច្រើន ពិសេស​ផ្តល់​ជំនាញ​ក្នុង​ការលេង​បាល់ទាត់​យុវជន​កម្ពុជា​។​


 
​សម្រាប់​កម្មវិធី​«Kick and Shear» កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្មេងៗ​ចំនួន​២០០​នាក់​មកពី​តាម​សាលា​នានា​ក្នុង​រាជធានី​ភ្នំពេញ​ទទួលបាន​ការបណ្តុះបណ្តាល​ពី​ជំនាញ​និង​បច្ចេកទេស​លេង​បាល់ទាត់​ពី​ក្រុម​កីឡាករ​បាល់ទាត់ និង​គ្រូបង្វឹក​នៃ​ក្លិប SCG Muangthong United​។ 
 
«​យើង​មានជំនឿថា កីឡា​និង​ការកម្សាន្ត​ជា​ផ្នែក​ដ៏​មានតម្លៃ​ក្នុង​ជីវិត​យើង​។ ដូច្នេះហើយ​ទើប​យើង​ផ្តួចផ្តើម​នូវ​គម្រោង​ជាច្រើន​រាប់បញ្ចូល​ទាំង​គម្រោង​«Kick and Shear»​ដើម្បី​នាំមក​នូវ​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​ប្រជាជន​ដែល​រស់នៅក្នុង​ប្រទេស​ដែល​យើង​ធ្វើ​ប្រតិបត្តិការ​។ យើង​សង្ឃឹមថា កម្មវិធី​នេះ​នឹង​ជួយ​ជំរុញ​ទឹកចិត្ត​ដល់​កុមារ​ឲ្យ​ចូលរួម​លេង​កីឡាបាល់ទាត់​កាន់តែច្រើន និង​ក្លាយជា​តារាបាល់ទាត់​រប​ស់​កម្ពុជា​នាពេល​អនាគត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ពង់​ថា​ណា ដេ​វី​តា​យ៉ា​ផន នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​អេស​ស៊ីជី​។ 
 
​វគ្គ​ហ្វឹកហាត់​ដែលមាន​រយៈពេល​ជិត​ពីរ​ម៉ោង​នេះ កីឡាករ​និង​គ្រូបង្វឹក​ខាងលើ​បាន​ចែករំលែក​ពី​ការហ្វឹកហាត់​សម្រួល​សាច់ដុំ​មុន​និង​ក្រោយ​ការប្រកួត និង​បច្ចេកទេស​លេង​បាល់ទាត់​ជាដើម​។ បន្ថែម​លើ​នេះ ក្មេងៗ​ទាំងនោះ​ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​អនុវត្ត​ផ្ទា​ល់ពី​បច្ចេកទេស​ទាត់​បាល់ និង​ចាប់​បាល់​នៅលើ​ទីលាន​ទៀង​ផង​។ ក្រៅពី​ការហ្វឹកហាត់ ក្មេងៗ ក៏​ទទួលបាន​សម្ភារ ដែល​បម្រើ​ឲ្យ​ការហ្វឹកហាត់​បាល់ទាត់​ពី​កម្មវិធី​នេះ​ផងដែរ​៕     

Tag:
 ​បាល់ទាត់​
  SCG Muangthong United
© រក្សាសិទ្ធិដោយ thmeythmey.com