ជាតិ
ដាំ​បន្លែ​លើ​ធ្នើរ មិនចាំបាច់​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព
09, Feb 2019 , 8:29 pm        
រូបភាព
 ​អ្នកស្រី ទិន ម៉ា​រ៉ា ម្ចាស់​សួន​បន្លែ​នៅលើ​ធ្នើរ​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
​អ្នកស្រី ទិន ម៉ា​រ៉ា ម្ចាស់​សួន​បន្លែ​នៅលើ​ធ្នើរ​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
ដោយ:
​ស្ទឹងត្រែង​៖ តាម​បណ្តោយ​ផ្លូវ ស្រប​នឹង​ទន្លេសេសាន ឆ្ពោះទៅ​រមណីយដ្ឋាន​ទឹកថ្លា បុប្ផា​ភ្លុក ស្ថិតនៅក្នុង​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង គេ​សង្កេតឃើញ​មាន​សួន​បន្លែ​លើ​ធ្នើរ​យ៉ាងច្រើន នៅមុខ​ផ្ទះ​អ្នកស្រុក​។ អ្នកភូមិ​បាន​ដាំ​បន្លែ​ជាច្រើន​ប្រភេទ ដូចជា ស្ពៃជើងទា ខ្ទឹម សណ្តែកកួរ ត្រប់វែង ប៉េងប៉ោះ និង​សាឡា​ត់​។​ល​។ អ្នកភូមិ​ខ្លះ ដាំ​សម្រាប់ធ្វើ​អាជីវកម្ម អ្នកភូមិ​ខ្លះ​ដាំ​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការហូបចុក​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ​។

 
​អ្នកស្រី ទិន ម៉ា​រ៉ា អាយុ ៣៦​ឆ្នាំ រស់ក្នុង​ភូមិ សាម​ឃួ​យ ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ជា​អ្នក​ដាំ​បន្លែ​លើ​ឆ្នើ​រ​ម្នាក់​នៅក្នុង​ភូមិ​។ ក្រៅពី​របរ​ធ្វើស្រែ ម៉ា​រ៉ា ក៏​ចាប់យក​របរ​ដាំ​បន្លែ​បន្ថែម​មួយ​មុខ​ទៀត ដាំ​បន្លែ​លើ​ធ្នើរ ដែល​ទទួលផល​បាន​ច្រើនជាង​ធ្វើស្រែ​។ អ្នកស្រី ទិន ម៉ា​រ៉ា ដែល​ប្រក​បរបរ​ដាំ​បន្លែ​លើ​ធ្នើរ​អ៊ីចឹង​១០​ឆ្នាំ​ហើយ​នោះ​បន្តថា ការដាំ​បន្លែ​លើ​ធ្នើរ ស្រួល​ជាង​ដាំ​ផ្ទាល់​ដី ព្រោះ​វា​អាច​គេច​ផុតពី​ពពួកសត្វ​ល្អិត​ផ្សេងៗ​បាន​ច្រើន រួមទាំង​សត្វ​ជន្លេន​ផងដែរ​។ «​ខ្ញុំ​មិនចាំបាច់​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​នាំ​ឲ្យ​ខូចសុខភាព​អ្នក​បរិភោគ​ឡើយ​។ ចំណែកឯ​ការថែទាំ​ក៏​ងាយស្រួល ការប្រមូល​ផល​ក៏​ងាយស្រួល មិន​ពិបាក​អោន​ងើបៗ​ឡើយ​»​។​នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកស្រី ទិន ម៉ា​រ៉ា ប្រាប់​ដល់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
 
​បើតាម​កសិករ​ដដែល ក្នុង​មួយឆ្នាំ អ្នកស្រី​អាច​ដាំ​បន្លែ​លើ​ធ្នើរ​នេះ បាន​ច្រើនដង ខុសពី​ការដាំ​ផ្ទាល់​ដី ដែល​អាច​ដាំ​បានតែ​ក្នុង​ខែប្រាំង​។​
 
 

សួន​បន្លែ​នៅលើ​ធ្នើរ​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
 
​អ្នកស្រី​ទិន ម៉ា​រ៉ា លក់​សាឡា​ត់​ដោយ​រាប់​គុម្ព មិន​ថ្លឹង​គីឡូ​ទេ​។ គាត់​ចង​សាឡា​ត់​ជា​បាច់​យកទៅលក់​នៅ​ទីផ្សារ​តែម្តង​។ ប៉ុន្តែ ក៏មាន​អ្នកដំណើរ​ឆ្លងកាត់​ទីនោះ និង​អ្នកភូមិ​ខ្លះទៅ​ទិញ​ទៅដល់​កន្លែង​ដែល​គាត់​ដាំ​ផ្ទាល់​ជា​ហូរហែ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com