ជាតិ
រាជរដ្ឋាភិបាល ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដ​ល់​ពលរដ្ឋ​៧០០​គ្រួសារ​
09, Feb 2019 , 10:59 pm        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
​ភ្នំពេញ​៖ រដ្ឋាភិបាល បានផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដ​ល់​ពលរដ្ឋ​៧០០​គ្រួសារ នៅក្នុង​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ កាលពីពេល​ថ្មីៗ​នេះ​។ ការផ្ដល់​ដី​សម្បទាន​នេះ ធ្វើឡើង​តាមរយៈ​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ជំហាន​២ (LASED II) ។ នេះ​បើតាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ព័ត៌មាន​។​


 
​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ជំហាន​២ (LASED II)  ត្រូវបាន​អនុវត្ត​បន្ត​ពី​គម្រោង LASED ជំហាន​សាកល្បង  ដោយ​ទទួលបាន​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារពិភពលោក និង​ការ​បដិភាគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ទឹកប្រាក់​ប្រមាណ ជាង​២៦​លាន​ដុល្លារ​អាមេរិក​។ គម្រោង​នេះ បាន​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៦ រហូតដល់​ឆ្នាំ​២០២១ នៅក្នុង​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ចំនួន​១៤​កន្លែង ក្នុងស្រុក​ចំនួន​០៧ ឃុំ​ចំនួន​១២ នៃ​ខេត្ត​គោលដៅ​ចំនួន​៥​។ គោលដៅ​ទាំងនោះ​រួមមាន ខេត្តកំពង់ធំ ត្បូងឃ្មុំ កំពង់ឆ្នាំង ក្រចេះ និង​ខេត្តកំពង់ស្ពឺ ដែលមាន​អ្នកទទួលផល​សរុប​ចំនួន ៥ ១៤១​គ្រួសារ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ២៥, ២៦០​នាក់ លើ​ផ្ទៃដី​ចំនួន​១៧ ,០៤២,៨០​ហិកតា​។ ប្រជាពលរដ្ឋ​ទាំង​៧០០​គ្រួសារ អាច​ទទួលបាន​ដី​ឡូ​តិ៍​លំនៅឋាន​ទំហំ ៣០ x ៤០​ម៉ែត្រ និង​ដី​ឡូ​តិ៍ក​សិ​កម្ម​ទំហំ ២​ហិកតា ក្នុង​មួយ​គ្រួសារ​។ 


រូបភាពពីក្រសួងព័ត៌មាន
 
​លោក សុខ លូ បាន​និយាយថា ការផ្តល់​ដី​លំនៅដ្ឋាន​និង​ដី​ធ្វើ កសិកម្ម​នេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​មាន​លំនៅដ្ឋាន​សមរម្យ ហើយ​អាច​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​ក្រុមគ្រួសារ បន្ទាប់​មាន​ដី​ធ្វើស្រែ​ចំការ​រហូតដល់​ជាង​២​ហិច​តា​។​
 
​លោក សុខ លូ អះអាងថា សម្បទា​និក​នឹង​ចាប់ផ្តើម​ចូល​តាំងទី​លំនៅ​លើដី​សម្បទាន​សង្គមកិច្ច​បាន ហើយ​តាម​ផែនការ និង​គម្រោង​ផ្តល់ជូន​ប្រជាពលរដ្ឋ នូវ​សម្ភារ​សម្រាប់​សាងសង់​លំនៅឋាន​ដូចជា ស័ង្កសី​ចំនួន​៤០​សន្លឹក អំពូល​ពន្លឺព្រះអាទិត្យ តង់​ផ្លា​ស្ទិ​ក កន្ទេល ភួយ ធុង​ទឹក ធុង​ចម្រោះ​ទឹក ចប កាំបិត ពូថៅ អង្ករ​ចំនួន​២០០​គីឡូក្រាម គ្រាប់ពូជ​បន្លែ​ចំនួន​០៦​មុខ  ដើមឈើ​ហូប​ផ្លែ​ចំនួន​០៥​ប្រភេទ គ្រាប់ពូជ​ដំណាំ​គម្រប​ដី កូន​ស្វាយ​ច​ន្ធី និង​ជួយ​ភ្ជួរ​ដី​កសិកម្ម​បន្ថែមទៀត​។ 
 
​ក្រៅពីនេះ​អាជ្ញាធរ​ក៏មាន​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុ​សិ៍​សុខភាព អគារ​សហគមន៍ ផ្សារ​សហគមន៍ អគារ​ស្នាក់នៅ​សម្រាប់​គ្រូបង្រៀន អណ្តូងទឹក ស្រះ​ទឹក ប្រព័ន្ធ​ស្រោចស្រព  និង​ផ្តល់នូវ​បច្ចេកទេស​ធ្វើ​កសិកម្ម​ផងដែរ​។ ជាពិសេស​គម្រោង​ផ្តល់ទុន​បង្វិល​ប្រមាណ​ជា ២៨០​ដុល្លា​ក្នុង​មួយ​គ្រួសារ ដើម្បី​ពង្រីក​មុខរបរ​ដាំ​ដុះ និង​ចិញ្ចឹមសត្វ ។​

រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់ ប្រមាណ​ជា​៤​លាន​ដុល្លារ​អាមេរិក សម្រាប់​ការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ​នៅ​លើដី​សម្បទាន​សង្គមកិច្ច​នេះ​។​
 
​ដី​សម្បទាន​សង្គមកិច្ច​នៅក្នុង​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​នេះ មាន​ទំហំ ១៩៩២.៧៩​ហិកតា ដោយ​ធ្វើការ​បែងចែក​ជា​ដី​ឡូ​តិ៍​លំនៅឋាន និង​ដី​ឡូ​តិ៍ក​សិ​កម្ម ដី​សម្រាប់​តំបន់​រដ្ឋបាល ដីព្រៃ​សហគមន៍ ដីព្រៃ​ជំនឿ និង​អូរ ដី​ត្រពាំង រួម​ទាង​ដី​សម្រាប់ធ្វើ​ផ្លូវ និង​ប្រឡាយទឹក ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com