អន្តរជាតិ
ឌូ​ទើ​តេ ប្រកាស​ឲ្យ​មន្ត្រី​ដែលរួមគំនិត​ជាមួយ​ឈ្មួញ​គ្រឿងញៀន​រៀបចំ​លិខិត​មរណភាព​ជាមុន
10, Feb 2019 , 10:39 am        
រូបភាព
ដោយ:
​ប្រមុខ​ដឹកនាំ​កំពូល​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ព្រមាន​ខ្លាំងៗ​ដល់​មន្ត្រី និង​កងកម្លាំង​ទាំងអស់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជួញដូរ​គ្រឿងញៀន​​ប្រុងប្រយ័ត្ន​ខ្លួន​ឲ្យ​ហើយ​។ ដោយ​មិន​ខ្វល់ខ្វាយ​ពី​ការរិះគន់​ពី​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ប្រទេស លោក ឌូ​ទើ​តេ ថែម​បាន​គំរាម​សម្លាប់​អ្នកពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ទាំងនោះ តាមរយៈ​សង្គ្រាម​គ្រឿងញៀន​របស់លោក​ទៀតផង​។​

 
​នាឱកាស​នៃ​ការប្រកាស​តែងតាំង​មន្ត្រី​បម្រើការ​នៅ​វិមាន​របស់​ប្រធានាធិបតី Malacañang នៅ​ថ្ងៃ​៧ កុម្ភៈ លោក​ប្រ​ធានា​ធីប​តី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាស​អះអាង​ជាថ្មី​ថា រដ្ឋាភិបាល​របស់លោក មិន​បញ្ឈប់​យុទ្ធនាការ​បោសសម្អាត​គ្រឿង​ញឿ​ន ឬ​សង្គ្រៀម​បង្ក្រាប​គ្រឿងញៀន​ឡើយ បើទោះបីជា​មានការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ក៏ដោយ​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​ហ្វីលីពីន inquirer net លោក​ប្រធានាធិបតី ថែមទាំង​បាន​ប្រើប្រាស់​ពាក្យសម្តី​ធ្ងន់ៗ​ទៅកាន់​មន្ត្រី​ខិលខូច ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការជួយ​ដូរ​គ្រឿងញៀន​ក្នុងប្រទេស​ទៀតផង​។ លោក​ប្រធានាធិបតី បានប្រកាស​ឲ្យ​មន្ត្រី​ទាំងនោះ ត្រៀម​លិខិត​មរណភាព​ឲ្យ​ហើយ​ទៅ បើ​ហ៊ាន​បំពាន​ហើយ​។ 
 
​លោក​ប្រធានាធិបតី បានបញ្ជាក់​ទៅកាន់​មន្ត្រី​ខិលខូច​ទាំងនោះ​យ៉ាង​ដូច្នេះ​ថា​៖« អ្នក​បំផ្លាញ​ប្រទេស​របស់ខ្ញុំ ខ្ញុំ​នឹង​សម្លាប់​អ្នក​។ ហើយ​សូម​ផ្ញើលិខិត​មរណភាព​រប​ស់​អ្នក​ទៅកាន់​ក្រុម​សិទ្ធិមនុស្ស​ឲ្យ​ហើយ​ទៅ​។​» 
 
​សូម​ជម្រាប​ផងដែរ​ថា គិត​ចាប់តាំងពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​ឆ្នាំ​២០១៦​មក លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាស​ធ្វើសង្គ្រាម​ប្រឆាំងនឹង​គ្រឿងញៀន ដោយ​លោក សម្អាងថា បើ​លោក​មិន​បោសសម្អាត​បញ្ហា​នេះ​ទេ នោះ​យុវជន​ជំនាន់​ក្រោយ ច្បាស់​ជាមាន​បញ្ហា​ហើយ​។ ចំណាត់ការ​របស់លោក ត្រូវបាន​ក្រុម​សិទ្ធិមនុស្ស​រាយការណ៍​ថា បានសម្លាប់​ជនសង្ស័យ​មិនតិច​ពាន់​នាក់​ឡើយ ហើយ​ក្រុម​សិទ្ធិមនុស្ស ក៏បាន​ទទូច​ឲ្យ​លោក​បញ្ឈប់​ផងដែរ​៕ 

Tag:
 ហ្វីលីពីន​
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com