ជាតិ
សិល្បះ
តារា​សម្ដែង លី​លី ចង់ឱ្យ​ភាពយន្ត​ខ្មែរ​ដាក់បញ្ចូល​វិធី​សង្គ្រោះបន្ទាន់​កាន់តែច្រើន​
10, Feb 2019 , 12:59 pm        
រូបភាព
​ភ្នំពេញ​៖ តារា​សម្ដែង​កញ្ញា លឹម សុធាវី ហៅ លី​លី ត្រូវបាន​មហាជន​ស្គាល់​ច្បាស់​តាមរយៈ​សកម្មភាព​ជួយ​សម្រាលកូន​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មួយរូប ក្នុងស្ថានភាព​បន្ទាន់ និង​គ្រោះថ្នាក់​។ គ្មាន​ជំនាញ​ពេទ្យ​ទាល់តែ​សោះតែ លី​លី អាច​ប្រមូល​សេចក្ដីក្លាហាន​ជួយសង្គ្រោះ​ម្ដាយ​និង​ទារ​កបាន​។ ការណ៍​នេះ​អាច​កើតឡើង​បាន ដោយសារតែ​នាង​ទទួលបាន​ចំណេះ​ខ្លះៗ​ពី​ភាពយន្ត​បរទេស ទាក់ទិន​នឹង​វិធី​សង្គ្រោះបន្ទាន់​។ ដោយសារ​បានឃើញ​ពី​ឥទ្ធិពល​ភាពយន្ត តារា​សម្ដែង សុធាវី ចង់ឱ្យ​ភាពយន្ត​ខ្មែរ​ដាក់បញ្ចូល​វិធី​សង្គ្រោះបន្ទាន់​ផ្សេងៗ ឱ្យ​កាន់តែច្រើន​ក្នុង​សាច់រឿង​។​

 
​តារា​សម្ដែង លឹម សុធាវី បាន​មើលឃើញថា ភាពយន្ត​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​អ្នកទស្សនា ដូច្នេះ​នាង​ចង់ឱ្យមាន​ការដាក់បញ្ចូល​វិធី​សង្គ្រោះបន្ទាន់​នានា ទៅក្នុង​ភាពយន្ត​ខ្មែរ​ឱ្យ​កាន់តែច្រើន​។ ក្រៅពី​បង្ហាញ​ពី​វិធី​សង្គ្រោះបន្ទាន់ ការ​ស្ដែង​ឱ្យឃើញ​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក និង​ការចែករ​ម្លែ​រវាង​អ្នកមាន​និង​អ្នកក្រ ក៏​ជា​អ្វីដែល​នារី​ស្រស់ស្អាត​រូបនេះ យល់ឃើញថា​ជា​ផ្នែក​មួយ​ជួយ​បណ្ដុះ​គំនិត​អ្នកទស្សនា​ដែរ​។ 
 
​ថ្លែង​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តារា​សម្ដែង​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ភាពយន្ត​ខ្មែរ​ឃើញ​មាន​បញ្ចូល​វិធី​សង្គ្រោះបន្ទាន់​ខ្លះ​ដែរ តែ​ដូចជា​នៅ​មិនទាន់​បង្ហាញ​ឱ្យបាន​ទូលំទូលាយ​១០០​ភាគរយ​។ ខ្ញុំ​ចង់ឱ្យ​ភាពយន្ត​ខ្មែរ និង​ស្ព​ត់​អប់រំ ផ្ដោតលើ​ការបង្ហាញ​ពី​វិធី​សង្គ្រោះបន្ទាន់​ឱ្យ​កាន់តែច្រើន​ទៀត​។ ដូចជា​គ្រោះថ្នាក់​ចរាចរ​ត្រូវ​ឃាត់ឈាម​ភ្លាមៗ​យ៉ាងណា ជួយសង្គ្រោះ​អ្នកជំងឺ​បេះដូង ការឆ្លង​ទន្លេ វិធី​សង្គ្រោះ​គ្រប់យ៉ាង ដែល​យើង​មិនមែនជា​ពេទ្យ​ក៏​អាចជួយ​បាន​។ ខ្ញុំ​ចង់​ឱ្យគេ​បង្ហាញ​វិធី​សង្គ្រោះ​នោះ​ឱ្យបាន​ច្បាស់​។ ទោះជា​យ៉ាងណា​អ្នកមើល ក៏​គាត់​បាន​ចំណេះ​ខ្លះៗ ទោះបីជា​គាត់​មិនមែនជា​អ្នកជំនាញ​ក្ដី​។ ហើយ​ការចេះ​ចែករម្លែក​ឱ្យទៅ​អ្នក​ដែល​ទាល់ក្រ​ជាង​ខ្លួន និង​ការចេះ​ជួយ​គ្នា​ទៅវិញទៅមក ក៏​សំខាន់​ដែរ​។ អ្នកមើល​គាត់​អាច​រំភើបចិត្ត ពេលដែល​បានឃើញ​អំពើ​ល្អ​ទាំងនោះ ហើយ​គាត់​ធ្វើតាម​»​។ 
 
​តារា​ស្រី​រូប​ស្រស់ ដែល​គេ​ស្គាល់​ច្រើន​តាមរយៈ​អំពើ​មនុស្សធម៌ នៅតាម​ផ្លូវ​សាធារណៈ​រូបនេះ​បាន​រំឭក​គ្រា​ដំបូង​នៃ​ការចូលទៅ​ជួយសង្គ្រោះ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ កាលពី​ខែមករា​ថា កញ្ញា មិន​គិត​អ្វី​ផ្សេង​ក្រៅពី​ពាក្យ​ក្នុង​ចិត្ត​« បើ​មិន​ជួយ ស្ត្រី​នោះ​អាច​នឹងមាន​គ្រោះថ្នាក់​ឡើយ​»​។ ក្រោយពី​ជួយ​សម្រាល ទារក​មិនមាន​ដង្ហើម និង​ចលនា​អ្វី​ទាំងអស់ ក្នុងស្ថានភាព​បន្ទាន់​បែបនេះ លី​លី បានគិត​ឃើញ​ដល់​ភាពយន្ត​បរទេស ដែល​បង្ហាញ​ពី​ការសម្អាត​ក្មេង​ក្រោយពី​សម្រាល​រួច ដើម្បីឱ្យ​ទារក​មាន​ចលនា​និង​ដង្ហើម​។​
 
 «​ពេលនោះ​ខ្ញុំ​មិនបាន​គិត​អ្វី​ទេ ព្រោះ​គិតតែ​ថាបើ​មិន​ជួយ​គាត់​អាច​គ្រោះថ្នាក់​។ ដល់​តែ​សម្រាលកូន​ហើយ ទារក​នោះ​មិនមាន​ដង្ហើម មិនមាន​ចលនា​អ្វី​ទាំងអស់ ខ្ញុំ​ភ័យ​មែនទែន​។ សំណាងល្អ​ពេលនោះ​ខ្ញុំ​នឹកឃើញ​វិធី​សង្គ្រោះបន្ទាន់​តាម​វីដេអូ​អប់រំ និង​ពី​ភាពយន្ត​បរទេស​។ គេ​បង្ហាញថា ពេល​សម្រាលកូន​ហើយ ត្រូវ​ជូត​សម្អាត​មុខមាត់ និង​ខ្លួនប្រាណ​ទារក និង​ធ្វើ​ចលនា​បេះដូង ឱ្យ​ក្មេង​អាច​ដកដង្ហើម​កើត​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ក​ញ្ញា លឹម សុធាវី​។​
 
​កញ្ញា លី​លី បានបញ្ជាក់​បន្ថែមថា ខ្លួន​មិនបាន​គិតដល់​ការជួយ​សង្គ្រោះ​នោះ អាច​នឹង​កើតរឿង​អកុសល​ណាមួយ​ដោយ​អ​ចេតនា ដែល​ធ្វើឱ្យ​នាង​មាន​ទុក្ខទោស​ពី​អំពើ​ល្អ​របស់ខ្លួន​ឡើយ​។ តារា​សម្ដែង​រូប​ស្រស់ លី​លី សង្កត់ធ្ងន់ថា ៖«​ការជួយ​សង្គ្រោះ​មនុស្ស​ម្នាក់​បើ​គិត​ខ្លាច​ថា វា​អាច​នឹង​នាំទុក្ខ​ទោស​ដល់​ខ្លួន​នៅពេល​ក្រោយ នោះគេ​បាន​ត្រឹម​ឈរ​មើល​មនុស្ស​ម្នាក់​ស្លាប់​នៅ​ចំពោះមុខ​»៕
 

Tag:
 លី​លី​
  សិល្បៈ​
  តារា​
  លឹម សុធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com