អន្តរជាតិ
វៀតណាម ត្រៀមខ្លួន​ដើម្បី​ជួយ​ជំរុញ​កិច្ចប្រជុំ​កំពូល​លើក​ទី​២ របស់​គីម​-​ត្រាំ​ឲ្យ​បាន​ជោគជ័យ​
10, Feb 2019 , 1:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បានប្រកាស​ស្វាគមន៍​ចំពោះ​ការជ្រើសរើស​វៀតណាម ជា​កន្លែង​សម្រាប់​ជំនួប​កំពូល​របស់​មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង និង​អាមេរិក​។ ក្រុង​ហាណូយ ក៏បាន​សន្យា​ជួយ​សម្រួល និង​ជំរុញ​ជំនួប​នេះ​ឲ្យ​បាន​ជោគជ័យ​ទៀង​ផង​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី  Lê Thị Thu Hằng នៅ​ថ្ងៃ​៦ កុម្ភៈ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​វៀតណាម ស្វាគមន៍​ចំពោះ​ជំនួប​លើក​ទី​ពីរ​របស់​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ហើយក៏​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​កិច្ចសន្ទនា​របស់​មេដឹកនាំ​ទាំងពីរ​ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam News​។​
 
​ការលើកឡើង​របស់លោក​ស្រី​អ្នកនាំពាក្យ​រូបនេះ បន្ទាប់ពី​ការ​ចោទសួរ​ពី​អ្នកសារព័ត៌មាន​នាឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ ថា​តើ​វៀតណាម យល់​បែបណា​ដែរ​ចំពោះ​ផែនការ​នៃ​ជំនួប​មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង និង​អាមេរិក នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកស្រី​អ្នកនាំពាក្យ មិនបាន​និយាយ​ច្រើន​ជុំវិញ​ជំនួប​នេះឡើយ​។ សូម្បីតែ​ទីតាំង​ជាក់លាក់​នៅក្នុង​ប្រទេស ដែល​ត្រូវ​រៀបចំ​ជំនួប ក៏​លោកស្រី មិនបាន​បញ្ជាក់​ផងដែរ ក៏ប៉ុន្តែ​អ្នកការ​បរទេស​រូបនេះ  បាន​សង្កត់ធ្ងន់ថា​៖«​វៀតណាម នឹងចូលរួម​យ៉ាងសកម្ម​បំផុត និង​ត្រៀមខ្លួន​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ធានា​ពី​ភាពជោគជ័យ​នៃ​ជំនួប​កំពូល​នេះ​»​។​
 
​តាមពិតទៅ​នៅ​សប្តាហ៍​មុន​អ្នកនាំពាក្យ​រូបនេះ បាន​អះអាងថា វៀតណាម នៅ​មិនទាន់​ទទួលបាន​ការជូនដំណឹង​ពី​ការចង់​ជួបគ្នា​រវាង​មេដឹកនាំ​ទាំងពីរ​នៅក្នុង​ទឹកដី​វៀតណាម​នោះទេ​។ ក៏ប៉ុន្តែ​នៅពេលនោះ អ្នកនាំពាក្យ ក៏បាន​បញ្ជាក់​ពី​លក្ខណៈពិសេស និង​បទពិសោធន៍​ជោគជ័យ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​លំដាប់​ពិភពលោក ដែល​មិន​ធ្វើ​ឲ្យ​វៀតណាម មិនមាន​ការព្រួយបារម្ភ​អ្វី​ឡើយ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ និង​អ្នកសម្របសម្រួល​។ 
 
​គួរ​ជម្រាប​ផងដែរ នៅ​ថ្ងៃ​៥ កុម្ភៈ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ជា​ថា ជំនួប​លើក​ទី​ពីរ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​២៧ ដល់ទី​២៨ ខែកុម្ភៈ នៅ​ទឹកដី​វៀតណាម​។ ប្រមុខ​ដឹកនាំ​កំពូល​ទាំងពីរ នឹង​ចរចា​គ្នា​លើ​បញ្ហា​នៃ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ដែល​នៅ​មិនទាន់ ដោះស្រាយ​ដាច់ស្រេច​នឹង​គ្នា​នៅឡើយ​៕ 

Tag:
 វៀតណាម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com