ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក កៅ ហ្វី​លី​ព ពី​កូន​កសិករ​ក្រីក្រ​ក្លាយជា​អ្នកគ្រប់គ្រង​សណ្ឋាគារ​នៅ​អាយុ ២៦​ឆ្នាំ
10, Feb 2019 , 7:29 pm        
រូបភាព
​សៀមរាប​៖ លោក កៅ ហ្វី​លី​ព ត្រូវបាន​គេ​ចាត់ទុកថា​ជា​បុគ្គល​ដ៏​ជោគជ័យ​មួយរូប​លើ​វិស័យ​សណ្ឋាគារ​។ បច្ចុប្បន្ន​លោក​កំពុង​កាន់កាប់​អាជីវកម្ម​សណ្ឋាគារ​យ៉ាង​តិច​៣​ទីតាំងនៅ​ក្នុង​ក្រុង​សៀមរាប ដែល​កំពុង​បោះ​សំឡេង​គួរឱ្យកត់សម្គាល់​។ មានកំណើត​ជា​កូន​កសិករ​រស់នៅ​ឆ្ងាយ​ពី​ប្រជុំជន លោក ហ្វី​លី​ព បាន​ប្រឹងប្រែង​ធ្វើការ និង​ខិតខំ​រៀនសូត្រ​រហូត​បាន​ក្លាយជា​អ្នកគ្រប់គ្រង​ទូទៅ​នៅក្នុង​សណ្ឋាគារ​ដ៏​ធំ​មួយ ត្រឹម​អាយុ ២៦​ឆ្នាំ​។ សម្រាប់​លោក ហ្វី​លី​ព ការងារ​សណ្ឋាគារ​បាន​ផ្លាស់ប្ដូរ​ជីវិត​លោក​ទាំងស្រុង​។​

 
​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ជីវិត​ការងារ​របស់លោក កៅ ហ្វី​លី​ព សូម​ស្ដាប់​ការរៀបរាប់​របស់ អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​វិស័យ​សណ្ឋាគារ ជា​វិស័យ​មួយ​លេចធ្លោ​ជាងគេ​នៅក្នុង​ខេត្តសៀមរាប​។ តាម​របាយការណ៍​ឆ្នាំ​២០១៨​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប ខេត្ត​នេះ​មាន​សណ្ឋាគារ​ជាង​២០០ ស្មើនឹង​ជាង ១​ម៉ឺន​៣​ពាន់​បន្ទប់​។ បើតាម​អ្នករកស៊ី​លើ​វិស័យនេះ មុខរបរ​នេះ​ត្រូវ​ចាយ​ទុន​ខ្ពស់ និង​មាន​បែបបទ​រកស៊ី​ដូច​ទៅនឹង​មុខរបរ​ដទៃទៀត​ដែរ​។​
 
​មានជីវិត​ការងារ​ជាង ២០​ឆ្នាំ​លើ​វិស័យ​សណ្ឋាគារ លោក កៅ ហ្វី​លី​ព ជា​បុគ្គល​ដ៏​លេចធ្លោ​មួយរូប និង​បាន​ក្លាយជា​គំរូ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​។ ជីវិត​តស៊ូ​លើ​ការងារ គ្រួសារ​ក្រីក្រ និង​ខំប្រឹង​រៀនសូត្រ​ពីអ្វី​ដែល​នៅ​ជុំវិញខ្លួន​នោះ គឺជា​កត្តា​ជំរុញ​ឱ្យ​លោក ហ្វី​លី​ព ទទួលបាន​ជោគជ័យ​មកដល់​សព្វថ្ងៃ​។ សព្វថ្ងៃ លោក ហ្វី​លី​ព ជា​ម្ចាស់​សណ្ឋាគារ មេ​ម៉​រ ដែលមាន​៣​ទីតាំងនៅ​ក្រុង​សៀមរាប មាន​មេ​ម៉​រ​អង្គរ មេ​ម៉​រ​សៀមរាប និង​មេ​ម៉​រ​ផា​ឡេស ដែល​កំពុង​បោះ​សំឡេង​ខ្លាំង ដ្បិត​ជា​សណ្ឋាគារ​ដែលមាន​រចនា​បថ​បែប​ខ្មែរ​ទំនើប​។​
 
​មាន​សម្បុរ​ស្រអែម ខ្ពស់​ស្រលះ មុខមាត់​ស្រដៀង​កូនកាត់​សាសន៍​ដទៃ លោក ហ្វី​លី​ព ដែល​ស្ថិតក្នុង​វ័យ ៤២​ឆ្នាំ​បាន​រម្លឹក​ពី​ប្រវត្តិ​ខ្លីៗ​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា លោក​ចាប់ផ្តើម​ចូលធ្វើការ​លើ​វិស័យ​សណ្ឋាគារ​ក្នុង​ឆ្នាំ ១៩៩៧ គឺ​នៅពេល​លោក​អាយុ ១៩​ឆ្នាំ បន្ទាប់ពី​ប្រឡង​បាក់​ឌុប​រួច​។ លោក​មិនទាន់​មានលទ្ធភាព​បន្ដ​ថ្នាក់​បរិញ្ញាបត្រ លោក ហ្វី​លី​ព បាន​ចូលធ្វើការ​នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល ដែលជា​សណ្ឋាគារ​លេចធ្លោ​ជាងគេ​នៅពេលនោះ និង​បានទទួល​តំណែង​ជា​ជំនួយការ​ភ្ញៀវ មាន​ប្រាក់ខែ ៦០​ដុល្លារ​។ ពេលធ្វើការ​នៅ​ទីនោះ លោក​ចាប់​ស្គាល់​គេឯង​ច្រើន និង​បាន​សង្កេត​លើ​គំ​រូពី​ថ្នាក់ដឹកនាំ​នៅតាម​ផ្នែក​មួយៗ និង​យល់ថា ខ្លួន​គួរ​ធ្វើ​ដូចម្ដេចខ្លះ​ទើប​មាន​តំណែង​ល្អៗ​ដូច​គេ​បាន​? ពេលនោះ លោក​ក៏បាន​សាកសួរ​ថ្នាក់ដឹកនាំ​របស់ខ្លួន ហើយ​បានទទួល​ចម្លើយ​មកវិញ ឱ្យ​លោក​ខិតខំ​ធ្វើការ មាន​ទំនួល​ខុសត្រូវ​លើ​ខ្លួនឯង និង​សូត្រ​ពី​អ្នកដទៃ​ឱ្យបាន​ច្រើន​។​
 
​បន្ទាប់ពី​ធ្វើតាម​ដំបូន្មាន​ទាំងនោះ​រួចមក លោក ហ្វី​លី​ព បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស​។ ត្រឹម​២​ឆ្នាំ​ក្នុង​សណ្ឋាគារ រ៉ា​ហ្វ​ល លោក​ត្រូវបាន​ថ្នាក់ដឹកនាំ​ដំឡើង​តំណែង ២​លើក​។ 
 
​នៅ​រ៉ា​ហ្វ​ល ត្រឹម​២​ឆ្នាំ ដោយសារ​ចង់​រៀនសូត្រ​បន្ថែម​លើសពីនេះ លោក ហ្វី​លី​ព បានសម្រេច​ទៅកាន់​ការងារ​នៅ​សណ្ឋាគារ​ថ្មី​មួយកន្លែង​ទៀត តាម​ថ្នាក់ដឹកនាំ​មួយរូប​នៅ​កន្លែងចាស់​។ នៅ​កន្លែង​ថ្មី ដោយ​ថ្នាក់ដឹកនាំ​ដឹង​ពី​សមត្ថភាព ក៏បាន​ឱ្យ​លោក ហ្វី​លី​ព កាន់​តួនាទី​សំខាន់ៗ និង​ជា​ប្រធាន​ផ្នែក​ច្រើន​ផ្នែក គ្រប់គ្រង​សឹង​ពាក់កណ្ដាល​សណ្ឋាគារ ដែល​នៅពេលនោះ​លោក​មាន​វ័យ​ត្រឹម ២៣​ឆ្នាំ​។​
 
​នៅ​ទី​នោះបាន​៤​ឆ្នាំ លោក​បាន​ចេញទៅ​សណ្ឋាគារ​ទី​៣ ដែល​ទើបនឹង​បង្កើត​ថ្មី​ផ្កាយ​៥ និង​ជា​សណ្ឋាគារ​អន្ដរជាតិ​ដែលមាន​សាខា​នៅតាម​បណ្ដា​ប្រទេស​មួយចំនួន ដូចជា​នៅ​ប្រទេស​កម្ពុជា និង​ថៃ​ជាដើម​។ កាន់តំណែង​ជា​ជំនួយការ​អ្នកគ្រប់គ្រង​ទូទៅ បាន​៣​ឆ្នាំ លោក​រៀនសូត្រ​បាន​យ៉ាងច្រើន​ពី​ការងារ​នៅ​ទីនោះ ដូចជា​ការតាក់តែង​ច្បាប់​គ្រប់គ្រង​រាល់​ផ្នែក​នៅក្នុង​សណ្ឋាគារ​។ នៅ​ឆ្នាំ​ទី​៣ មុននឹង​ចាក​ចេញពី​សណ្ឋាគារ​នោះដែរ លោក​មានឱកាស​ធ្វើការ​ដោយផ្ទាល់​ជាមួយនឹង​ផ្នែក​ការិយាល័យ​ធំ​នៅ​បាងកក ដែល​ធ្វើឱ្យ​លោក​កាន់តែ​ជញ្ជក់​បាន​នូវ​ចំណេះដឹង​ថ្មីៗ​កាន់តែច្រើន​បន្ថែមទៀត​លើ​វិស័យ​សណ្ឋាគារ​។​
 
​ឱកាស​ធំ​របស់លោក ហ្វី​លី​ព ក៏បាន​មកដល់ គឺ​នៅ​ឆ្នាំ​២០០៣ ស្របពេល​លោក​ចង់បង្ហាញ​សមត្ថភាព​លើ​វិស័យ​សណ្ឋាគារ​ឱ្យអស់​ពី​ខ្លួន​ដែល​រៀន​បាន​កន្លងមក​នោះ ក៏បាន​យល់ព្រម​ទៅកាន់​តំណែង​ជា​អ្នកគ្រប់គ្រង​ទូទៅ​ក្នុង​សណ្ឋាគារ​មួយ ដែលមាន​ម្ចាស់​ជា​ជនជាតិខ្មែរ គឺ​សណ្ឋាគារ បុរី​អង្គរ​។ ត្រឹម​អាយុ​២៦​ឆ្នាំ តែមាន​បទពិសោធន៍​ពេញ​ខ្លួន លោក ហ្វី​លី​ព បាន​ជួយ​សណ្ឋាគារ​មួយ​នេះ វិវត្តន៍​ខ្លួន​យ៉ាង​លឿន​ពី​សណ្ឋាគារ​ថ្មី មិនសូវ​គេ​ស្គាល់ និង​ពី​ផ្ទះសំណាក់ ក្លាយជា​សណ្ឋាគារ​ផ្កាយ​៥ និង​មាន​ភាពល្បីល្បាញ​។ នេះ​ជា​អ្វីដែល​លោក ហ្វី​លី​ព ចាត់ទុកថា​ជា​មោទនភាព​របស់ខ្លួន​លើ​វិស័យនេះ ដ្បិតថា​វា​មាន​ផល​លំបាក​ច្រើន​យ៉ាងណាក្ដី​។​
 
​អំឡុងពេល​កំពុងធ្វើកា​រ​នៅ​សណ្ឋាគារ បុរី​អង្គរ នោះដែរ ដោយ​ចង់​អភិវឌ្ឍន៍​សមត្ថភាព និង​ចំណេះដឹង​របស់ខ្លួន  លោក ហ្វី​លី​ព បាន​ទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​លើ​ជំនាញ​សេដ្ឋកិច្ច​អន្ដរជាតិ នៅ​ប្រទេស សិង្ហ​បុរី ដោយ​លោក​ត្រូវ​ឡើង​ចុះ​ជា​ញឹកញាប់​ក្នុងការ​សិក្សា​នេះ​។ ការចំណាយ​ពេល​២​ឆ្នាំ​លើ​ការសិក្សា​នេះ គឺ​ពី​ឆ្នាំ​២០០៨ ដល់​២០១០ ធ្វើឱ្យ​លោក​ទទួលបាន​ចំណេះដឹង​ថ្មី​កាន់តែច្រើន មានគំនិត​ដឹកនាំ​ថ្មី និង​បាន​ស្គាល់​មិត្តភក្ដិ​ច្រើន​។​
 
​ពេលវេលា​កាន់តែ​ទៅមុខ គឺ​នៅ​ឆ្នាំ​២០១៣ ក្រោយ​បំពេញការងារ​នៅ​សណ្ឋាគារ បុរី​អង្គរ រយៈពេល​១៣​ឆ្នាំ លោក ហ្វី​លី​ព បាន​បោះជំហាន​មួយ​ដំណាក់កាល​ទៀត នោះ​គឺ​ការបង្កើត​សណ្ឋាគារ​ដោយ​ខ្លួនឯង​។ ដោយមាន​ការវិនិយោគ​ពី​មិត្តភក្ដិ​ផង​នោះ មេ​ម៉​រ អង្គរ​ប៉ូ​ទិ​ក ក៏បាន​លេចចេញ​ជា​រូបរាង​។ «​យើង​សម្រេច​ជួល​សណ្ឋាគារ​មួយកន្លែង និង​បាន​កែកុន​បើក​ដោយ​ខ្លួនឯង​វិញ​។ ក្រោយមក​យើង​ជោគជ័យ ក៏​សម្រេច​ជួយ​ទីតាំង​មួយទៀត បង្កើត​មួយកន្លែង​ទៀត​ក្នុង​ឆ្នាំ ២០១៦ គឺ​សណ្ឋាគារ មេ​ម៉​រ សៀមរាប​»​។​
 
​ក្រោយពី​ទទួលបាន​ភាពជោគជ័យ​លើ​វិស័យ​សណ្ឋាគារ​ជា​បន្តបន្ទាប់ គឺ​ដល់​ដំណាក់​មួយទៀត​ដែល​ម្ចាស់​សណ្ឋាគារ មេ​ម៉​រ គិតថា​គួរ​មាន​អ្វីដែល​ពិសេស​សម្រាប់​កេរ្ដិ៍ឈ្មោះ​របស់ខ្លួន​ទៅ​ថ្ងៃ​អនាគត នោះ​គឺ​ការសាងសង់​សណ្ឋាគារ​ផ្ទាល់ខ្លួន និង​មាន​រចនាបថ​ស្របតាម​គំនិត​ដែល​ចង់បាន​ពី​ដើម​មក​។ នៅ​ឆ្នាំ ២០១៨ សណ្ឋាគារ​ដ៏​ប្រណិត និង​មាន​រចនាបថ​បែប​ខ្មែរ​ទំនើប​មួយ បាន​លេចចេញ​ជា​រូបរាង​។​
 
​តាមពិតទៅ​ឈ្មោះ ហ្វី​លី​ព ជា​ឈ្មោះ​ពេល​ចូលធ្វើការ​នៅ​សណ្ឋាគារ​តែប៉ុណ្ណោះ​។ ឈ្មោះ​ដើម​របស់​បុរស​វ័យ ៤២​ឆ្នាំ​រូបនេះ គឺ សែត កើត​ក្នុង​គ្រួសារ​កសិករ​នៅ​ស្រុក កំពង់ក្ដី មាន​បងប្អូន​១០​នាក់ ប្រុស​៧​នាក់ លោក​ជា​កូន​ទី​៨​។ ជា​គ្រួសារ​ដែលមាន​ឪពុកម្ដាយ​ស្រឡាញ់​ការអប់រំ និង​ចង់ឱ្យ​កូនៗ​បាន​រៀនសូត្រ​បាន​ខ្ពស់ៗ ដោយ​មិន​ខ្វល់​ពី​ការលំបាក​ឡើយ​។ «​ជា​សំណាង​របស់ខ្ញុំ​ដែរ ឪពុកម្ដាយ​ប្ដូរផ្ដាច់​ដើម្បីឱ្យ​កូនៗ​បាន​រៀនសូត្រ ទោះ​ក្រីក្រ ត្រឹម​អ្នកស្រែ​ចម្ការ នេះ​ជាការ​តស៊ូ​ដ៏​អស្ចារ្យ​សម្រាប់​ជីវិត​ពួកគាត់​។ ម្ដាយ​ខ្ញុំ​ធ្លាប់​ប្រាប់​ពួក​ខ្ញុំ​ថា កាល​គាត់​នៅ​តូចៗ​ចង់ទៅ​រៀន តែ​យាយ​អត់​ឱ្យទៅ​រៀន គាត់​ស្ដាយ ទើប​តាំងចិត្ត​ថាឱ្យ​កូនៗ​គាត់​ទាំងអស់ ត្រូវតែ​បាន​រៀនសូត្រ ទោះ​ខ្លួន​លំបាក​ប៉ុណ្ណា​ក៏ដោយ​»​។ លោក ហ្វី​លី​ព និយាយ​ដោយ​រលីងរលោង​ទឹកភ្នែក និង​គិត​ទៅ​ឆ្ងាយ​។​
 
​ដោយសារ​ចំណាយពេល​ពាក់កណ្ដាល​ជីវិត​តែ​នៅលើ​វិស័យ​សណ្ឋាគារ ធ្វើឱ្យ ហ្វី​លី​ព រៀន​ពី​ការងារ​នេះ​ច្រើន ពិសេស​វា​បាន​ផ្លាស់ប្ដូរ​ជីវិត​លោក​ទាំងស្រុង​។ ការងារ​ក្នុង​សណ្ឋាគារ​បង្រៀន​លោក​មាន​ភាពថ្លៃថ្នូ មាន​ឥរិយាបថ​សមរម្យ ពិសេស​យល់​ពី​អារម្មណ៍​មនុស្ស​នៅ​ជុំវិញ​។​
 
​លោក ហ្វី​លី​ព មាន​ដំបូន្មាន​២​ចំណុច​សម្រាប់​អ្នក​ចង់រក​ស៊ីក្នុង​វិស័យ​សណ្ឋាគារ ទី​១ គឺ​ត្រូវ​រកស៊ី​ដោយផ្ទាល់ ធ្វើ​អាជីវកម្ម​ដោយផ្ទាល់ និង​ទី​២ បោះទុន​វិនិយោគ​នៅ​សណ្ឋាគារ​មួយណា​ដែលមាន​និរន្តរ​ភាពល្អ ប្រសិនបើ​ខ្លួនឯង​ចាប់អារម្មណ៍​ក្នុង​វិស័យនេះ​។ យ៉ាងណា លោក ហ្វី​លី​ព ឱ្យ​អ្នក​ចង់​រកស៊ី​ទាំងនោះ​ស្រឡាញ់​វិស័យនេះ​ផងដែរ​៕
 

Tag:
 ជីវប្រវតិ្ត​
© រក្សាសិទ្ធិដោយ thmeythmey.com