ជាតិ
អង្គការ​ភ្លែ​ន និង CRDT ជួយ​បង្កើន​ផលិតកម្ម​ស្បៀង និង​អាជីព​ដល់​ពលរដ្ឋ​នៅ​ស្ទឹងត្រែង
10, Feb 2019 , 7:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកCRDT
រូបភាពពីហ្វេសប៊ុកCRDT
​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង ងាក​មក​បង្កើន​ផលិតកម្ម​ស្បៀង និង​មាន​អាជីប​ផ្ទាល់ខ្លួន​ជាច្រើន​តាម​គ្រួសារ បន្ទាប់ពី​មានការ​ចុះ​សហការ​បង្រៀន របស់​អង្គការ​ភ្លែ​ន រួមសហការ​ជាមួយ CRDT (Cambodian Rural Development Team)​។ គោលបំណង គឺ​ដើម្បី​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​អាចមាន​ស្បៀង បន្លែ សាច់ បរិភោគ​គ្រប់គ្រាន់ ដែលជា​ការលើក​ម្ព​ស់អា​ហា​រូប​ត្ថ​ម្ភ​នៅតាម​សហគមន៍ និង​បង្កើន​ជំនាញ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ជីវភាព​ប្រសើរឡើង​នៅតាម​សហគមន៍​។ នេះ​បើតាម​លោក សុខ លីន ម​ន្រី្ត​អាហារូបត្ថម្ភ​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ ដែល​បាន​មានប្រសាសន៍ប្រាប់​សារព័ត៌មាន​ថ្មីៗ​។

 
​លោក សុខ លីន បាន​បញ្ជាក់ថា គ្រួសារ​ជាង​១០០ ដែល​កំពុង​បង្កើន​ផលិតកម្ម​ស្បៀង និង​មាន​៦០​នាក់ បាន​រៀន​ពី​អាជីព មានដូចជា ជាងកាត់ដេរ ជាងកាត់សក់ អ្នក​ផាត់មុខ និង​ជាង​ម៉ូតូ​។ លោក​បាន​បន្តថា ភូមិ​គោលដៅ​ក្នុង​ខេត្តស្ទឹងត្រែង​៣៥​ភូមិ​កំពុង​អនុវត្ត​គម្រោង​នេះ​។ ការបង្កើន​ផលិតកម្ម​ស្បៀង​នេះដែរ មាន​២​ទិសដៅ ដែល​ប្រជាពលរដ្ឋ​អាច​ច្នៃ​អាហារ​បាន​សម្រាប់​បរិភោគ និង​អាច​ច្នៃ​បាន​លក់​ផងដែរ​។ 
 
​អ្នកស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង អ្នកស្រី អេង វ័យ​៣៣​ឆ្នាំ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រជាពលរដ្ឋ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក៏ដូចជា​អ្នកស្រី​ផ្ទាល់ បានចាប់ផ្ដើម​ដាំ​បន្លែ​នៅតាម​គ្រួសារ បន្ទាប់ពី​បានទទួល​ការបង្រៀន​តាម​សហគមន៍​របស់​អង្គការ​ភ្លែ​ន ដែល​សហការ​ជាមួយ CRDT​។ ការដាំ​បន្លែ​នេះ បាន​ជួយ​ឲ្យ​អ្នកស្រី​បង្កើន​ស្បៀង​ក្នុង​គ្រួសារ និង​អាច​លក់បាន​ថវិកា​បន្ថែម​ទៀតផង​។ 


រូបភាពពីហ្វេសប៊ុកCRDT
 
​អ្នកស្រី អេង បន្តទៀតថា បន្លែ​ដែល​ដាំ​មាន ត្រកួន សណ្ដែក ត្រសក់ ស្ពៃ ល្ពៅ និង​បន្លែ​ផ្សេងៗ ដែលជា​បន្លែ​សម្រាប់​បរិភោគ​ប្រចាំថ្ងៃ ដើម្បី​ជួយ​នូវ​ការកាត់បន្ថយ​ការចំណាយ​ទិញ​ម្ហូប​ប្រចាំថ្ងៃ​។ អ្នកស្រី​បន្ថែមថា ក្រៅពី​បង្រៀន​ដាំ​បន្លែ ខាង​អង្គការ​ក៏បាន​បង្រៀន​ពី​ការធ្វើ​ទឹក​សណ្ដែក ធ្វើ​ចេកឆាប និង​មាន​រៀប​ចិញ្ចឹមសត្វ​ទៀតផង​។ អ្នកស្រី នៅតែ​ចង់​ឲ្យ​អង្គការ​ភ្លែ​ន និង​អង្គការ​ផ្សេងៗ​ចុះជួយ​បង្រៀន​ដល់​សហគមន៍​បន្តទៀត​។​
 
​ចំណែក អ្នកស្រី សុ​ផុន មាន​វ័យ​៤០​ឆ្នាំ ដែលជា​អ្នកស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ដែល​នោះ និង​មានមុខរ​បរជា​អ្នកធ្វើ​ចេកឆាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកស្រី ធ្លាប់​ទទួលបាន​ការបង្រៀន​ពី​អង្គការ​ភ្លែ​ន​អំពី​ការធ្វើ​ចេកឆាប ហើយ​មុខរបរ​នេះ បាន​ជួយ​ឲ្យ​អ្នកស្រី​មាន​ជីវភាព​ធូរធា​ជាង​មុន​។ ចេកឆាប គឺ​មិន​ពិបាក​រក​ទីផ្សារ​ទេ មាន​អ្នកទទួលយក​គាត់​អស់ៗ​។ ចេកឆាប ច្រកចូល​ថង់​តូច សម្រាប់​លក់រាយ​៥០០​រៀល បើសិន​យក​ឲ្យ​គេ​ច្រើនៗ ១០​ថង​តូច ៣៥០០​រៀល ហើយ​ក្នុង​មួយថ្ងៃ​អាច​រកបាន​ពី ៥​ម៉ឺន​រៀល ទៅ​១០​ម៉ឺន​រៀល​។ អ្នកស្រី​បន្ថែ​ថា អ្វីដែល​ពិបាក គឺ​អ្នកស្រី ពិបាក​ដើររក​ទិញ​ចេក​មក​ធ្វើ​ចេកឆាប​។ 


រូបភាពពីហ្វេសប៊ុកCRDT
 
​រីឯ អ្នកស្រី សា​វេ​ង ជាជាង​កាត់ដេរ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ដូចគ្នា បាន​ទៅ​រៀន​អាជីព​កាត់ដេរ​រយៈពេល​៦​ខែ ក្រោម​ការជួយ​របស់​អង្គការ​CRDT ដែលជា​ដៃគូ​សហការ​របស់​អង្គការ​ភ្លែ​ន​។ បន្ទាប់ពី​រៀន​ចប់​អ្នកស្រី​បានមក​បើក​កន្លែង​កាត់ដេរ​នៅផ្ទះ អាចជួយ​ឲ្យ​អ្នកស្រី​មាន​ជីវភាព​ប្រសើរ​ជាង​មុន​។ អ្នកស្រី​បន្តថា អ្នកស្រី​ពិតជា​ស្រឡាញ់​អាជីព​នេះ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​អ្នកស្រី​មាន​ភាពងាយស្រួល និង​សមស្រប​សម្រាប់​អ្នកស្រី ព្រោះ​អ្នកស្រី​មិនអាច​ធ្វើ​ការងារ​ធ្ងន់ៗ​បានទេ ដោយសារ​បញ្ហា​សុខភាព​។ 
 
​អ្នកស្រី បន្ថែមថា អ្នកស្រី អាចមាន​ជីវភាព​ប្រសើ​ជាង​មុន ដោយ​ថ្ងៃ​ខ្លះ​ទទួល​កាត់ដេរ​មិនទាន់​ឲ្យ​ភ្ញៀវ​ទៀតផង​។ អ្នកស្រី​បញ្ជាក់ថា បើ​មិនមាន​ការជួយ​ពី​អង្គការ​ភ្លែ​ន និង CRDT ទេ អ្នកស្រី ក៏​មិនមាន​លទ្ធភាព​រៀន​ដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com