ជាតិ
សិល្បះ
កម្ពុជា​ត្រៀម​៤​របាំ និង​គុន​ល្បុកតោ សម្រាប់​សម្តែង​នា​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន​ឈី​ង​ហ្គេ នៅ​សិង្ហ​បុរី​
10, Feb 2019 , 8:29 pm        
រូបភាព
រូប​ពីស.ស.យ.ក
រូប​ពីស.ស.យ.ក
​ភ្នំពេញ​៖ មុន​នាំយក​សិល្បៈ​ខ្មែរ​ទៅ​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈី​ង​ហ្គេ ឆ្នាំ​២០១៩ នៅ​ប្រទេស​សិង្ហ​បុរី ប្រតិភូ​សិល្បករ សិល្បការិនី បាន​សម្ដែង​សិល្បៈ​ទាំងនោះ ឆ្លង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ព្រឹក​ថ្ងៃទី ៨​ខែកុម្ភៈ នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ អ្នកស្រី ភឿង ស​កុ​ណា បាន​កោតសរសើរ​ចំពោះ​ទឹកដៃ នៃ​ការដំឡើង​របាំ​ថ្មី​នោះ ថា​មាន​អត្ថន័យ​។​


 
​ជាធម្មតា​រាល់​ការដំឡើង​ស្នាដៃ​សិល្បៈ ឬ​របាំ​ថ្មី នៅមុន​ពេល​យកទៅ​សម្ដែង​ជា​សាធារណៈ គេ​ត្រូវ​សម្ដែង​ឆ្លង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​សិន ដើម្បី​ទទួលយក​មតិយោបល់​កែលម្អ ប្រសិនបើ​មាន​ចំណុច​ខ្វះខាត​។ ជាការ​កត់សម្គាល់ ការសម្ដែង​សិល្បៈ​៥​ទម្រង់ ដែល​ត្រៀម​យកទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈី​ង​ហ្គេ ឆ្នាំ​២០១៩ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ទទួលបាន​ការសរសើ​រ​ច្រើន​ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ អ្នកស្រី ភឿង ស​កុ​ណា​។​


រូប​ពីស.ស.យ.ក
 
​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង ស​កុ​ណា បាន​កោតសរសើរ​ចំពោះ​ស្នាដៃ​សិល្បៈ​បង្កើត​ថ្មី ដែល​ត្រៀម​ទៅ​សម្ដែង​នៅក្នុង​ក្បួន​អន្តរជាតិ ថា​មាន​លក្ខណៈ​ល្អ​ទាំង​ខ្លឹមសារ និង​រូបភាព​។ អ្នកស្រី​សង្កត់ធ្ងន់ថា របាំ​ដែល​ត្រូវ​ទៅ​សម្ដែង​នៅ​សិង្ហ​បុរី ឆ្នាំ​២០១៩​នេះ កាន់​តែមាន​លក្ខណៈ​ល្អ​ជាង​ឆ្នាំមុន​។ អ្នកស្រី ភឿង ស​កុ​ណា បន្ថែម​យ៉ាង​ដូច្នេះ ៖«​ការសម្ដែង​ឆ្នាំនេះ​មាន​លក្ខណៈ​ល្អ​ច្រើន ទាំង​ខ្លឹមសារ អត្ថន័យ និង​រូបភាព ដែល​តម្រូវ​តាម​នាទី​ដែល​បានកំណត់​។ បើ​ប្រៀប​ឆ្នាំមុនៗ ឃើញថា​កាន់តែ​ល្អប្រសើរ​ឡើងៗ​»​។​


រូប​ពីស.ស.យ.ក
 
​លោក ហ៊ុន ម៉ា​នី ប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា បាន​លើកឡើងថា ការនាំយក​សិល្បៈ​វប្បធម៌​ខ្មែរ ទៅ​សម្ដែង​ទៅ​សម្តែង​ក្នុង​ក្របខណ្ឌ​តំណាង​ជាតិ នា​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈី​ង​ហ្គេ នេះ​គឺជា​មុខមាត់​សម្រាប់​ប្រទេស​ផង និង​ជា​ផ្នែក​មួយ ជួយ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ខ្មែរ ទៅកាន់​ពិភពលោក​ផង​។ លោក ហ៊ុន ម៉ា​នី បញ្ជាក់​ដូច្នេះ​ថា​៖«​ការសម្ដែង​នេះ​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា បង្ហាញ​ពី​វប្បធម៌ និង​សិល្បៈ​ខ្មែរ ឱ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែច្បាស់​មួយកម្រិត​ទៀត​។ យើង​ធ្លាប់​រៀបចំ​អង្គរ​សង្ក្រាន្ត កម្មវិធី​វប្បធម៌​ជាច្រើន​ទៀត ដែលជា​ការផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ ហើយ​ការសម្ដែង​ខ្នាត​អន្តរជាតិ​នៅ​សិង្ហ​បុរី ក៏​កាន់តែ​ជំ​រុញឱ្យ​ពិភពលោក ស្គាល់​កម្ពុជា​កាន់តែ​ទូលាយ​»​។ 


រូប​ពីស.ស.យ.ក
 
​លោក ព្រឿង ឈាង ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គឺជា​អ្នកគ្រប់គ្រង​ផ្នែក​បច្ចេកទេស​របាំ ដែល​ត្រៀម​យកទៅ​សម្តែង​នៅ​សិង្ហ​បុរី​។ លោក បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​នាំយក​សិល្បៈ​ខ្មែរ ទៅ​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន ឈី​ង​ហ្គេ​នេះ ៣​លើក​រួចមកហើយ ដោយ​លើក​ទី​១ និង​លើក​ទី គឺ​នៅ​ឆ្នាំ​១៩៩៥ និង​ឆ្នាំ​១៩៩៦ និង​លើក​ទី​៣ គឺ​នៅ​ឆ្នាំ​២០១៧ ។ នៅ​ឆ្នាំ​២០១៩​នេះ គឺជា​ការសម្តែង​លើក​ទី​៤​របស់​កម្ពុជា​។​
 
​តាមលោក ព្រឿង ឈាង សិល្បៈ​ខ្មែរ​ដែល​ត្រូវ​យកទៅ​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន ឈី​ង​ហ្គេ នាពេលខាងមុខ មាន​៤​របាំ និង​ក្បាច់គុន​ល្បុកតោ​។ របាំ​ទាំង​៤​នោះ​រួមមាន របាំ​ព្រះរាជ​ទ្រព្យ របាំ​កូរ​សមុទ្រ​ទឹកដោះ របាំ​ក្រមា របាំ​ផ្កា​រំ​ដូ​ល និង​ក្បាច់គុន​ល្បុកតោ ដែលមាន​បញ្ចូល​ស្នៀត​ក្រមា​ចូល​ផង​។​


រូប​ពីស.ស.យ.ក
 
​សូមបញ្ជាក់ថា ការសម្ដែង​សិល្បៈ​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈី​ង​ហ្គេ ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ និង​១៦​ខែកុម្ភៈ​នេះ កម្ពុជា​ត្រូវ​សម្ដែង​រួមគ្នា​ជាមួយ​សិល្បៈ​ប្រទេស​ចិន និង​មាន​រយៈពេល​តែ​៣​នាទី​តែប៉ុណ្ណោះ​។ ដោយសារតែ​រយៈពេល​ស​ម្ដែ​ង​សិល្បៈ​នៅក្នុង​ក្បួនខ្នាត​អន្តរជាតិ​នោះ​ខ្លី​ពេក នៅ​ថ្ងៃទី​១៧​ខែកុម្ភៈ សិល្បៈ​ពី​បណ្ដា​ប្រទេស​ដែល​ចូលរួម បានអនុញ្ញាត​ឱ្យ​សម្ដែង​ជូន​សាធារណជន​ទស្សនា នៅ​សួនច្បារ​មួយ ហើយ​កម្ពុជា​យក​ទម្រង់​ល្ខោនខោល​ខ្មែរ​ទៅ​សម្ដែង​៕ 
 

Tag:
 ក្រសួង​វប្បធម៌​
 ​សិល្បៈ​
 ​ភឿង ស​កុ​ណា​
 ​វប្បធម៌​
 ​របាំ​
 ​ល្បុក្កតោ​
© រក្សាសិទ្ធិដោយ thmeythmey.com