ជាតិ
រដ្ឋាភិបាល ផ្ដល់​អគារ​ខេ​មរ​វិទូ​តម្លៃ ១០​លាន​ដុល្លារ ឲ្យ​រាជបណ្ឌិត្យសភាកម្ពុជា
11, Feb 2019 , 7:59 am        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​អគារ​ខេ​មរ​វិទូ តម្លៃ​១០​លាន​ដុល្លារ ឲ្យ​រាជបណ្ឌិត្យសភាកម្ពុជា សម្រាប់​ជា​កន្លែង​ការងារ និង​ការិយាល័យ​ទាំង​៨​វិទ្យាស្ថាន ដែលជា​សេនាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។ នេះ​យោងតាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ព័ត៌មាន​។

 
​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​គណៈកម្មការ​សាងសង់ បាន​និយាយថា អគារ​នេះ សង់​ឡើង​មាន​៤​ជាន់ ស្ថិតនៅក្នុង​បរិវេណ​រាជបណ្ឌិត​ត្យ​កម្ពុជា តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ រស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធ​និ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជាន់​ក្រោម​ដី​សម្រាប់​ចំណត​យានជំនិះ​។ ចំណែក​ជាន់​ផ្ទាល់​ដី ជា​សាលសន្និសីទ សាល​សម្តែង​សិល្បៈ សាល​សិក្ខាសាលា អាចដាក់​មនុស្ស​ចន្លោះ​ពី​២០​នាក់ ដល់​ជាង​៤០០​នាក់​។ 


រូបភាពពីក្រសួងព័ត៌មាន
 
​សម្រាប់​ជាន់​ទី​១ ជា​កន្លែង​ថ្នាក់ដឹកនាំ​រាជបណ្ឌិត្យសភា ចាប់ពី​ថ្នាក់បណ្ឌិត​ដល់​បណ្ឌិត្យសភា​ចា​រ្យ​ធ្វើការ​។ រីឯ​ជាន់​ទី​២ ទី​៣ និង​ទី​៤ ប្រើប្រាស់​សម្រាប់​ជា​ការិយាល័យ នៃ​វិទ្យាស្ថាន​ទាំង​៨ ដែល​ចំណុះ​ឲ្យ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​រួមមាន ទី​១. វិទ្យាស្ថាន​វប្បធម៌​និង​វិចិត្រសិល្បៈ ទី​២. វិទ្យាស្ថាន​មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ទី​៣. វិទ្យាស្ថាន​ជីវសាស្ត្រ វេជ្ជសាស្ត្រ និង​កសិកម្ម ទី​៤.​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ទី​៥. វិទ្យាស្ថាន​ភាសាជាតិ ទី​៦. វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា រួមទាំង​ឧបសម្ព័ន្ធ​ចំនួន​៥​គឺ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ,​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​, មជ្ឈមណ្ឌល​សិក្សា​ចិន និង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន​ឬ​ស្សី​ត្រឹប​។ ក្រៅពីនេះ ក៏​ជា​កន្លែង​បង្ហាញ​ស្នាដៃ​ស្រាវជ្រាវ​របស់​អ្នកប្រាជ្ញ​ផងដែរ​។ នេះ​បើតាម​លោក យង់ ពៅ​។ 


រូបភាពពីក្រសួងព័ត៌មាន
 
​លោក យង់ ពៅ សង្កត់ធ្ងន់ថា «​អគារ​ដែលមាន​ឈ្មោះថា ខេ​មរ​វិទូ​នេះ​គឺជា​អគារ​ដែល​ផុស​ឡើង​ដោយ​ខ្មែរ​សុទ្ធសាធ គឺ​ស្ថាបត្យករ​ខ្មែរ ហើយ​ជាម​ន្ត្រី​រាជបណ្ឌិត្យសភាកម្ពុជា គូស​ប្លង់​ហ្នឹង​ឡើង ។​លុយ​កញ្ចប់​ថវិកា​ជា​អំណោយ​របស់​សម្តេច ហ៊ុន សែន​។ អ៊ីចឹង​ជា​អគារ​ខ្មែរ ស្ថាបត្យកម្ម​ខ្មែរ អ្នក​សាងសង់​ក៏​ជា​ខ្មែរ លុយ​ខ្មែរ​តែម្តង លុយ​ជាតិខ្មែរ​សម្រាប់​បម្រើឱ្យ​ការងារ​ស្រាវជ្រាវ​របស់​ខ្មែរ​»៕ 
 
​អគារ​ខេ​មរ​វិទូ​មាន​ក្រឡា​ផ្ទៃ​១៦.២៥០​ម៉ែត្រការ៉េ ហើយ​អគារ​នេះ ជា​ស្នាដៃ​របស់​ស្ថាបត្យករ​ខ្មែរ សុទ្ធសាធ និង​ត្រូវបាន​សាងសង់​ដោយ​កងវិស្វកម្ម​សម្ដេច ហ៊ុន សែន​៕

© រក្សាសិទ្ធិដោយ thmeythmey.com