ជាតិ
រយៈពេល៦០ថ្ងៃ អាជ្ញាធររកឃើញជនបរទសជាង៤ម៉ឺននាក់ កំពុងស្នាក់នៅក្នុងខេត្តព្រះសីហនុ
× ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរកឃើញមានជនបរទេសសរុបចំនួន ៤០.៧៧០នាក់ ក្នុងនោះមាន៥៧សញ្ជាតិ និងមានអាជីវកម្ម ចំនួន២១ប្រភេទ កំពុងស្នាក់នៅក្នុងខេត្តព្រះសីហនុ។ តួលេខនេះ ទទួលបានពីការចុះត្រួតពិនិត្យតាមគោលដៅអាជីវកម្ម និងកន្លែងស្នាក់នៅអចិន្ត្រៃយ៍ជនបរទេសចំនួន ២.០៥២ គោលដៅ ក្នុងរយៈពេល៦០ថ្ងៃ និងត្រូបាន បង្ហាញក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ដំបូង ស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេស របស់ក្រុមការងារចុះជួយគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៧ កុម្ភៈ នៅសាលាខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេសប៊ុកលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍។
យ៉ាងណាក៏ដោយ សមត្ថកិច្ចទទួលបានព័ត៌មានជាក់លាក់តែទីតាំងអាជីវកម្ម និងកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ពួកគេប៉ុណ្ណោះ ប៉ុន្តែមិនទទួលបានទិន្នន័យជាក់លាក់ ពីចំនួនជនបរទេសដែលស្នាក់នៅ និងបម្រើការងារនៅក្នុងទីតាំងអាជីវកម្មរបស់ជនបរទេសទាំងនោះឡើយ។ មូលហេតុត្រូវបានសមត្ថកិច្ច បញ្ជាក់ថា ទីតាំងខ្លះមិនផ្ដល់ទិន្នន័យពេញលេញ។
ទោះយ៉ាងនេះក្តី លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានសរសើរពីកិច្ចខិតខំរបស់ក្រុមការងារ ចំពោះការចុះត្រួតពិនិត្យវត្តមានជនបរទេសនៅខេត្តព្រះសីហនុរយៈពេលកន្លងមកនេះ។ជាមួយគ្នានេះ លោក បានជំរុញដល់ក្រុមការងារបន្ត និងប្រឹងប្រែងបន្ថែមទៀត ក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេសនេះ ជាពិសេសជំរុញដល់ម្ចាស់ទីតាំងអាជីវកម្មទាំងអស់ ត្រូវតែផ្ដល់ទិន្នន័យជាក់លាក់នៃចំនួនជនបរទេស ដែលស្នាក់នៅ និងបម្រើការងារ សំដៅងាយស្រួលក្នុងការគ្រប់គ្រង។ បើនៅតែមានការលាក់បាំង និងផ្ដល់ទិន្នន័យមិនជាក់លាក់ទៀត សមត្ថកិច្ចនឹងចាត់វិធានការផ្លូវច្បាប់។ នេះជាបន្ថែមរបស់លោក គៀត ច័ន្ទថារិទ្ធ។
សូមបញ្ជាក់ថា ក្រុមការងារគាំ ទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ បង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៨ ក្នុងគោលដៅធានានិរន្តរភាពនៃការអភិវឌ្ឍ និងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងជនបរទេស ដែលបានមកស្នាក់នៅ និងធ្វើអាជីវកម្មក្នុងខេត្តជាប់សមុទ្រមួយនេះ៕
Tag:
ជនបរទេស
អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com