ជាតិ
អាជ្ញាធរ​នឹង​សង់​អាង​ស្ដុក​ទឹក​ក្រោម​ដី​,​ស្ថានីយ​បូមទឹក និង​ជីក​ប្រព័ន្ធ​លូ ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង​ក្នុង​ទីក្រុង​
11, Feb 2019 , 8:59 am        
រូបភាព
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ នឹង​សាងសង់​អាង​ស្ដុក​ទឹក​ក្រោម​ដី​,​ស្ថានីយ​បូមទឹក និង​ជីក​ប្រព័ន្ធ​លូ ដើម្បី​ពង្វាង​ទឹក​កខ្វក់​ចេញពី​ទន្លេបាសាក់​តូច ទៅ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​។ ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​រំដោះ​ទឹក និង​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ កាន់តែ​ប្រសើរ ជាពិសេស​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី ៨ ខែកុម្ភៈ​។​

 
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា គម្រោង​នេះ នឹងចូលរួម​ចំណែក​ដ​ល់​ការរំដោះ​ទឹក​ក្នុង​រាជធានី​ភ្នំពេញ និង​ជៀសវាង​ការ​ជន់​លិច ដោយ​ចាប់ផ្ដើម​អនុវត្ត​ក្នុង​ខែកុម្ភៈ​នេះ ហើយ​គ្រោង​បញ្ចប់ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ ។ បើតាម​លោក ម៉េ​ត មាស​ភក្ដី គម្រោង​នេះ នឹង​ជីក​ដាក់​បណ្ដាញ​លូ​មេ​ពង្វាង​ទឹក​កខ្វក់ ចេញពី​ទន្លេបាសាក់​តូច តាម​បណ្ដោយ​វិថី​ស​ប៊ិ​ត មហាវិថី​សម្ដេច​សុធារស និង​កំណាត់​មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទន្លេបាសាក់​។ 
 
​ក្នុង​គម្រោង​ដដែល សាលា​រាជធានី​ភ្នំពេញ នឹង​សាងសង់​អាង​ស្ដុក​ទឹក​ក្រោម​ដី​ចំនួន ២​ទីតាំង ដោយ​ទី​តាំងទី​១ ជា​អាង​ស្ដុក​ទឹក​ដែលមាន​ចំណុះ​ប្រមាណ ៣០០០​ម៉ែត្រគូប និង​ស្ថានីយ​បូមទឹក នៅ​សួនច្បារ​ស្ពាន​នាគ​ភ្លោះ​។ ចំណែក​ទីតាំង​ទី​២ សាងសង់​អាង​ស្ដុក​ទឹក​ដែលមាន​ចំណុះ ១០០​ម៉ែត្រ និង​បំពាក់​ម៉ូ​ទ័​រ​ស្វ័យប្រវត្តិ នៅ​ជ្រុង​របង​ស្ថានទូត​រុស្ស៊ី​។​
 
​លោក ម៉េ​ត មាស​ភក្ដី បញ្ជាក់ថា ថវិកា​សម្រាប់​អនុវត្ត​គម្រោង​សាងសង់​នេះ ជា​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ​។ សាលា​រាជធានី​ភ្នំពេញ នឹង​បើក​ការដ្ឋាន​ជីក​សាកល្បង​រកមើល​ប​ណ្ដា​ញ​ក្រោម​ដី​នៅ​ចំណុច​មួយចំនួន នា​គន្លង​វិថី​ស​ប៊ិ​ត មហាវិថី​សម្ដេច​សុធារស និង​កំណាត់​មហាវិថី​ម៉ៅ​សេទុង​៕ 
 

Tag:
 សាលា​រាជធានី​ភ្នំពេញ​
  បឹង​ជើងឯក​
  អាង​ស្ដុក​ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com