ជាតិ
ACU បើកការស៊ើបអង្កេតលើអតីតមេប៉េអឹមរតនគិរីលោក គឹម រស្មី លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស៊ើបអង្កេតលើលោក គឹម រស្មី អតីតមេប៉េអឹមខេត្តរតនគិរី
× ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងបើកការស៊ើបអង្កេតលើករណីលោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ស្របពេលសាធារណជន ដាក់ការសង្ស័យលើមេប៉េអឹមរូបនេះ ថាអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ លោក គឹម រស្មី ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ត្រូវបានព្រះមហាក្សត្រ ចេញពីរាជក្រឹត្យលុបឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។
ដើម្បីដោះស្រាយចម្ងល់មហាជននោះ លោក ឱម យ៉ិនទៀង បានបញ្ជារឲ្យមន្ត្រីជំនាញចុះស៊ើបអង្កេតលើករណីលោក គឹម រស្មី នេះហើយ ។ ស្ថិតនៅក្នុងដំណាក់កាលដំបូងនេះ លោក ឱម យ៉ិនទៀង មិនទាន់អាចបញ្ជាក់អ្វីនោះទេ ដោយលោក អះអាងថា ត្រូវការពេលវេលាយូរស៊ើបអង្កេតលម្អិតករណីនេះបន្ថែមទៀត។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានប្រឆាំងអំពើពុករលួយរូបនេះ បានបញ្ជាក់ដូច្នេះថា៖«អង្គភាពផ្អែកទៅលើព័ត៌មានរបស់ខ្លួនឯង អង្គភាពក៏បានស្រង់យកព័ត៌មានល្អផ្សេងៗទៀតពីប្រភពចំហរ (Open Soft) ហើយយើងក៏បានធ្វើការ បើកការស៊ើបអង្កេតរួចទៅហើយដែរ មុននឹងមានការបកស្រាយច្រើនលើបញ្ហាហ្នឹង។ យើងក៏ឃើញកង្វល់របស់សង្គមដែរលើបញ្ហាហ្នឹង យើងក៏ខិតខំជំរុញរឿងនេះឲ្យទាន់សភាពការណ៍ក្តៅៗនៃការចង់ដឹងរបស់មហាជនដែរ »។
សូមស្ដាប់សំឡេង៖
ចំណាត់ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ លើអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីនេះ គឺកើតចេញពីការសង្ស័យរបស់អង្គភាពខ្លួន ពោលគឺមិនមែនមានពាក្យបណ្ដឹងមកពីខាងណាឡើយ។ នេះជាការអះអាងរបស់លោក ឱម យ៉ិនទៀង។
លោក គឹម រស្មី ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ត្រូវបានព្រះមហាក្សត្រ ចេញពីរាជក្រឹត្យលុបឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។ ភ្លាមៗក្រោយព្រះរាជក្រឹត្យបញ្ចប់ក្របខណ្ឌនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរលើហ្វេសប៊ុកភ្ជាប់ករណីលោក គឹម រស្មី យ៉ាងដូច្នេះថា៖«នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់»។
ការលុបឈ្មោះលោក គឹម រស្មី ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទនេះ ត្រូវបានគេមើលឃើញថា វាបានកើតឡើងក្រោយមានបង្ហោះវិដេអូលើបណ្តាញសង្គម រឿងចែកលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅកូនៗនៅក្នុងពិធីខួបកំណើតរបស់ខ្លួន។ វិដេអូនេះប្រកាសចែកលុយកូនហើយ ដែលធ្វើឲ្យមហាជន ដាក់ការសង្ស័យលើភាពមិនប្រក្រតីរបស់លោក គឹម រស្មី ក្នុងការបំពេញតួនាទីរបស់មេបេអឹមខេត្តរតនគិរីនេះ៕
Tag:
ឱម យ៉ិនទៀង
គឹម រស្មី
ACU
© រក្សាសិទ្ធិដោយ thmeythmey.com