អន្តរជាតិ
អូស្ត្រាលី​ទិញ​នាវាមុជទឹក ១២​គ្រឿង​ពី​បារាំង​ដើម្បី​ពង្រឹង​ឥទ្ធិពល​ក្នុង​ដែន​មហាសមុទ្រ​ប៉ាស៊ីហ្វិក​
11, Feb 2019 , 11:14 am        
រូបភាព
នាវាមុជទឹកដែលក្រុមហ៊ុនបារាំង Naval Group ផលិតឲ្យអូស្ត្រាលី។ (រូបភាព Naval Group)
នាវាមុជទឹកដែលក្រុមហ៊ុនបារាំង Naval Group ផលិតឲ្យអូស្ត្រាលី។ (រូបភាព Naval Group)
​អូស្ត្រាលី នៅ​ថ្ងៃទី​១១ ខែកុម្ភៈ បាន​ចុះ​កិច្ចព្រមព្រៀង​លើ​វិស័យ​ការពារជាតិ​ជាមួយ​បារាំង​ដើម្បី​ផលិត​នាវាមុជទឹក​ចំនួន​១២​គ្រឿង​។ កិច្ចព្រមព្រៀង​ដែលមាន​ទំហំ​ទឹកប្រាក់​៥០​ពាន់​លាន​ដុល្លារ​នេះ គឺជា​ការចំណាយ​ទ្រង់ទ្រាយ​ធំ​លើកដំបូង​បំផុត​របស់​អូស្ត្រាលី​ក្នុងការ​ពង្រឹង​វិស័យ​យោធា​របស់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។ វា​បង្ហាញ​ពី​ជំហរ​អូស្ត្រាលី​ក្នុងការ​សម្ញែង​ឥទ្ធិពល​ក្នុង​តំបន់​ដែល​កំពុងតែ​ស្ថិត​ក្នុងការ​ប្រជែង​គ្នា​រវាង​ចិន និង​អាមេរិក​។​

 
​បន្ទាប់ពី​ពន្យារពេល​អស់ពីរ​ឆ្នាំ ហើយ​ចោមរោម​ដោយ​ប្រតិកម្ម​ជាច្រើន អូស្ត្រាលី និង​បារាំង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​អូស្ត្រាលី​នឹង​ចំណាយលុយ​ដល់​ទៅ​៥០​ពាន់​លាន​ដុល្លារ​ដើម្បី​ទទួលបាន​នាវាមុជទឹក​ចំនួន​១២​គ្រឿង​។ នេះ​ជា​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​ការពារជាតិ​ដ៏​ធំ​មួយ​លើ​ពិភពលោក ខណៈ​អូស្ត្រាលី​កំពុង​ព្យាយាម​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ឲ្យ​ខ្លាំង​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។   
 
​ក្រុង​កង់់​បេ​រ៉ា បានជ្រើសរើស​យក​ក្រុមហ៊ុន​បារាំង Naval Group ដើម្បី​សាងសង់​នាវាមុជទឹក​ស៊េរី​ថ្មី​ទាំង​១២​គ្រឿង​នេះ​កាលពី​ការដេញថ្លៃ​ក្នុង​ឆ្នាំ​២០១៦ ដោយ​បដិសេធ​ការដេញថ្លៃ​របស់​ក្រុមហ៊ុន​ជប៉ុន និង​អាល្លឺម៉ង់​ជាដើម​។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន បាន​សាទរ​គម្រោង​ដ៏​មហិមា​មួយ​នេះ ព្រោះ​វា​ជា​គម្រោង​ទិញ​សព្វាវុធ​ធំជាងគេ​របស់​អូស្ត្រាលី​ក្នុង​សម័យកាល​សន្តិភាព​បែបនេះ​។ សម្រាប់​ក្រុមហ៊ុន​បារាំង នេះ​ក៏​ជា​កិច្ចព្រមព្រៀង​លក់​ដ៏​ធំ​ដែរ​។​
 
​បើតាម​កិច្ចព្រមព្រៀង​នេះ នាវាមុជទឹក​ដំបូង​នឹងត្រូវ​ប្រគល់​ឲ្យ​អូស្ត្រាលី​នៅ​រង្វង់​ឆ្នាំ​២០៣០ ហើយ​នាវា​ចុងក្រោយ​នៅ​ឆ្នាំ​២០៥០ ។ នាវា​ទាំង​១២​គ្រឿង​នេះ គឺជា​សាច់ដុំ​សំខាន់​របស់​អូស្ត្រាលី​ក្នុងការ​ផែនការ​ព​ង្រឹ​ក​សមត្ថភាព​យោធា​ដើម្បី​ការ​ផលប្រយោជន៍​យុទ្ធសាស្ត្រ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ចិន និង​អាមេរិក​កំពុង​ព្យាយាម​ដណ្ដើម​ឥទ្ធិពល​ដែរនោះ​។​
 
​យ៉ាងណាមិញ មានមតិ​ខ្លះ​រិះគន់​ចំណាត់ការ​របស់​អូស្ត្រាលី និង​អះអាងថា ផែនការ​បង្កើន​សមត្ថ​ភាព​យោធា​នេះ​ហាក់​ហួសពេល​ទៅហើយ​។ នេះ​ក៏​ព្រោះតែ​ដែនទឹក​មហាសមុទ្រ​ប៉ាស៊ីហ្វិក កំពុងស្ថិត​ក្នុងការ​ប្រទាញប្រទង់​ក្ដៅគគុក​របស់​រវាង​ក្រុង​ប៉េកាំង ក្រុង​វ៉ាស៊ីនតោន និង​មហាអំណាច​តំបន់​ផ្សេងទៀត ដែល​ចង់​ពង្រីក​ឥទ្ធិពល​របស់​ពួកគេ​ទៅលើ​ប្រទេស​តូចៗ​។ ក្រុង​ប៉េកាំង​ហាក់​បង្កើនបាន​ច្រើនជាងគេ​ក្នុងចំណោម​រដ្ឋ​ក្រីក្រ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​តាមរយៈ​ការ​ជះ​លុយ​ស​ន្ធឹ​សន្ធាប់​។​
 
​ទោះជា​យ៉ាងណា ជាមួយនឹង​វត្តមាន​នាវា​មុជ​ទាំង​១២​គ្រឿង​នេះ អូស្ត្រាលី​ពិតជា​អាចធ្វើ​ឲ្យ​ប្រទេស​ផ្សេង​ញញើត​ខ្លះ និង​អាច​រក្សា​ផលប្រយោជន៍​បានដែរ​។ រដ្ឋមន្ត្រី​ការពារជាតិ​បារាំង Florence Parly ដែលជា​អ្នកចុះហត្ថលេខា​តំណាង​ឲ្យ​ក្រុងប៉ារីស​និយាយថា កិច្ចព្រមព្រៀង​នេះ​ជាការ​ជឿទុកចិត្ត​គ្នា​ទៅមក​រវាង​បារាំង និង​អូស្ត្រាលី​៕ 
 

Tag:
 អូស្ត្រាលី​
  បារាំង​
  ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com