ជាតិ
សង្គមជាតិ
ក្រសួងអប់រំបន្ថែមមុខវិជ្ជាសរសេរកូដ សម្រាប់សិស្សស្រី ដើម្បីជំរុញផ្នែកបច្ចេកវិទ្យា រូបភាពពីក្រសួងអប់់រំ យុវជន និងកីឡា
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បង្កើតកម្មវិធីថ្មីមួយមុនគេបង្អស់នៅកម្ពុជាគឺ «Sister of Code» សម្រាប់ឲ្យសិស្សស្រីដែលរៀននៅតាមវិទ្យាល័យ រៀនពីរបៀបសរសេរកូដ ដែលជាបច្ចេកវិជ្ជាទំនើប សម្រាប់ជាដើមទុននៅថ្ងៃអនាគត។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ បាននិយាយថា មូលហេតុដែលក្រសួងអប់រំរៀបចំកម្មវិធី«Sister of Code» នេះ ដោយសារឃើញវត្តមានសិស្សស្រីនៅកម្ពុជា មិនទាន់មានឱកាសក្នុងការរៀនពីរបៀបសរសេរកូដឲ្យវិសាលភាព ឆ្លើយតបនឹងការវិវដ្តសម័យបច្ចេកវិទ្យានៅឡើយ។ដូច្នេះតាមរយៈកម្មវិធីនេះ លោកជឿជាក់ថា សិស្សស្រីទាំងអស់នឹងអាចយល់ដឹងបន្ថែមពីរបៀបសរសេរកូដ ដែលជាបច្ចេកវិជ្ជាទំនើប សម្រាប់ជាមូលដ្ឋានគ្រឹះសិក្សានៅថ្នាក់មហាវិទ្យាល័យផងដែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងចង់លើកកម្ពស់ឲ្យសិស្សស្រីរៀនផ្នែកវិទ្យាសាស្ត្រឲ្យកាន់តែច្រើន ដោយសារចំនួនសិស្សស្រីដែលយល់ដឹងពីផ្នែកសរសេរកូដនេះ មានបរិមាណតិចជាងសិស្សប្រុស។ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍផ្នែកបច្ចេកវិជ្ជាទំនើបនៅក្នុងសង្គមបច្ចុប្បន្ន យើងនឹងជំរុញឲ្យសិស្សស្រី មានជំនាញផ្នែកបច្ចេកវិទ្យា និងរៀនពីការអភិវឌ្ឍWebsite ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត»។
ជាជំហានដំបូង ក្រសួងអប់រំចង់សាកល្បងបើកបង្រៀនវគ្គនេះចំនួនតែ៦ខែសិន ដោយរៀនតែមួយថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ និងរៀនរយៈពេល២ម៉ោងកន្លះក្នុងមួយថ្ងៃ សម្រាប់តែវិទ្យាល័យចំនួន២ ដូចជា វិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យ ហ៊ុន សែន សេរីភាព។ ប្រសិនជាកម្មវិធីនេះជោគជ័យ ក្រសួងនឹងរៀបចំឲ្យមានកម្មវិធីនេះឲ្យទូលំទូលាយបន្ថែមទៀតផងដែរ។ នេះជាការបញ្ជាក់របស់លោក ឌី ខាំបូលី។
«Sister of Code» គឺជាកម្មវិធីថ្មីមួយបន្ថែមលើមុខវិជ្ជាសិក្សារបស់សិក្សានុសិស្សដែលរៀននៅថ្នាក់វិទ្យាល័យ ដែលក្រសួងអប់រំនឹងផ្តល់ឱកាសឲ្យសិស្សស្រីអាចរៀនសូត្របន្ថែមពីរបៀបសរសេរកូដ។ កម្មវិធីនេះ អាចអនុញ្ញាតឲ្យសិស្សស្រីដែលមានអាយុចាប់ពី១០ឆ្នាំ ទៅ១៨ឆ្នាំ ទើបមានសិទ្ធិមកចុះឈ្មោះដោយរៀនឥតគិតថ្លៃ។ ក្រសួងអប់រំ បានសហការរួមគ្នាជាមួយគ្រឹះស្ថានបណ្តុះបណ្តាល IT Academy STEP Cambodia និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) បង្កើតកម្មវិធីនេះឡើង៕
Tag:
ក្រសួងអប់រំ
កូដ
សិស្ស
ស្រី
ឌីជីថល
STEM
© រក្សាសិទ្ធិដោយ thmeythmey.com