ឡៅ ចិ​ត្រា ថា​បងប្រុស​ទាំងពីរ ចន្ទ្រា និង​ស៊ី​ណាត ជួយ​ជ្រោមជ្រែង​ខ្លួន​មកដល់​ថ្ងៃនេះ​
ONE Championship
កីឡាជាតិ
ជាតិ
ឡៅ ចិ​ត្រា ថា​បងប្រុស​ទាំងពីរ ចន្ទ្រា និង​ស៊ី​ណាត ជួយ​ជ្រោមជ្រែង​ខ្លួន​មកដល់​ថ្ងៃនេះ​
11, Feb 2019 , 8:59 pm        
រូបភាព
កីឡាករ ឡៅ ចិត្រា (ខៀវ) ត្រូវបានអាជ្ញាកណ្តាលលើកដៃក្រោយទទួលបានជ័យជម្នះក្នុងស៊ីហ្គេមកាលពីពេលកន្លងទៅ
កីឡាករ ឡៅ ចិត្រា (ខៀវ) ត្រូវបានអាជ្ញាកណ្តាលលើកដៃក្រោយទទួលបានជ័យជម្នះក្នុងស៊ីហ្គេមកាលពីពេលកន្លងទៅ
​អត្ថបទ​៖ Matias Andres
 
​តារា​គុន​ខ្មែរ ឡៅ ចិ​ត្រា ថា​ការបោះ​ជំហាន​ចូលក្នុង​អាជីព​ប្រដាល់​មកដល់​ថ្ងៃនេះ ដោយសារ​ការគាំទ្រ​ពី​គ្រួសារ និង​ជាពិសេស​មានការ​ជ្រម​ជ្រែង​ពី​សំណាក់​បងប្រុស​ទាំងពីរ​របស់គេ​គឺ ឡៅ ចន្ទ្រា និង​ឡៅ ស៊ី​ណាត យ៉ាងខ្លាំង​។​

 
​ថ្ងៃ​សៅរ៍ ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ ចិ​ត្រា ត្រូវ​ប៉ះ Superlek Kiatmoo9 ជើង​ខ្លាំង​របស់​ថៃ នៅក្នុង​សង្វៀន​ប្រយុទ្ធ ONE: CLASH OF LEGENDS ដែល​ស្ថិតក្នុង​ក្រុង​បាងកក​។​
 
​ការឡើង​សង្វៀន​ធំ​របស់ ចិ​ត្រា ខាងមុខនេះ បងប្រុស​ធំ​របស់គេ ឡៅ ស៊ី​ណាត នឹង​តាម​ទៅ​ឲ្យ​ទឹក និង​ចាំ​ផ្តល់​កម្លាំងចិត្ត​ផងដែរ​។​
 
​ចិ​ត្រា ពន្យល់​ពី​ទំនាក់ទំនង​បងប្អូន​ថា​៖ «​បង​ចន្ទ្រា និង​បងប្រុស​ធំ ស៊ី​ណាត ពួកគាត់​ចាំ​ជួយ​ខ្ញុំ​រហូត​ពេល​ខ្ញុំ​មាន​បញ្ហា ឬ​មានការ​អី​។ មិនមែន​តែ​ខាង​ប្រដាល់​មួយ​មុខ​ទេ និយាយ​ទៅគ្រប់​បែបយ៉ាង​ទាំងអស់​»​។​
 
​ដ្បិត​តែមាន​បងប្រុស​ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​ស្រាប់​មែន ប៉ុន្តែ​ចិ​ត្រា ដែលជា​កូនប្រុស​ពៅ​នៅក្នុង​គ្រួសារ​ប្រាប់ថា​បងប្រុស​របស់គេ​មិនបាន​ដាក់​សម្ពាធ​ឲ្យ​ខ្លួន​ចាប់យក​អាជីព​ដូចគ្នានេះ​ទេ​។ កីឡាករ​ដែលមាន​ស្រុក​កំណើត នៅ​ខេត្តកំពង់ស្ពឺ​នេះ​បន្តថា​។ ទោះ​នៅ​តូចក្រូចឆ្មា​ក្តី តែ​រូបគេ​មានចិត្ត​ចង់​ឡើង​សង្វៀន​ប្រកួត​ដោយ​ខ្លួនឯង​។ 
 
«​អត់​មាន​នរណា​ដាក់​ខ្ញុំ​ឲ្យ​ចូល​អាជីព​ហ្នឹង​ទេ គឺ​ខ្ញុំ​ស្រលាញ់​វា​ខ្លួនឯង​តាំងពីក្មេង​ម្ល៉េះ ខ្ញុំ​ចូលចិត្ត​ប្រដាល់​ខ្លាំងណាស់ ពេល​បង​ស៊ី​ណាត គាត់​ចាប់​ផ្តើមឡើង​វាយ ខ្ទង់​១៥​ឆ្នាំមុន កាល​នៅ​តូច​ចូលចិត្ត​វាយ​គ្នា​រហូត ប៉ុន្តែ​វាយ​អត់​ដែល​ឈ្នះ​គេ​ទេ គេ​វាយ​យំ​រហូត​»​។ 
 
​គួរ​រំលឹក​ផង​ថា ពេល​ចិ​ត្រា ចាប់ផ្តើម​ឡើង​ប្រកួត​អាជីព​ដំបូង ត្រូវគេ​វាយ​សន្លប់​យ៉ាងធ្ងន់ធ្ងរ ជាហេតុ​បង្ខំ​ខ្លួប​ត្រូវ​ពិចារណា​ឡើងវិញ​ពី​ជម្រើស​អនាគត​កំពុង​ដើរ​នេះ​។​
 
«​កាល​ប្រកួត​លើក​ទី​៧ ខ្ញុំ​បែក​ប្រហែល ១១​ថ្នេរ ខ្ញុំ​សន្លប់​តាំងពី​ភ្នំពេញ​រហូតដល់​កំពង់​ស្ពឺ​អត់​ទាន់​ដឹងខ្លួន​ផង​។ បងស្រី និង​ម៉ា​ក់ថា​ឲ្យ​ឈប់​ទៅ ប៉ុន្តែ​ខ្ញុំ​ថា​វាយ​ដល់​កម្រិត​ហ្នឹងហើយ ឲ្យ​ឈប់​មិច​បាន ជ្រុល​វាយ​ហើយ វាយ​ឲ្យ​ដល់ត្រើយ​»​។​
 
​ក្នុងនាម​ជា​ប្អូន​ពៅ​ក្នុង​គ្រួសារ ចិ​ត្រា ទទួលបាន​ការជួយ​ជ្រម​ជ្រែង​ពេញទំហឹង​ពី​បងប្រុស​ស៊ី​ណាត និង​ចន្ទ្រា​។ បងប្រុស​ទាំងពីរ​សុទ្ធតែជា​អ្នក​ប្រដាល់​ទាំងអស់ ប៉ុន្តែ​មានតែ​ចិ​ត្រា​ទេ បាន​ឧកាស​បញ្ចេញស្នាដៃ​មុនគេ​លើស​ង្វៀន​ពិភពលោក​ធំជាងគេ​ដើម្បី​តំណាង​កម្ពុជា​។​
 
​ថ្វីបើ​ពីមុន ទាំង​បងស្រី និង​ម្តាយ មិន​សប្បាយចិត្ត ហើយ​មិន​អនុញ្ញាត​ឲ្យ​ចូល​ហាត់​ប្រដាល់​អាជីព​ក៏ពិតមែន សព្វថ្ងៃ​ចិ​ត្រា​ថា​គ្រប់យ៉ាង​បាន​ប្រសើរ​ជាង​មុន​បន្តិច​ហើយ​។​
 
​ថ្ងៃ​សៅរ៍ ទី​១៦ ខាងមុខនេះ អ្នកលេង​គុន​ខ្មែរ​នឹង​ដើរចូល​ក្នុង​ទ្រុង ONE Championship ម្តងទៀត​។ យ៉ាងណាក៏ដោយ​ចិ​ត្រា​មិន​ភ្លេច​រំលឹក​គុណ​ដល់​អ្នក​ជួយ​ជ្រម​ជ្រែង​ឲ្យ​បាន​ជោគជ័យ​ដល់​សព្វថ្ងៃ​នេះដែរ​។​
 
«​បង​ទាំងពីរ​នាក់​គឺ​សំខាន់​ខ្លាំងណាស់​សម្រាប់​ខ្ញុំ ពួកគាត់​ជួយ​ច្រើន​មែនទែន ខ្ញុំ​គ្មាន​ថ្ងៃ​ហ្នឹង​ទេ បើ​អត់​មាន​ពួកគាត់​»៕ 
 

Tag:
 ​ប្រដាល់​
  ឡៅ ចិ​ត្រា​
© រក្សាសិទ្ធិដោយ thmeythmey.com