អន្តរជាតិ
លោក ប៉ុ​ម​ប៉េ​អូ ធ្វើ​ទស្សនកិច្ច​បី​ប្រទេស​នៅ​អឺរ៉ុប​កណ្ដាល​ដើម្បី​ពង្រឹង​ឥទ្ធិពល​អាមេរិក​ឡើងវិញ​
11, Feb 2019 , 9:19 pm        
រូបភាព
ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នឹងធ្វើ​ទស្សនកិច្ច​មួយ​ជុំ​នៅ​ប្រទេស​នៅ​អឺរ៉ុប​កណ្ដាល ជាទី​ដែល​អាមេរិក​បាន​មើលរំលង​អស់​ពេល​ជាច្រើន​ឆ្នាំ​។ ការមិន​អើពើ​កិច្ចការ​នៅ​តំបន់​នេះ ក្លាយជា​ឱកាស​សម្រាប់​ចិន និង​រុស្ស៊ី​ក្នុងការ​បង្កើន​ឥទ្ធិពល​របស់​ពួកគេ​តាមរយៈ​ការធ្វើ​ជំនួញ​ទ្វេភាគី​។ យ៉ាងណាក្ដី មន្ត្រី​ក្រសួងការបរទេស​អាមេរិក​អះអាងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ប៉ុ​ម​ប៉េ​អូ ជា​សញ្ញា​បង្ហាញ​ពី​ការ​ងាក​ទៅ​ពង្រឹង​ទំនាក់ទំនង​ឡើងវិញ​។​

 
​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នឹង​ផ្ដើម​ទស្សនកិច្ច​នៅ​រដ្ឋធានី​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​បី​ប្រទេស​នៅ​តំបន់​អឺរ៉ុប​កណ្ដាល​។ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ចុងក្រោយ​ដែល​ជាន់​ទឹកដី​ប្រទេស​នេះ​កាលពី​ឆ្នាំ​២០១១ ។ ចេញពី​ហុង​គ្រី លោក ប៉ុ​ម​ប៉េ​អូ នឹង​បន្តដំណើរ​ទៅកាន់​ទឹកដី​ស្លូ​វ៉ា​គី​នៅ​ថ្ងៃទី​១២ ដែល​ធ្វើ​ឲ្យ​ក្លាយជា​មន្ត្រីជាន់ខ្ពស​អាមេរិក​ដំបូង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ​ក្នុង​រយៈ​ណេ​ល​២០​ឆ្នាំ​។ 
 
​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ លោក ប៉ុ​ម​ប៉េ​អូ នឹងធ្វើ​ដំណើរ​ទៅកាន់​ប៉ូឡូញ​ដែលជា​គោលដៅ​ចុងក្រោយ​។ នៅ​ប៉ូឡូញ ប្រមុខ​ការទូត​អាមេរិក​នឹងចូលរួម​ក្នុងជំនួប​ស្ដីពី​មជ្ឈិមបូព៌ា ហើយ​គេ​រំពឹងថា អាមេរិក​នឹង​ប្រមូល​កម្លាំង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដើម្បី​ប្រឆាំង​អ៊ីរ៉ង់​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក​។​
 
​ច្បាស់​ណាស់ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​ការទូត​អាមេរិក​លើក​នេះ មាន​គោលដៅ​ពង្រឹង​ឥទ្ធិពល​អាមេរិក​ក្នុង​តំបន់​នេះ​ឲ្យ​កាន់តែ​រឹងមាំ​ឡើងវិញ​។ មន្ត្រីរដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ម្នាក់​និយាយថា ទស្សនកិច្ច​លោក ប៉ុ​ម​ប៉េ​អូ វា​ហាក់ដូចជា​ហួសពេល ប៉ុន្តែ​ជា​រឿង​ចាំបាច់​។ បានន័យថា ការ​ត្រឡប់​ទៅ​រឹតចំណង​ការទូត​នេះ មាន​គោលដៅ​ប្រកួតប្រជែង​ដោយ​វិជ្ជមាន និង​បង្ហាញ​ពី​ការផ្ដល់​ការគាំទ្រ​របស់​អាមេរិក​ដ​ដើម្បី​ក្លាយជា​ជម្រើស​ថ្មី​បន្ថែម​លើ​ចិន និង​រុស្ស៊ី​។​
 
​អាមេរិក ពិតជា​បារម្ភ​ចំពោះ​ការកើនឡើង​ឆាបរ់ហ័ស​នៃ​ឥទ្ធិពល​គូប្រជែង​របស់ខ្លួន​ក្នុង​តំបន់​នេះ​។ ក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បារម្ភ​ចំពោះ​ការរកស៊ី​របស់​ក្រុម​បច្ចេកវិទ្យា​ធំជាងគេ​របស់​ចិន​នៅ​អឺរ៉ុប​កណ្ដាល និង​ចោទថា សម្ភារៈ​របស់​ក្រុមហ៊ុន​ចិន​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​លួច​ព័ត៌មាន​សម្ងាត់​ទៀតផង​។ ទោះជា​មានការ​បដិសេធ​ក្ដី ក្រុម​ប្រទេស​លោកខាងលិច​កំពុង​រក​ផ្លូវ​ទប់ស្កាត់​ការ​ព​ង្រឹ​ក​ខ្លួន​របស់​ចិន​តាមរយៈ​បច្ចេកវិទ្យា​នេះ​។​
 
​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ក៏​នឹង​ប្រាប់​ឲ្យ​រដ្ឋ​អាមេរិក​កណ្ដាល​ប្រយ័ត្ន​នឹង​រុស្ស៊ី ពិសេស​ជំនួញ​ក្នុង​វិស័យ​ឋា​ម​ពល​តែម្ដង​។ នៅ​ប៊ុ​យ​ដា​ប៉ែស លោក ប៉ុ​ម​ប៉េ​អូ នឹង​ប្រាប់​ហុង​គ្រី​មិន​ឲ្យ​គាំទ្រ​គម្រោង​បំពង​បង្ហូរ​ឧស្ម័ន Turkstream ដែលជា​គម្រោង​របស់​រុស្ស៊ី​ក្នុងការ​បង្កើត​បណ្ដាញ​ដឹកជញ្ជូន​ឧស្ម័ន​ទៅកាន់​អឺរ៉ុប ដោយ​មិន​ឆ្លងកាត់​អ៊ុយ​ក្រែ​ន​៕ 
 

Tag:
 អាមេរិក​
  អឺរ៉ុប​កណ្ដាល​
  ចិន​
  រុស្ស៊ី​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ
© រក្សាសិទ្ធិដោយ thmeythmey.com