ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! បំបាត់​ក្លិន​ខ្លួន​មិនល្អ​ឆាប់រហ័ស ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ទាំងនេះ​
11, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​បែកញើស​ហួសប្រមាណ មិន​ត្រឹមតែ​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ខ្មាស់​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​ការរំខាន​ជាខ្លាំង​ផងដែរ​។ រួមផ្សំ​នឹង​កត្តា DNA និង​អាយុ ហើយ​អ្វីដែល​អ្នកទទួល​ទាន​ក៏​ជា​កត្តា​ជះឥទ្ធិពល​លើ​ក្លិន​ខ្លួន​ធម្មជាតិ​ផងដែរ​។ អាហារ​មួយចំនួន​ដូចជា ប៉េងប៉ោះ​, ស្ពៃក្ដោប ឬ​កាហ្វេ បង្កើន​ការ​បែកញើស និង​ធ្វើឱ្យ​ញើស​មាន​ក្លិន​មិនល្អ​។ ថា​តើ​យើង​អាច​ដោះស្រាយ​បញ្ហា​ក្លិន​ខ្លួន​មិនល្អ​ឆាប់រហ័ស​បាន​យ៉ាងដូច​ម្ដេចទៅ​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អ្នក​គួរ​បន្ថែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ រួមទាំង​រូបមន្ត​ធម្មជាតិ​ងាយៗ​ដោះស្រាយ​បញ្ហា​ក្លិន​ខ្លួន ៖

១. ប្រេងដូង​
 
​ប្រេងដូង ជា​ផលិតផល​បែប​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធិភាព​ខ្ពស់បំផុត​មួយ​ដែល​ផ្ដល់ឱ្យ​រាងកាយ​នូវ​ក្លិនក្រអូប​។ វា​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​មេរោគ ហើយ​រារាំង​ការលូតលាស់​នៃ​បាក់តេរី ខណៈដែល​អាស៊ីត lauric នៃ​ប្រេងដូង​កម្ចាត់​ក្លិន​ឆួល​មិនល្អ​នៃ​រាងកាយ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ដូង​ត្រង់​ក្លៀក​ឱ្យបាន​ពី ១ ទៅ ២ ដង​ក្នុង​មួយថ្ងៃ ក្រោយពេល​ងូតទឹក​រួច​។ ហើយក៏​កុំ​ភ្លេច​ទទួលទាន​វា​ជាមួយនឹង​អាហារ ដើម្បី​កម្ចាត់​បញ្ហា​ក្លិន​មាត់​មិនល្អ​។​
 
២. ក្រូចឆ្មារ និង​ផ្លែក្រូច​ដទៃទៀត​
 
​ក្លិន​ក្លៀក​មិនមែនជា​បញ្ហា​តែមួយ​ដែល​លក្ខណៈសម្បត្តិ​សម្លាប់​មេរោគ​របស់​ក្រូចឆ្មារ​ជួយ​កម្ចាត់​បានឡើយ​។ ក៏​ដូច​ទៅនឹង​ប្រេងដូង​ដែរ ទឹកក្រូច​ឆ្មារ​អាច​គ្រប់​គ្រង​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​ដែល​បង្កឡើង​ដោយ​បាក់តេរី​បាន​យ៉ាង​ប្រសើរ​។ ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​មួយ​កែវ​នៅពេល​ព្រឹក​អាចជួយ​ដោះស្រាយ​បញ្ហា​ក្លិន​មាត់​ឆាប់រហ័ស​។ ជម្រើស​ផ្សេងទៀត​ដើម្បី​បំបាត់​ក្លិន​មិនល្អ គឺ​ច្របាច់​ក្រូចឆ្មារ​ម្ខាង រួច​យក​ទឹកក្រូច​ឆ្មារ​នេះ​ទៅ​ដុស​លាប​ក្រោម​បាតជើង ឬ​ត្រង់​ក្លៀក ទុកឱ្យ​ស្ងួត រួច​ងូតទឹក​ជាការ​ស្រេច​។​
 
៣. ជី​វ៉ាន់ស៊ុយ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ក្លរ៉ូភីល និង​ក្លិនក្រអូប​ស្រស់ស្រាយ​ដែល​ធ្វើឱ្យ​វា​ជា​ឱសថ​បែប​ធម្មជាតិ​ជួយ​បំបាត់​បញ្ហា​ក្លិន​ខ្លួន​បាន​យ៉ាង​ប្រសើរ​។ ជី​វ៉ាន់ស៊ុយ​សម្អាត​រាង​កាយ និង​កម្ចាត់​រាល់​បាក់តេរី​ដែល​បណ្ដាលឱ្យមាន​ក្លិន​ខ្លួន​មិនល្អ​។ ការស្រាវជ្រាវ​បង្ហាញថា ជី​វ៉ាន់ស៊ុយ មាន​ប្រសិទ្ធិភាព​ប្រយុទ្ធប្រឆាំង​សមាសធាតុ​ស្ពាន់ធ័រ​ដែល​បង្ក​ក្លិន​ខ្លួន​មិនល្អ​។ អ្នក​អាច​បន្ថែម​ជី​វ៉ាន់ស៊ុយ​ក្នុង​អាហារ ឬ​ឆុង​ដើម ឬ​ស្លឹក​ជី​វ៉ាន់ស៊ុយ​ស្ងួត​ជា​តែ​ដើម្បី​ទទួលទាន​ក៏បាន​។​
 
៤. ជី​អង្កាម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ជី​អង្កាម​ស្រស់​, ស្ងួត ឬ​ប្រើប្រាស់​ប្រេង​ជី​អង្កាម​លាប​ក្លៀក និង​បាតជើង​ជាការ​ស្រេច​។​
 
៥. តែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​សរីរាង្គ និង​សារធាតុ tannin ជួយ​ប្រយុទ្ធប្រឆាំង​ការ​បែកញើស​ហួសប្រមាណ និង​រារាំង​ការលូតលាស់​នៃ​បាក់តេរី​។ តែ​បៃតង​មាន​ប្រយោជន៍​ណាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ក្លិន​ជើង​, រាងកាយ និង​សូម្បីតែ​ខ្យល់​ដង្ហើម​។ ទទួលទាន​តែ​បៃតង​ជាប្រចាំ​ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​។ ក្រៅពី​ជួយ​កាត់បន្ថយ​ការ​បែកញើស​ហើយ​នោះ តែ​បៃតង​ក៏​ល្អ​សម្រាប់​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ណាស់​សម្រាប់​អ្នក​ចង់​ស្គម​ស្អាត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com