គ្រូពេទ្យ​ស្ម័គ្រចិត្ត​ពី​អាមេរិក ផ្ដល់​សម្ភារ​ពេទ្យ​តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ​ដល់​មន្ទីរពេទ្យ​នៅ​ខេត្តកំពង់ធំ​
ជាតិ
សង្គមជាតិ
គ្រូពេទ្យ​ស្ម័គ្រចិត្ត​ពី​អាមេរិក ផ្ដល់​សម្ភារ​ពេទ្យ​តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ​ដល់​មន្ទីរពេទ្យ​នៅ​ខេត្តកំពង់ធំ​
12, Feb 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍ -​សន្ទុក បានទទួល​សម្ភារ​បរិ​ក្ខា​ពេទ្យ​តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ តាមរយៈ​អង្គការ​លើកកម្ពស់​សុខ​ភាព​ប្រកបដោយ​ចីរភាព ហៅ​កាត់ SHE (Sustainable Health Empowerment) និង​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក (CHPAA)​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​។​

 
​លោកស្រី Teri Tan និង​លោកស្រី Clark តំណាង​អង្គការ SHE បាន​និយាយ​ស្រដៀង​គ្នា​ថា ការឧបត្ថម្ភ​ជូន​នូវ​សម្ភារ​បរិក្ខារ​សុខាភិបាល ដល់​មន្ទីរពេទ្យបង្អែក​បារាយណ៍​-​សន្ទុក នាពេលនេះ គឺ​សម្រាប់​ប្រើប្រាស់​ក្នុងការ​បម្រើ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​បារាយណ៍ ស្រុក​ស្ទុ​ក និង​ស្រុក​តាំងគោក​។​
 
​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ទេ​សចរណ៍ សម្ភារ​ពេទ្យ​ដែល​អង្គការ​ទាំងពីរ​ប្រគល់ជូន​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​-​សន្ទុក​នោះ រួមមាន​៖ ម៉ាស៊ីនកម្ដៅ​ទារក (​ទារក​កើត​មិន​គ្រប់​ខែ​) ម៉ាស៊ីន​អេកូ គ្រែ​រុញ​អ្នកជំងឺ ម៉ាស៊ីន​សម្រាប់​វះកាត់​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ក ភ្លើង​បញ្ចាំង​សម្រាប់​វះកាត់ ម៉ាស៊ីន​សម្រាប់​សណ្តំ ភ្លើង​បញ្ចាំង​សម្រាប់​ពិនិត្យ​ជំងឺ ម៉ាស៊ីន​ចាប់​សញ្ញា​ជីវិត ធុង​អុកស៊ីសែន ម៉ាស៊ីន​កន្ត្រាក់​បេះដូង ទូទឹកកក​ដាក់​វត្ថុ​ពិសោធន៍ និង​សម្ភារ​ចាំបាច់​មួយចំនួនទៀត ដែល​សរុប​ជា​ទឹកប្រាក់​ជិត ៣០​ម៉ឺន​ដុល្លារ​អាមេរិក​។​
 
​ក្រៅពី​ផ្ដល់​សម្ភារ​បរិក្ខា​ពេទ្យ​នេះ អង្គការ​លើកកម្ពស់​សុ​ខ​ភាព​ប្រកបដោយ​ចីរភាព ហៅ​កាត់ SHE (Sustainable Health Empowerment) និង​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក (CHPAA) ក៏បាន​ដឹកនាំ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ ២០០​នាក់ ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ចាប់ពី​ថ្ងៃទី​១១-១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​-​សន្ទុក​ផងដែរ​។​
 
​លោក Song Tan ប្រធាន​សមាគម CHPAA បាន​និយាយថា សមាគម​របស់លោក​មិន​ត្រឹមតែ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ថែមទាំង​ចង់​បណ្ដុះ​ស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ស្រលាញ់​ប្រទេសជាតិ ស្រលាញ់​សន្តិភាព និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​ទៀត​ដែរ​។​
 
​ជាមួយគ្នានេះ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ប្រាប់​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ទាំ​ង​បី​ខាងលើ រួសរាន់​មក​ទទួល​សេវា​សុខាភិបាល ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​សហរដ្ឋអាមេរិក ដែលមាន​ទីតាំង​ស្ថិតនៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​-​សន្ទុក​។​
 
​អភិបាលខេត្ត​រូបនេះ ក៏បាន​ដាស់តឿន​ដល់​ក្រុមគ្រូពេទ្យ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត មកពី​សហរដ្ឋអាមេរិក​ឱ្យ​សស្រាក់សស្រាំ ហើយ​ត្រូវ​ពង្រឹង​យន្តការ​នៅ​មូលដ្ឋាន​ឱ្យបាន​ជាប្រចាំ ។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​ដដែល​។​
 
​គួររម្លឹកថា សមាគម CHPAA បាន​ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា រយៈពេល​៩​ឆ្នាំ​មកហើយ នៅតាម​រាជធានី​ភ្នំពេញ ខេត្តកោះកុង តាកែវ ពោធិ៍សាត់ បាត់ដំបង ត្បូងឃ្មុំ ព្រែ​វែង ស្វាយរៀង និង​ចុងក្រោយ​ក្នុង​ខេត្តកំពង់ធំ​នេះ​។ ប្រជាជន​កម្ពុជា​ប្រមាណ ៤៥,០០០​នាក់ បានទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ ពី​សមាគម CHPAA ។ ដោយឡែក​អង្គការ SHE គិត​មកដល់​ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ទី​៥​ហើយ ដែល​អង្គការ​នេះ​ បានដាក់​កម្មវិធី​ប្រចាំឆ្នាំ​ចុះមក​ពិនិត្យ ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៦,០០០​នាក់ លើ​ខេត្ត​គោលដៅ​ចំនួន ៣ មានដូចជា ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ប៉ុណ្ណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com