រថយន្ត
អន្តរជាតិ
ព្រះអង្គម្ចាស់អង់គ្លេស Philip បោះបង់បណ្ណបើកបរក្នុងព្រះជន្ម៩៧ព្រះវស្សា ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Philip (រូបថត៖ AFP)
× ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Philip ដែលជាព្រះស្វាមីរបស់ម្ចាស់ក្សត្រីយានី Elizabeth II បានបោះបង់សិទ្ធិកាន់បណ្ណបើកបរក្នុងព្រះជន្ម ៩៧ ព្រះវស្សា។ ការសម្រេចនេះ គឺធ្វើឡើងក្រោយពីទ្រង់បានជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍នៅភាពខាងជើងទីក្រុងឡុងដ៍ កាលពីមួយខែកន្លងទៅ។
អ្នកនាំពាក្យម្នាក់របស់ព្រះបរមរាជវាំង Buckingham បាននិយាយនៅថ្ងៃទី១១ ខែកុម្ភៈថា ក្រោយពីពិចារណាយ៉ាងល្អិតល្អន់ ព្រះអង្គម្ចាស់ Philip បានសម្រេចបោះបង់សិទ្ធិកាន់កាប់បណ្ណបើកបររបស់ទ្រង់ដោយស្ម័គ្រចិត្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។
និយាយពីគ្រោះថ្នាក់ចរចរណ៍ ព្រះអង់ម្ចាស់ Philip បានជ្រុលចង្កូតទៅបុកជាមួយឡានមួយគ្រឿងនៅក្បែររាជដំណាក់ Sandringham របស់ម្ចាស់ក្សត្រីយ៍ Elizabeth II កាលពីថ្ងៃទី ១៧ ខែមករា។ ក្នុងហេតុការណ៍នេះ ទ្រង់ពុំមានរងរបួសអ្វីឡើយ ប៉ុន្តែស្ត្រី២នាក់ដែលជួបគ្រោះថ្នាក់ជាមួយឡានព្រះអង្គម្ចាស់ Philip រងរបួស ដោយម្នាក់បាក់ក.ដៃ និងម្នាក់ទៀតរងបួសផ្នែកជង្គង់តិចតួច។ ជាសំណាងល្អ ក្មេងប្រុសវ័យ ៩ ឆ្នាំម្នាក់ដែលអង្គុយនៅផ្នែកខាងក្រោយនៃរថយន្ត ក៏ពុំមានរងរបួសអ្វីនោះឡើយ។
ភ្លាមៗក្រោយកើតហេតុ ស្ត្រីដែលបាក់ក.ដៃបានប្រាប់សារព័ត៌មានក្នុងស្រុកអង់គ្លេសមួយថា រូបនាងពុំទាន់ទទួលបានការសុំទោសពីព្រះបរមរាជវាំងនៅឡើយទេ ដោយបន្ថែមទៀត៖«សំណាងល្អដែលខ្ញុំនៅរស់ តែព្រះអង្គម្ចាស់ Philip មិនទាន់មានព្រះបន្ទូលសុំទោសខ្ញុំនោះទេ»។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃក្រោយមក ព្រះអង្គម្ចាស់ Philip បានផ្ញើសំបុត្រសុំទោសទៅកាន់ស្ត្រីអ្នកបើកបរនោះ និងបានពន្យល់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីពន្លឺព្រះអាទិត្យចាំងចំព្រះនេត្ររបស់ព្រះអង្គ ធ្វើឲ្យពិបាកទតផ្លូវ។
សូមបញ្ជាក់ថា នៅក្នុងចក្រភពអង់គ្លេស បណ្ណបើកបរអស់សុពលភាពនៅអាយុ ៧០ ឆ្នាំ។ ប្រជាជនមានអាយុលើសពីអាយុកំណត់អាចបើកបរបាន តែត្រូវបន្តបណ្ណបើកបររបស់ពួកគេជារៀងបីឆ្នាំម្តង និងប្រកាសពីលក្ខខណ្ឌសុខាភិបាលចាំបាច់ដើម្បីបញ្ជាក់ថាពួកគេត្រូវតាមស្តង់ដារនៃការបើកបរ៕
Tag:
ចក្រភពអង់គ្លេស
ព្រះអង្គម្ចាស់Philip
© រក្សាសិទ្ធិដោយ thmeythmey.com