ច្រក​ប៉ោយប៉ែត នឹងមិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ទៀត​ទេ នៅពេល​បើក​ច្រក​ស្ទឹង​បត់​
ជាតិ
រថយន្ត
សេដ្ឋកិច្ច
ច្រក​ប៉ោយប៉ែត នឹងមិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ទៀត​ទេ នៅពេល​បើក​ច្រក​ស្ទឹង​បត់​
11, Feb 2019 , 7:39 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
​ភ្នំពេញ​៖ ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ក្នុង​ក្រុង​ប៉ោយប៉ែត កំពុង​ត្រូវបាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ដែល​នឹង​រួចរាល់​នៅ​ឆ្នាំ​២០២០ ។ នៅពេល​បើក​ច្រក​នេះ ច្រក​អន្តរជាតិ​ប៉ោយប៉ែត នឹង​ទុក​សម្រាប់​ឲ្យ​តែ​ពលរដ្ឋ និង​ភ្ញៀវទេសចរ​ឆ្លងកាត់​ប៉ុណ្ណោះ រីឯ​រថយន្ត​ដឹកទំនិញ​ផ្សេងៗ នឹងត្រូវ​បង្វែរ​ទៅ​ច្រក​អន្តរជាតិ​ថ្មី​នេះ​វិញ​។​


 
​ច្រក​ស្ទឹង​បត់ នឹង​ជួយ​សម្រួលការ​ដឹកជញ្ជូន និង​ធ្វើដំណើរ​ឆ្លងកាត់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ដែល​កំពុង​មមាញឹក​ខ្លាំង​។ លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ច្រក​អន្តរជាតិ​ស្ទឹង​បត់ នឹង​ជួយ​បញ្ចៀស​ចរាចរណ៍​នៅ​ច្រក​ប៉ោយប៉ែត ដែល​ជំរុញ​ដោយសារ​កំណើនសេដ្ឋកិច្ច ដែលមាន​រថយន្ត​ធំៗ​ដឹក​ស៊ី​ង​ម៉​ង់​ត៍ ដឹក​ដែក​ជាដើម ចរាចរ​ឆ្លងកាត់​ច្រើន ត្រូវតែ​ដោះស្រាយ​»​។ 
 
​នៅពេល​ច្រក​ស្ទឹង​បត់​បើក​ឲ្យ​ដំណើរការ អាជ្ញាធរ​នឹងមិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ច្រក​ប៉ោយប៉ែត​ទៀតឡើយ ដោយ​ទុក​សម្រាប់​ភ្ញៀវទេសចរ​ធ្វើដំណើរ​។ នេះ​បើតាម​លោក សាន ស៊ានហូ មុននឹង​លោក​បញ្ជាក់ថា ក្នុង​មួយថ្ងៃ​រថយន្ត​ដឹកទំនិញ​ប្រមាណ ២០០​គ្រឿង​បាន​ឆ្លងកាត់​ច្រក​ប៉ោយប៉ែត​។​
 
​លោក សាន ស៊ាន ឲ្យ​ដឹងថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ស្ពាន​នៃ​ច្រក​ស្ទឹង​បត់ ត្រូវបាន​សាងសង់​រួចរាល់ គឺ​នៅតែ​ផ្លូវ​ជាង​មួយ​គីឡូម៉ែត្រ​ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ​៥៨​ប៉ុណ្ណោះ​។ បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៩​ខែកុម្ភៈ ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ នឹងត្រូវ​ស្ថាបនា​រួចរាល់​នៅ​ឆ្នាំ​២០២០ ខាងមុខនេះ​។ 
 
​ក្រសួង​សាធារណការ​ប្រាប់​ដូច្នេះ​ថា​៖«​ច្រកទ្វារ​អន្តរជាតិ​នេះ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២០ ដែល​ច្រក​នេះ​នឹង​ដើរតួនាទី​សំខាន់​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​រវាង​កម្ពុជា និង​ថៃ ព្រមទាំង​ជួយ​កាត់បន្ថយ​ការកកស្ទះ​នៅ​ច្រក​ប៉ោយប៉ែត​នាពេល​បច្ចុប្បន្ន ហើយ​រថយន្ត​ដឹកទំនិញ នឹង​តម្រូវ​ឲ្យ​ឆ្លងកាត់​ច្រក​ថ្មី​នេះ ដើម្បី​ពិនិត្យ បំពេញ​សំណុំបែបបទ​ផ្លូវការ និង​បង់​ពន្ធគយ​»​។​
 
​ស្ពាន​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ចុងឆ្នាំ​២០១៧ ក្រោយពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា និង​ថៃ បាន​ចុះ​កិច្ចព្រមព្រៀង​បើក​ច្រក​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​នៃ​ចក្រ​ស្ទឹង​បត់​នេះ​នៅ​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ៕

Tag:
 ច្រក​ស្ទឹង​បត់​
© រក្សាសិទ្ធិដោយ thmeythmey.com