រថយន្ត
អន្តរជាតិ
​ប៊ិះ​បុក​អ្នកថ្មើរ​ជើងពេល​ភ្លើង​ក្រហម បុរស​ម្នាក់​ជាប់ទោស​៦​សប្តាហ៍ និង​ត្រូវ​ធ្វើការ​សង្គម​៨០​ម៉ោង​
11, Feb 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​អ្នកបើកបរ​អង់គ្លេស​ម្នាក់ ត្រូវ​កាមេរ៉ា​ថត​បាន​ពីស​កម្ម​បំពាន​ភ្លើង​ក្រហម ហើយ​ស្ទើរតែ​សម្លាប់​អ្នក​ថ្មើរជើង​វ័យ​១៤​ឆ្នាំ​ម្នាក់​។ តុលាការក្រុង Guildford ស្រុក Surrey ប្រទេស​អង់គ្លេស បាន​យក​សំណុំ​រឿងនេះ មកកាន់​ក្តី ដោយ​ផ្តន្ទាទោស​អ្នកបើកបរ​៦​សប្តាហ៍ ប៉ុន្តែ​ព្យួរ​សម្រាប់​១៨​ខែ និង​ពិន័យ​ឲ្យ​ធ្វើ​ការងារ​សហគមន៍​៨០​ម៉ោង​។​

 
​កាលពី​ខែ​វិច្ចិកា​កន្លងមក លោក Ian Gruber អាយុ​៣៩​ឆ្នាំ បាន​បើករថយន្ត​ធុន​ធ្ងន់ HGV​។ នៅពេល​លោត​ភ្លើង​ក្រហម​នៅ​ម្តុំ​តំបន់ Ewell ស្រុក Surrey អ្នកបើកបរ​រូបនេះ មិនបាន​បង្អង់​ល្បឿន​ឡើយ ហើយ​ស្ទើរតែ​បុក​សិស្សសាលា​វ័យ​១៤​ឆ្នាំ​ម្នាក់ ដែល​កំពុង​ឆ្លងកាត់​លើផ្លូវ​អាទិភាព​របស់ខ្លួន​។​

 
 
​តុលាការក្រុង Guildford Magistrates Court កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​បើកសវនាការ ដោយ​ផ្តន្ទាទោស​លោក Gruber រយៈពេល​៦​សប្តាហ៍ ប៉ុន្តែ​ព្យួរ​សម្រាប់​រយៈពេល​១៨​ខែ និង​ពិន័យ​ឲ្យ​បម្រើ​ការងារ​សហគមន៍​រយៈពេល​៨០​ម៉ោង​។ លោក​ក៏​ត្រូវបាន​ដកហូត​សិទ្ធិ​បើកបរ​សម្រាប់​រយៈពេល​១៥​ខែ​ផងដែរ​។​
 
​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន ITV លោក Keiron Palmer មន្ត្រីប៉ូលិស​ចរាចរណ៍​ម្នាក់​របស់​អង់គ្លេស បាន​លើកឡើងថា ករណីនេះ រំលឹក​ដល់​អ្នកបើកប​រទាំង​អស់​ឲ្យ​ប្រយ័ត្ន​គ្រប់​ជំហាន ជាពិសេស​ការគោរព​ច្បាប់​ចរាចរណ៍ ពីព្រោះ​ការបើក​ល្មើស​«​អាច​បង្ក​គ្រោះថ្នាក់​គ្រប់ពេល​។​
«​សំណាងល្អ​ដែល​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ មិន​រង​ការប៉ះពាល់ ប៉ុន្តែ​ករណីនេះ បង្ហាញ​ពី​សារសំខាន់​ផងដែរ​ក្នុងការ​បំពាក់​កាមេរ៉ា ដែល​អាច​យក​ធ្វើជា​ភស្តុតាង​សម្រាប់​ការកាត់ក្តី​ដោយ​ជោគជ័យ​»​។ នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​ប៉ូលិស​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com