អន្តរជាតិ
មហា​ធៀ ចង់​ឲ្យ​មន្ត្រី​ស្មោះត្រង់​ចំពោះ​ប្រទេសជាតិ​ច្រើនជាង​មេដឹកនាំ ឬ​បក្ស​
11, Feb 2019 , 11:59 pm        
រូបភាព
ដោយ:
​ទោះបី​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ មន្ត្រី​មាន​សិទ្ធិ​គាំទ្រ​មេដឹកនាំ ឬ​បក្ស ដែល​ខ្លួន​ចង់​ឲ្យ​ដឹកនាំ​រដ្ឋាភិបាល​ក្តី នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​ប្រាប់​ឲ្យ​ពួកគេ​មាន​ស្មោះត្រង់​ចំពោះ​ប្រទេសជាតិ​ច្រើនជាង​អ្វីៗ​ទាំងអស់​។

 
 
​ថ្លែង​នៅ​ចំពោះមុខ​មន្ត្រី​ចំនួន ៣០០ នាក់​នៅក្នុង​ពិធី​ជួបជុំ​ប្រចាំខែ​មួយ លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ បាន​គូសបញ្ជាក់ថា​៖«​ប្រសិនបើ​មេដឹកនាំ ឬ​គណបក្ស​បាន​នាំយក​សមិទ្ធិផល​យ៉ាង​ធំធេង​ដល់​ប្រទេសជាតិ អ្នក​ទាំងអស់គ្នា​ត្រូវតែមាន​ភាពស្មោះត្រង់​ចំពោះ​មេដឹកនាំ​នោះ​។ ក៏ប៉ុន្តែ ប្រសិនបើ​មេដឹកនាំ​ឬ​គណបក្ស​ប្រព្រឹត្ត​ខុស​នឹង​កាតព្វកិច្ច​របស់​ពួកគេ យើង​ត្រូវ​បង្វែរ​ភាពស្មោះត្រង់​ចំពោះ​ប្រទេសជាតិ​វិញ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​ម៉ាឡេស៊ី Malay mail ។​
 
​ទន្ទឹមនឹងនេះ លោក មហា​ធៀ ក៏បាន​ទទូច​ឲ្យ​មន្ត្រីរាជការ​ទាំងអស់​កុំ​ងប់​ង​ល់ ជាមួយ​មេដឹកនាំ​ឬ​គណបក្ស​ដែល​ពួកគេ​ធ្លាប់​ស្មោះត្រង់​អស់​រយៈពេល​ជាង ៦០ ឆ្នាំ​ហើយ​នោះ​។ ត្រង់នេះ​លោក​ចង់​សំដៅទៅ​សម្ព័ន្ធភាព Barisan Nasional របស់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ដែល​បាន​ចាញ់ឆ្នោត​កាលពី​ឆ្នាំមុន​។ 
 
​បើតាម​សារព័ត៌មាន​ដដែល លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ បាន​ពន្យល់ថា ម៉ាឡេស៊ី​បាន​ជ្រើស​យក​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដែល​ផ្តល់ឱកាស​សម្រាប់​មនុស្ស​គ្រប់គ្នា​អាច​ក្លាយជា​មេដឹកនាំ​ប្រទេស​បាន​។ មន្ត្រីរាជការ​មាន​សិទ្ធិ​ក្នុងការ​គាំទ្រ​គណបក្សនយោបាយ​ណា​ដែល​ពួកគេ​ចង់​ឲ្យ​ដឹកនាំ​រដ្ឋាភិបាល  ប៉ុន្តែ​ភាពស្មោះត្រង់​របស់​ពួកគេ​គួរតែមាន​ចំពោះ​ប្រទេសជាតិ​ធំ​ជាង​អ្វីៗ​ទាំងអស់​។​
 
​សូមបញ្ជាក់ថា ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ គឺធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​សម្ព័ន្ធភាព Pakatan Harapan របស់លោក កាលពី​ថ្មីៗ​នេះ បាន​ត្អូញត្អែរ​ពី​ភាព​អសកម្ម​របស់​មន្ត្រី​ម៉ាឡេស៊ី​មួយចំនួន ដែល​នៅតែមាន​ភាពស្មោះត្រង់​ចំពោះ​សម្ព័ន្ធភាព Barisan Nasional របស់លោក​ណា​ជីប ដែល​ធ្លាប់បាន​ដឹកនាំ​ម៉ាឡេស៊ី​អស់​រយៈពេល​ជាង​៦​ទសវត្សរ៍​ហើយ​នោះ​៕
 

Tag:
 មហា​ធៀ​មហាម៉ាត់​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com