កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយចាញ់ Man City ៦-០ លោក Sarri រ៉ាប់រងការស្តីបន្ទោសពីម្ចាស់ក្លិបគ្រប់យ៉ាង
× លោក Maurizio Sarri បានសុំទោសចំពោះបរាជ័យជាកំណត់ត្រានៅ Premier League របស់ Chelsea បន្ទាប់ពីចាញ់ Manchester City រហូតដល់ ៦-០ ហើយលោករីករាយ និងទទួលយកការស្តីបន្ទោសពីម្ចាស់ក្លិបលោក Roman Abramovich គ្រប់បែបយ៉ាង។
ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Sarri ក្រុមតោខៀវ Chelsea បានទទួលរងភាពអាម៉ាស់បំផុតមិនធ្លាប់មាននៅឯទឹកដី Etihad ដោយរបូតគ្រាប់បាល់ដល់ទៅ៦គ្រាប់។
៦គ្រាប់របស់ម្ចាស់ការពារជើងឯក Man City ធ្វើបានដោយខ្សែប្រយុទ្ធ Sergio Aguero ចំនួន៣គ្រាប់ម្នាក់ឯង ដែលជាការសម្រេច hat-trick លើកទី១១ តាមស្មើកំណត់ត្រារបស់ Alan Shearer វីរបុរស Newcastle ក្នុងក្របខណ្ឌកំពូលអង់គ្លេសនេះ។ រីឯ៣គ្រាប់ទៀតសម្រេចបានដោយខ្សែបម្រើ Raheem Sterling ២គ្រាប់ និង Ilkay Gundogan ១គ្រាប់។
៤ប្រកួតចុងក្រោយរបស់ Chelsea នៅ Premier League ពួកគេទទួលជ័យជម្នះតែមួយលើកប៉ុណ្ណោះ និងចាញ់៣ប្រកួតដោយរបូតគ្រាប់ដល់ទៅ ១២គ្រាប់ ក្នុងនោះចាញ់ Arsenal ២-០ ចាញ់ Bournemouth ៤-០ និងត្រូវ Man City លត់ដល់ទៅ៦គ្រាប់។
«ខ្ញុំកំពុងធ្វើឲ្យបានល្អបំផុត ហើយខ្ញុំព្យាយាមធ្វើឲ្យកីឡាករខិតខំឲ្យអស់ពីសមត្ថភាពរបស់ពួកគេប៉ុន្តែនៅពេលនេះខ្ញុំអាចនិយាយបានត្រឹមការសោកស្តាយប៉ុណ្ណោះ ព្រោះយើងបានបរាជ័យធ្ងន់ធ្ងរបំផុត»។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីវ័យ៦០ឆ្នាំ បានប្រាប់ទូរទស្សន៍ Sky Sports បែបនេះ។
លោកបន្ថែមថា លោកនឹងជួបជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លិបបន្ទាប់ពីតោខៀវបរាជ័យជាប្រវត្តិសាស្ត្រ និងជួបប្រធានក្លិបសញ្ជាតិរុស្ស៊ីលោក Abramovich ថែមទៀត។
លោក Sarri បាននិយាយទៅកាន់ Sky Sport របស់អ៊ីតាលីថា៖«ប្រសិនបើម្ចាស់ក្លិបហៅខ្ញុំជួបនិយាយគ្នាជុំវិញបញ្ហានេះ ខ្ញុំនឹងសប្បាយចិត្ត និងទទួលយកការស្តីបន្ទោសគ្រប់បែបយ៉ាង ព្រោះខ្ញុំមិនដែលឮអ្វីចេញពីមាត់គាត់ទេ។ និយាយដោយស្មោះទៅខ្ញុំមិនដឹងថាត្រូវធ្វើអ្វីឲ្យសមនោះទេ»។
ក្រោយបរាជ័យនេះ Chelsea បានខ្ទាតទៅកាន់ចំណាត់ថ្នាក់ទី៦ក្នុងតារាងរដូវកាល ២០១៨-២០១៩ នេះ ក្រោយឆ្លងកាត់ការប្រកួត២៦លើក ឈ្នះ១៥ដង ចាញ់៦ ស្មើ៥ មាន៥០ពិន្ទុ ខណៈ Manchester United អាចដំឡើងខ្លួនទៅកាន់ Top 4 វិញ៕
Tag:
បាល់ទាត់
Maurizio Sarri
Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com