លោក ស៊ុន ចាន់ថុល អញ្ជើញ​វាគ្មិន​ពីសា​លា Harvard មក​បង្រៀន​មន្ត្រី​ក្នុង​ក្រសួង​សាធារណការ​
ជាតិ
លោក ស៊ុន ចាន់ថុល អញ្ជើញ​វាគ្មិន​ពីសា​លា Harvard មក​បង្រៀន​មន្ត្រី​ក្នុង​ក្រសួង​សាធារណការ​
11, Feb 2019 , 10:59 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
​ភ្នំពេញ​៖ មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ទទួល​ចំណេះដឹង​ពី​វាគ្មិន​ដែល​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Harvard ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក​។ កម្មវិធី​បណ្ដុះបណ្ដាល​នេះ​បានចាប់ផ្ដើម​ពីថ្ងៃ​ទី​១១​ខែកុម្ភៈ​នេះ​។



​កម្មវិធី​បណ្ដុះបណ្ដាល​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពី​ការ​ថ្លែង​របស់លោក ស៊ុន ចាន់ថុល កាលពី​ខែមករា​ឆ្នាំនេះ ដែល​បង្ហាញ​ពី​គោលបំណង​របស់​ក្រសួង​ក្នុងការ​ពង្រឹងសមត្ថភាព​មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​វ័យក្មេង ឲ្យ​អាច​បន្តវេន​ដឹកនាំ​ក្រសួង​មួយ​នេះ​ប្រកបដោយ​ផ្លែ​ការល្អ​ទៅ​ថ្ងៃមុខ​ទៀត​។ លោក​ថែមទាំង​លើកឡើងថា ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​បណ្ដុះបណ្ដាល​ក្នុង​ក្រសួង​ដែល​រូបលោក​កំពុង​ដឹកនាំ​សព្វថ្ងៃនេះ​ទៀតផង ដោយ​លោក​នឹង​អញ្ជើញ​វាគ្មិន​ល្អៗ មក​ធ្វើ​បទ​បង្ហាញ​ដល់​មន្ត្រីក្រោមឱវាទ​រប​ស់​ខ្លួន​។ 


 
​នៅថ្ងៃនេះ ក្រសួង​សាធារណការ បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល Center of Asian Leadership Initiatives (CALI) សម្រាប់​មន្ត្រីរាជការ​ជា​ថ្នាក់ដឹកនាំ​របស់​ក្រសួង​។ វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០១៩ ដោយមាន​ការអញ្ជើញ​ពី​សំណាក់​វាគ្មិន​ដែល​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Harvard ។ វគ្គ​សិក្សា​នេះ​ត្រូវ​បែង​ចែកជា​ពីរ​វគ្គ ដោយ​ទី​១​ធ្វើឡើង​នៅ​ភ្នំពេញ និង​ទី​២​នៅ​ខេត្ត​ព្រះសីហនុ សម្រាប់​មន្ត្រីរាជការ​ថ្នាក់ដឹកនាំ ១០០​រូប​។​
 
​លោក ស៊ុន ចាន់ថុល ដែលជា​អតីត​និស្សិត​សាកលវិទ្យាល័យ Harvard ដែរ​នោះបាន​ថ្លែង​ដូច្នេះ​ថា​៖«​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺជា​ឱកាស​ដ៏​កម្រ​ក្នុងការ​ពង្រឹង​ចំណេះ​ជំនាញ​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន ព្រមទាំង​ផ្ដល់ឱកាស​ដល់​មន្ត្រីរាជកា​រ​ជា​អ្នកដឹកនាំ​របស់​យើង ក្នុងការ​សិក្សា​ស្វែងយល់​ពី​ជំនាញ​សំខាន់ៗ​ចាំបាច់​ដល់​ការរួមចំណែក​ជា​វិជ្ជមាន​ដើម្បី​ដឹកនាំ​ក្រសួង និង​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​បន្ថែមទៀត​»៕






 

Tag:
 ស៊ុន ចាន់ថុល​
  អ្នកដឹកនាំ​
  បណ្ដុះបណ្ដាល​
© រក្សាសិទ្ធិដោយ thmeythmey.com