ជាតិ
លោក ស៊ុន ចាន់ថុល អញ្ជើញវាគ្មិនពីសាលា Harvard មកបង្រៀនមន្ត្រីក្នុងក្រសួងសាធារណការ 
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
×![]()
ភ្នំពេញ៖ មន្ត្រីរាជការ និងថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងទទួលចំណេះដឹងពីវាគ្មិនដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។ កម្មវិធីបណ្ដុះបណ្ដាលនេះបានចាប់ផ្ដើមពីថ្ងៃទី១១ខែកុម្ភៈនេះ។
កម្មវិធីបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងក្រោយពីការថ្លែងរបស់លោក ស៊ុន ចាន់ថុល កាលពីខែមករាឆ្នាំនេះ ដែលបង្ហាញពីគោលបំណងរបស់ក្រសួងក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងថ្នាក់ដឹកនាំវ័យក្មេង ឲ្យអាចបន្តវេនដឹកនាំក្រសួងមួយនេះប្រកបដោយផ្លែការល្អទៅថ្ងៃមុខទៀត។ លោកថែមទាំងលើកឡើងថា ឆ្នាំ២០១៩នេះ គឺជាឆ្នាំបណ្ដុះបណ្ដាលក្នុងក្រសួងដែលរូបលោកកំពុងដឹកនាំសព្វថ្ងៃនេះទៀតផង ដោយលោកនឹងអញ្ជើញវាគ្មិនល្អៗ មកធ្វើបទបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន។
នៅថ្ងៃនេះ ក្រសួងសាធារណការ បានរៀបចំវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ដោយសហការជាមួយមជ្ឈមណ្ឌល Center of Asian Leadership Initiatives (CALI) សម្រាប់មន្ត្រីរាជការជាថ្នាក់ដឹកនាំរបស់ក្រសួង។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៩ ដោយមានការអញ្ជើញពីសំណាក់វាគ្មិនដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard ។ វគ្គសិក្សានេះត្រូវបែងចែកជាពីរវគ្គ ដោយទី១ធ្វើឡើងនៅភ្នំពេញ និងទី២នៅខេត្តព្រះសីហនុ សម្រាប់មន្ត្រីរាជការថ្នាក់ដឹកនាំ ១០០រូប។
លោក ស៊ុន ចាន់ថុល ដែលជាអតីតនិស្សិតសាកលវិទ្យាល័យ Harvard ដែរនោះបានថ្លែងដូច្នេះថា៖«វគ្គបណ្ដុះបណ្ដាលនេះ គឺជាឱកាសដ៏កម្រក្នុងការពង្រឹងចំណេះជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន ព្រមទាំងផ្ដល់ឱកាសដល់មន្ត្រីរាជការជាអ្នកដឹកនាំរបស់យើង ក្នុងការសិក្សាស្វែងយល់ពីជំនាញសំខាន់ៗចាំបាច់ដល់ការរួមចំណែកជាវិជ្ជមានដើម្បីដឹកនាំក្រសួង និងប្រទេសជាតិឲ្យរីកចម្រើនបន្ថែមទៀត»៕



Tag:
ស៊ុន ចាន់ថុល
អ្នកដឹកនាំ
បណ្ដុះបណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com