ជាតិ
សេដ្ឋកិច្ច
EU បើកកិច្ចពិភាក្សាដែលអាចឈានដល់ព្យួរប្រ័ពន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា លោកស្រី Cecilia Malmstrom ប្រធានគណៈកម្មាធិការពាណិជ្ជកម្មសហភាពអឺរ៉ុប។ រូបថត AFP
× គណៈកម្មាធិការអឺរ៉ុប បានបើកកិច្ចប្រជុំនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២0១៩នេះ ដើម្បីពិភាក្សាពីដំណើរការនៃព្យួរប្រព័ន្ធអនុគ្រោះពន្ធ ដែលហៅភាសាអង់គ្លេស EBA (Everything but Arms ) ចេញពីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប។
សេចក្តីប្រកាសព័ត៌មាននោះ បានបង្ហាញថា កិច្ចប្រជុំរបស់គណៈកម្មាធិការអឺរ៉ុប អាចនឹងឈានទៅដល់ការសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្តោះអាសន្ន ពីកម្ពុជា។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា៖«ប្រព័ន្ធអនុគ្រោះពន្ធ EBA អាចនឹងត្រូវលុបចេញពីប្រទេសណា ដែលបរាជ័យក្នុងការគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោជិតកម្មករ»។
ក្នុងរយៈពេល១៨ខែកន្លងមកនេះ សហភាពអឺរ៉ុប សង្កេតឃើញថា កម្ពុជា មានការធ្លាក់ចុះខ្លាំងនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ នេះជាសម្តីរបស់អ្នកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប និងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអន្តរជាតិ ដែលត្រូវបានស្រង់យកទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ។
យ៉ាងណាក៏ដោយ អ្នកស្រី បានសរសើរថា ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរកម្ពុជា បានធ្វើរឿងវិជ្ជមានមួយចំនួន ដូចជា ការដោះលែងអ្នកនយោបាយ សកម្មជនសង្គមស៊ីវិល និងអ្នកកាសែត ជាដើម។ លើសពីនេះ អ្នកស្រី បានអះអាងថា សហភាពអឺរ៉ុប នៅតែប្តេជ្ញាចិត្តធ្វើជាដៃគូជាមួយកម្ពុជា ក្នុងការផ្តល់ប្រយោជន៍ឲ្យប្រជាជនកម្ពុជា។ ប៉ុន្តែ អ្នកស្រី សង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យ និងសិទិ្ធមនុស្សនៅកម្ពុជា គឺជាបេះដូងនៃភាពជាដៃគូនេះ។
ជាមួយគ្នានេះ អ្នកស្រី Cecilia Malmstrom ប្រធានគណៈកម្មាធិការពាណិជ្ជកម្មសហភាពអឺរ៉ុប បានលើកឡើងថា អឺរ៉ុបពិតជាចង់ធ្វើជាទីផ្សារបើកចំហរសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយអ្នកជឿថា រដ្ឋាភិបាលកម្ពុជានឹងដោះស្រាយបញ្ហាអវិជ្ជមានដើម្បីបន្តទទួលបានសិទ្ធិពិសេសរបស់ខ្លួននៅទីផ្សារអឺរ៉ុប។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា សេចក្តីសម្រេចពីកិច្ចពិភាក្សានេះ នឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ។
ជាការពិត កិច្ចពិភាក្សានេះ គឺជានីតិវិធីទៅមុខបន្តិចម្តងៗ នៃការឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា ប៉ុន្តែ ក្នុងដំណាក់កាលនេះ សហភាពអឺរ៉ុប មិនទាន់អាចឈានទៅដល់ការសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ ពីព្រោះថា នីតិវិធី ដែលត្រូវសម្រេចថាព្យួរឬមិនព្យួរ គឺមានរយៈពេលដល់ទៅមួយឆ្នាំឯណោះ ហើយមកដល់ពេលនេះ នីតិវិធីនេះ ទើបតែបានជិតកន្លះឆ្នាំទេ។ សហភាពអឺរ៉ុប បានប្រកាសពីដំណើរការនៃនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា ចាប់តាំងពីដើមខែតុលា ឆ្នាំ២0១៨មក៕
© រក្សាសិទ្ធិដោយ thmeythmey.com