កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរស​បិសាច​ក្រហម Paul Scholes ក្លាយជា​គ្រូបង្វឹក​ក្លិប Oldham Athletic
12, Feb 2019 , 10:12 am        
រូបភាព
Paul Scholes វីរបុរស Manchester United ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Oldham Athletic ដែល​ស្ថិតក្នុង​ក្របខណ្ឌ League Two នៃ​លី​គ​បាល់ទាត់​លំដាប់​ទី​៤​អង់គ្លេស​។ Scholes ថា​នេះ​ជា​ពេលវេលា​ដ៏​ស័ក្ក​សម​សម្រាប់​ជំហាន​ដំបូង​របស់ខ្លួន​ក្នុងនាម​ជា​អ្នកដឹកនាំ​ក្រុមបាល់ទាត់​អាជីព​។​

 
​អតីត​ខ្សែបម្រើ​ឆ្នើម​បិសាច​ក្រហម និង​ជម្រើសជាតិ​អង់គ្លេស​វ័យ ៤៤ ឆ្នាំ​រូបនេះ បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​១៨​ខែ​ជាមួយ Oldham បើ​ទោះ​ខ្លួន​មាន​ភាគហ៊ុន​១០​ភាគរយ​ក្នុង​ក្លិប Salford City ដែល​ស្ថិតក្នុង​លី​គ​លំដាប់​ទី​៥​ក៏ដោយ​។​


Paul Scholes កំពុងហ្វឹកហាត់កូនក្រុម Oldham ក្រោយប្រកាសជាអ្នកចាត់ការរួចរាល់។ រូបភាពពីវេបសាយក្លិប Oldham
 
«​ខ្ញុំ​មិន​មកកាន់​ទីនេះ​ទេ​ប្រសិនបើ​ខ្ញុំ​មិនមាន​អារម្មណ៍​រំភើប​នោះ​។ ខ្ញុំ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​តំណែង​នេះ ហើយ​ខ្ញុំ​បាន​មើល​ការលេង​របស់​ក្រុម​រួចហើយ ខ្ញុំ​គិតថា​ពួកគេ​មាន​សមត្ថភាព​ក្នុងការ​ឈ្នះ​ការប្រកួត​ជាច្រើន តែបើ​ពួកគេ​ធ្វើ​មិនបាន វា​ជា​កំហុស​របស់ខ្ញុំ​»​។ Scholes និយាយ​ដូច្នេះ​។​
 
Scholes ដែល​នឹងត្រូវ​ដឹកនាំ​ក្រុម​លើកដំបូង នឹង​យក​អតីត​គ្រូបង្វឹក​របស់​ក្រុម Latics លោក Mike Priest ជា​ជំនួយការ​។ Oldham Athletic បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៤ ក្នុង​តារាង មាន​៤២​ពិន្ទុ​ក្រោយ​ឆ្លងកាត់​ការប្រកួត​៣០​លើក ដោយមាន​គម្លាត ៩ ពិន្ទុ​ពី​តំបន់​ត្រូវ​លេង Play-off ដើម្បី​ឈានទៅ League One ខណៈ​ការប្រកួត​សល់​១៦​លើក​ទៀត​៕

Tag:
 បាល់ទាត់​
  Paul Scholes
  Oldham Athletic
© រក្សាសិទ្ធិដោយ thmeythmey.com