ជាតិ
សម្ដេច ហ៊ុន សែន​៖ កម្ពុជា​មិនអាច​ពឹង​ជំនួយ​បរទេស​តែមួយ​មុខ ហើយក៏​មិន​យក​ឯករាជ្យ​ទៅ​ដោះដូរ​អ្វីមួយ​ឡើយ​
12, Feb 2019 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា​មិនអាច​ពឹង​ជំនួយ​បរទេស​តែមួយ​មុខ ហើយក៏​មិន​យក​ឯករាជ្យ​ទៅ​ដោះដូរ​ជា​ថ្នូរ​អ្វីមួយ​ឡើយ​។ នេះ​ជាការ​ប្រកាស​ជំហរ​ជាថ្មី​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​លើកឡើង​ស្រប​ពេលដែល​សហភាព​អឺរ៉ុប កំពុង​ពិភាក្សា​ពី​ដំណើការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កម្ពុជា (Everything But Arms)​។​


 
​ខណៈដែល​ស្ថានភាព​អនុគ្រោះ​ពន្ធ​កម្ពុជា កំពុង​ស្ថិតនៅ​ក្នុងការ​ពិភាក្សា​របស់​គណៈកម្មកា​រ​អឺរ៉ុប​នោះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដោយនិយាយ​អះអាងថា ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច នៅក្នុង​ប្រទេសជាតិ​សព្វថ្ងៃ គឺ​កំពុង​ឆ្ពោះទៅរក​ភាព​កាន់តែ​ល្អប្រសើរ ស្របពេល​ចំណូល​ព​ន្ឋ​រដ្ឋ បាន​កើន​ឡើងជា​បន្តបន្ទាប់ ។

ចំណុច​ទាំងនេះហើយ ដែល​សម្ដេច ហ៊ុន សែន ចាត់ទុកថា វា​ជាការ​រីកលូតលាស់ និង​កាន់តែ​រឹងមាំ​របស់​កម្ពុជា ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស បើ​ធៀប​ទៅនឹង​សេដ្ឋកិច្ចកម្ពុជា ដែល​ហ៊ុំ​ព័​ទ្ឋ​ដោយ​ទារុណកម្ម និង​ការកៀបសង្កត់ ក្រោយ​សម័យ​សង្គ្រាម​អំឡុង​ទសវត្សរ៍​៨០​។​
 
​តាមរយៈ​ទស្សនវិជ្ជមាន​បែបនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​ប្រកាស​ជំហរ​ជាថ្មី​ថា កម្ពុជា​មិន​យក​អធិបតេយ្យភាព ទៅ​ដោះដូរ​ជា​ថ្នូរ​អ្វីមួយ​ឡើយ ហើយក៏​មិន​ឲ្យ​ប្រទេស​ណា​លូកដៃ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​ដែរ​។ «​កម្ពុជា​មិនអាច​រំពឹង​លើ​ជំនួយ​បរទេស​តែមួយ​មុខ​ទេ ហើយ​កម្ពុជា​ក៏​មិន​ត្រូវយក​ឯករាជភាព និង​អធិបតេយ្យភាព​របស់ខ្លួន​ទៅ​ដោះដូរ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះដែរ​។ ប៉ុន្តែ​យើង​ចង់​ធ្វើជា​មិត្ត​ល្អជា​មួយ​បណ្តា​ប្រទេស​ដៃគូ​នានា​ដែល​ចង់ឃើញ​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅមុខ​ពិតប្រាកដ​ដោយ​គ្មាន​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេសជាតិ​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នៅលើ​ហ្វេ​ស​ប៊ុ​ក​។​
 
​អម​ជាមួយការ​ប្ដេជ្ញាចិត្ត​នេះ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា កម្ពុជា​កំពុង​រួច​ផុតពី​បន្ទាត់​ក្រីក្រ​ជា​ដំណាក់កាល ខណៈដែល​កំណើនសេដ្ឋកិច្ច​បច្ចុប្បន្ន ស្ថិតនៅក្នុង​រង្វង់​៧​ភាគរយ​។

ចំណែក​ចំណូល​ព​ន្ឋ​កាន់តែ​ខ្ពស់នោះ ជា​ចំណុច​សម្ដេច ហ៊ុន សែន បាន​ព្យាករណ៍​ទៅ​ថ្ងៃ​អនាគត​ថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។ សម្រាប់​សម្ដេច ហ៊ុន សែន ភាព​រីកចម្រើន​ទាំងនេះ បានមក​ដោយសារ​ការ​ចូលរួម​របស់​វិស័យ​ឯកជន​ទាំងអស់​នៅ​កម្ពុជា ដែល​បានរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស នឹង​ពង្រឹង​សេដ្ឋកិច្ចជាតិ​អោយបាន​រឹងមាំ​មកទល់​សព្វថ្ងៃ​។​

អត្ថបទទាក់ទង

 
​កាលពី​ថ្ងៃទី​១១ កុម្ភៈ គណៈកម្មាធិការ​អឺរ៉ុប បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​ដំណើរការ​នៃ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កម្ពុជា​។ សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អាច​នឹងត្រូវ​លុបចេញ​ពី​ប្រទេស​ណា ដែល​បរាជ័យ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​និង​សិទ្ធិ​ន​យោ​ជិត​កម្មករ​»៕

Tag:
 ហ៊ុន សែន​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com