ជាតិ
សេដ្ឋកិច្ច
EBA៖ អាមេរិក​ក៏មាន​កង្វល់​ដូច EU ដែរ តែ​ថា​កម្ពុជា​នៅមាន​ឱកាស​នៅឡើយ​
12, Feb 2019 , 10:28 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ទាក់ទង ដំណើរការ​នីតិវិធី​របស់​សហភាព​អឺរ៉ុប ក្នុង​ការផ្អាក​ការអនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម (EBA) សម្រាប់ប្រទេស​កម្ពុជា​។ អាមេរិក​ថា រដ្ឋាភិបាល​ខ្លួន​ក៏មាន​កង្វល់​ដូចគ្នា​នឹង​សហភាព​អឺរ៉ុប​ដែរ ហើយ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​កម្ពុជា​ស្តារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ ពហុបក្ស​ពិតប្រាកដ​។​

 
«​យើង​មាន​កង្វល់​ដូចគ្នា​នឹង​សហភាព​អឺរ៉ុប​ដែរ ទាក់ទង​នឹង​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ លើ​សេរីភាព​ក្នុងការ​បញ្ចេញមតិ សិទ្ធិ​ការងារ​ដែលមាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ និង​សេរីភាព​ទាក់ទង​នឹង​អង្គការ​សមាគម​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ស្ថានទូត​អាមេរិក​។​
 
​ជាមួយគ្នានេះ អាមេរិក បាន​អំពាវនាវ​ឲ្យ​មានការ​ទម្លាក់ចោល​នូវ​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ការចោទប្រកាន់​តាម​ទំនើងចិត្ត​ទាំងអស់ ប្រឆាំងនឹង​អ្នកទោសនយោបាយ​ដទៃទៀត ហើយ​អនុញ្ញាតឲ្យសហជីព អង្គការ​សារព័ត៌មាន​ឯករាជ្យ និង​ក្រុម​ដទៃទៀត​នៃ​សង្គម​ស៊ីវិល ដំណើរការ​ដោយ​គ្មាន​ការ​រឹតត្បិត​ដែល​មិន​ត្រឹមត្រូវ​។​
 
​សម្រាប់​អាមេរិក ថ្នាក់ដឹកនាំ​កម្ពុជា​នៅមាន​ឱកាស​នៅឡើយ នៅក្នុង​ការជៀស​ផុតពី​ផលវិបាក​អវិជ្ជមាន​ផ្នែក​សេដ្ឋកិច្ច នៃ​ការដក​ការអនុគ្រោះ​ពន្ធ EBA ដោយ​ផ្អែក​តាម​ការលើកឡើង​រប​ស់​ស្នងការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប លោកស្រី Cecilia Malmström ដែលថា​ចំណាត់ការ នេះ​មិនមែនជា​ការសម្រេចចិត្ត​ចុងក្រោយ ហើយក៏​មិនមែនជា​ទីបញ្ចប់​នៃ​ដំណើរ​នីតិវិធី​ដែរ​៕

Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com