ជាតិ
រូបត្លុក
តៀមកាហ្វេថ្មីៗ៖ ស្អប់រដ្ឋប្រាក់ខែតិច តែសូកលុយយកប៉ុស្ត៍រដ្ឋ ហើយចេញធ្វើការក្រៅ
× ព្រឹកថ្ងៃអង្គារនេះ កិច្ចសន្ទនារវាងអាសុធីរ និងអាក្លើសំណាង រាងដូចជាក្តៅបន្តិច។ ឲ្យតែនិយាយដល់រឿងមន្ត្រីរាជការ អាណាងច្រើនតែផ្ទាំងស៊ីបទទួលពាក្យសំដីថ្លោសៗពីអាធីរ។
អាណាង៖ ម្សិលមិញចេញពីអ្ហែងទៅ អញជិះកាត់មុខហាងលក់ផ្ការបស់អាភារម្យ។ អានោះអត់ទៅក្រសួង វាហៅអញជជែកក្នុងហាងវាដល់ម៉ោងជាង១០ (ព្រឹក)។ គិតទៅស្រួលដែរ គ្មានអីធ្វើ ដល់ខែបើកលុយ។ ប្រាក់ខែឡើងទៀតឥឡូវ។ រដ្ឋាភិបាលគិតគូររាជការមែន។
អាធីរ៖ អ្ហែងមិនត្រឹមសំណាងទេ សំគិសទៀតអ្ហា។ មន្ត្រីប៉ុន្មាននាក់គិតបែបសំគិសដូចអ្ហែង និងអាភារម្យ? អត់ទៅធ្វើការ តែដល់ខែបើកប្រាក់ខែទៀត។ មានមន្ត្រីនិយាយដល់ថា មកពីរដ្ឋបើកប្រាក់ខែឲ្យបាន វាទៅយក។ វាបន្ទោសរដ្ឋ ហៅវាបើកប្រាក់ខែទៀត។ ហើយវាថា វាឆ្លាត អត់ធ្វើការក៏បានលុយ។
អាណាង៖ អ្ហែងមកទើសអី មន្ត្រីដូចពួកអញ។ អ្នកខ្លះ ពុករលួយ បំប៉ោងវិក័យបត្រយកលុយរដ្ឋ ធ្វើគម្រោងចាយលុយខ្ជះខ្ជាយ។ ក្រុមអូឌីតមិនដែលរកឃើញបញ្ហា ព្រោះបានលុយទាំងកញ្ចប់។
អាធីរ៖ មានមន្ត្រីដែលគេធ្វើការ។ បើគេធ្វើការ គេចាយលុយរដ្ឋអញមិនថាទេ។ តែក្រុមអ្ហែងអត់ធ្វើការ ដើររកស៊ីក្រៅ រត់ការឯកសារយកកំមីស្យុង ហើយបើកប្រាក់ខែរដ្ឋ។ ពេលរដ្ឋាភិបាលដំឡើងប្រាក់ខែ ពួកអ្ហែងក៏បានប្រាក់ខែឡើងដែរ ប៉ុន្តែទម្លាប់អត់ធ្វើការរបស់ពួកអ្ហែងនៅដដែលទៀត។ ហើយអញដឹងថា អ្ហែងបានកេងចំណេញរដ្ឋប៉ុណ្ណឹងហើយ អ្ហែងក៏នៅតែមិនពេញចិត្តរដ្ឋាភិបាលដដែលទេ ព្រោះអ្ហែងខូច។ អ្ហែងនៅតែរកលេសខឹងរដ្ឋាភិបាល រឿងផ្សេងៗដដែល។ អ្ហែងចង់បានប្រយោជន៍គ្រប់កន្លែង។
អាណាង៖ ចុមអានេះ បាញ់រ៉ាហ្វាល់ហ្មង!
អាធីរ៖ មិនទាន់អស់ទេ។ ដឹងហើយថា រដ្ឋប្រាក់ខែតិច តែអ្នកខ្លះសុខចិត្តប្រមូលលុយទិញប៉ុស្ត៍ ឲ្យតែមានឈ្មោះជាបុគ្គលិករដ្ឋចាំស៊ីលុយរ៉ឺត្រែត។ បានចូលរដ្ឋហើយ ដើរធ្វើការក្រៅ។ ចុះបើកុំចូលរដ្ឋហ្មងទៅ វាយ៉ាងម៉េច?
© រក្សាសិទ្ធិដោយ thmeythmey.com