ជាតិ
សេដ្ឋកិច្ច
លោក យន្ត មីន ស្នើ​ឲ្យ​ឥណ្ឌា​មក​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​
12, Feb 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ អភិបាលខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​អ្នកវិនិយោគ​ឥណ្ឌា​ដាក់ទុន​រកស៊ី​នៅ​ខេត្ត​តំបន់​ទេសចរណ៍​មួយ​នេះ​។ ការស្នើ​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​។​

 
​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ លោក យន្ត មីន បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថា ខេត្ត​ព្រះសីហនុ កំពុងមាន​អ្នកវិនិយោគ​បរទេស​ជាច្រើន ជាពិសេស​វិនិយោគិន​ចិន ប៉ុន្តែ​វិនិយោគិន​ឥណ្ឌា​មិនទាន់មាន​នៅឡើយ​។ ដូច្នេះ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ពី​ឥណ្ឌា​នេះ អភិបាលខេត្ត​ព្រះសីហនុ បាន​សន្យាថា អាជ្ញាធរ​នឹង​ជួយ​សម្រួល និង​អនុគ្រោះ​គ្រប់បែបយ៉ាង​ដល់​អ្នកទេសចរ និង​វិនិយោគ​ឥណ្ឌា ដែល​មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។​
 
​បើតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បានស្នើ​ដូច្នេះ​៖«​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​នៅ​កម្ពុជា ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ ដល់​ប្រជាពលរដ្ឋ និង​វិនិយោគិន​ឥណ្ឌា មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​»​។ 
 
​ជាការ​ឆ្លើយតប លោកស្រី Manika Jain  ឯកអគ្គរដ្ឋទូត​ឥណ្ឌា​សន្យា​ជួយ​ជំរុញ​អ្នកវិនិយោគ និង​ទេសចរ​ឥណ្ឌា​មក​ទស្សនា​ខេត្ត​ព្រះសីហនុ សម្រាប់​គោលដៅ​វិនិយោគ​នា​ថ្ងៃ​ខាងមុខ​។ 
 
​ឥណ្ឌា និង​កម្ពុ​ជាមាន​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ល្អ ដោយ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន លើ​គម្រោង​អភិវឌ្ឍ​មេគង់ វិស័យ​អប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស​។ ក្នុង​មួយឆ្នាំៗ ឥណ្ឌា​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា​ចំនួន ១៥០​នាក់ ហើយនឹង​កើនឡើង​២៩​នាក់​ទៀត នៅ​ឆ្នាំ​២០១៩​នេះ ក្នុងនោះ​ក៏មាន​វិស័យ​ការពារជាតិ បណ្តុះបណ្តាល​ធនធានមនុស្ស ផ្នែក​កងទ័ពជើងទឹក ផ្តោត​សំខាន់​លើ​បច្ចេកទេស​ដោះមីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាដើម​។ នេះ​ជាការ​លើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​នៅ​កម្ពុជា​។ 
 
​គួររម្លឹកថា នៅ​ឆ្នាំ​២០១៧ មាន​អ្នកទេសចរ​ឥណ្ឌា មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​ចំនួន ១.០២៥​នាក់ ហើយ​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន​២.៥៧៨​នាក់​៕ 

Tag:
 យន្ត មីន​
  ឥណ្ឌា​
  វិនិយោគ​
© រក្សាសិទ្ធិដោយ thmeythmey.com