ជាតិ
រដ្ឋាភិបាល ចាត់ទុក​ការសម្រេច​របស់​EU ហាក់​ចាប់បង្ខំ​ឲ្យ​កម្ពុជា​ធ្លាក់ចូល​សមរភូមិ​​នយោបាយ​
12, Feb 2019 , 4:12 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល ចាត់ទុក​ការសម្រេច​របស់​សហភាព​អឺរ៉ុប​លើ​ការអនុគ្រោះ​ពន្ធ​កម្ពុជា ជាការ​ចាប់បង្ខំ​ឲ្យ​កម្ពុជា ធ្លាក់ចូល​ទៅក្នុង​សមរភូមិ នៃ​ភូម​សាស្ត្រ​នយោបាយ​។ ការ​ប្រតិកម្ម​របស់​រដ្ឋាភិបាល​នេះ ធ្វើឡើង​ក្រោយ​គណៈកម្មការ​អឺរ៉ុប បើក​កិច្ចពិភាក្សា​ពី​ដំណើការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កម្ពុជា (Everything But Arms) កាលពី​ថ្ងៃទី​១១ កុម្ភៈ​។​


 
​ផ្ដើម​ឃ្លា​ដំបូង​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​និយាយ​ពី​ចំណុច​វិជ្ជមាន​របស់​សហគមន៍​អឺរ៉ុប ដែល​បាន​សហប្រតិបត្តិ​ការជួយ​ជ្រោមជ្រែង​ដល់​ប្រទេស​កម្ពុជា អស់​រយៈពេល​២​ទសវត្ស​កន្លងមក ដែល​ប្រកបដោយ​ផ្លែផ្កា​។ ប៉ុន្តែ​ផល​វិជ្ជមាន​ទាំងនេះ ស្រាប់តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ខកចិត្ត​ទៅវិញ​នៅពេលនេះ ដោយសារ​គណៈកម្មការ​អឺរ៉ុប ចាប់ដំណើរការ​ព្យួរ​ជា​បណ្ដោះអាសន្ន​នៃ​ការអនុគ្រោះ​ពន្ធ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ សម្រាប់​លោក ផៃ ស៊ី​ផាន ទង្វើ​របស់​សហភាព​អឺរ៉ុប ហាក់ដូចជា​រុញ​កម្ពុជា​ឲ្យ​ធ្លាក់​ចូលទៅក្នុង​សមរភូមិ​សាស្ត្រ​នយោបាយ​ពិភពលោក​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​១២ កុម្ភៈ អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​យើង​ជឿជាក់ថា ការសម្រេចចិត្ត​នេះ គឺមាន​ទិដ្ឋភាព​នៃ​ហេតុផល​នយោបាយ​នៅ​ពីក្រោយ ដែល​ចាប់បង្ខំ​ឲ្យ​កម្ពុជា​បង្ខំ​ឲ្យ​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​សមរភូមិ នៃ​ភូម​សាស្ត្រ​នយោបាយ​។ កម្ពុជា​ការពារ​ខ្លួន​ជាដាច់ខាត​ក្នុង​ជម្រើស​ជា​តួអង្គ​បម្រើ​ភូមិសាស្ត្រ​នយោបាយ​នេះ ទោះបីជា​ស្ថិតនៅក្នុង​សម្ពាធ​ជាយថាហេតុ នៃ​រូបភាព​ណាមួយ​ក៏ដោយ​»​។​
 
​អម​ជាមួយ​ឃ្លា​ខាងលើនេះ លោក ផៃ ស៊ី​ផាន ក៏​មិន​ភ្លេច​លើក​ពី​ភាពជូរចត់​របស់​កម្ពុ​ជា​ក្នុង​ប្រវត្តិសាស្ត្រ​មុននឹង​បន្ត​និយាយ​ពី​គុណ​តម្លៃ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ស្ដារ​សន្តិភាព និង​ឯករាជ្យភាព​សម្រាប់​ប្រទេស​កម្ពុជា​ឡើងវិញ​។ បើតាម​លោក ផៃ ស៊ី​ផាន រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញាចិត្ត​កសាង​រដ្ឋ​ប្រជាធិបតេយ្យ​មួយ ដោយ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ស្របតាម​គុណ​តម្លៃ ប៉ុន្តែ​នីតិរដ្ឋ ដែល​គ្មាន​នរណាម្នាក់​នៅលើ​ច្បាប់​បានឡើយ ទោះបីជា​សកម្មជន​នយោបាយ ឬ​ជា​សមាជិក​នៃ​សង្គម​ស៊ីវិល​ក្តី​។​
 
«​អាស្រ័យ​ដូចនេះ ដំណើរការ​នៃ​បរិបទ EBA គ្រាន់តែ​ស្ថិតនៅក្នុង​ភាព​អន្តរកាល​នៃ​ការអភិវឌ្ឍ​ប៉ុណ្ណោះ​។ យើង​ជឿជាក់ថា ផលចំណេញ​ប្រកបដោយ​ភាព​វិជ្ជមាន និង​ចីរភាព​ខ្ពស់ ដែលជា​ទំព័រ​ប្រវត្តិសាស្ត្រ​ខ្មែរ​ថ្មី​មួយទៀត​របស់​ប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ទទួលបាន​ឱកាស​ការពារ​ឯករាជ្យ អធិបតេយ្យភាព និង​សេរីភាព​ពិតប្រាកដ​ពី​ការជ្រៀតជ្រែក និង​រំខាន​ពី​ក្រុម​អមិត្ត​ជិត​ឆ្ងាយ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​។​
 
​កាលពី​ថ្ងៃទី​១១ កុម្ភៈ គណៈកម្មការ​អឺរ៉ុប បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​ដំណើរការ​នៃ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កម្ពុជា​។ សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អាច​នឹងត្រូវ​លុបចេញ​ពី​ប្រទេស​ណា ដែល​បរាជ័យ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​និង​សិទ្ធិ​ន​យោ​ជិត​កម្មករ​»​។​
 
​ចំណែក​អាមេរិក តាមរយៈ​ស្ថានទូត​ប្រចាំ​កម្ពុជា ក៏បាន​អះអាងថា រដ្ឋាភិបាល​ខ្លួន​ក៏មាន​កង្វល់​ដូចគ្នា​នឹង​សហភាព​អឺរ៉ុប​ដែរ ហើយ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​កម្ពុជា​ស្តារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ ពហុបក្ស​ពិតប្រាកដ​។​
 
​ដ្បិត​បញ្ហា​កម្ពុជា​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​បែបនេះ​ក្តី ប៉ុន្តែ​សម្ដេច ហ៊ុន សែន បាន​សរសេរ​នៅ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ឆ្លើយតប​ដោយ​ប្រយោល​វិញ​ថា កម្ពុជា​មិនអាច​រំពឹង​លើ​ជំនួយ​បរទេស​តែមួយ​មុខ​ទេ ហើយ​កម្ពុជា​ក៏​មិន​ត្រូវយក​ឯករាជភាព និង​អធិបតេយ្យភាព​របស់ខ្លួន​ទៅ​ដោះដូរ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះដែរ​៕

Tag:
 ផៃ ស៊ី​ផាន​
  EU
© រក្សាសិទ្ធិដោយ thmeythmey.com