ប្រមុខការទូតវៀតណាម ផាម ប៊ិញមិញ នៅថ្ងៃទី១២ ខែកុម្ភៈ បានចាប់ផ្ដើមដំណើរទស្សនកិច្ចមួយនៅកូរ៉េខាងជើង បន្ទាប់ពីវៀតណាមត្រូវបានជ្រើសរើសជាទីតាំងរៀបចំនួបមេដឹកនាំអាមេរិក និងកូរ៉េខាងជើង។ ទស្សនកិច្ចរបស់ប្រមុខការទូតវៀតណាមនេះ ទំនងជាបើកផ្លូវដល់ការធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅរដ្ឋធានីហាណូយផងដែរ។ លោក ផាម នឹងជជែកជាមួយមន្ត្រីកូរ៉េខាងជើងលើរឿងនេះ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម ផាម ប៊ិញមិញ និងជារដ្ឋមន្ត្រីការបរទេស បានចាកចេញពីព្រលានយន្តទីក្រុងប៉េកាំងក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុងព្យុងយ៉ាងតាមជើងហោះហើរ Air Koryo ។ លោក ផាម បានទៅដល់ទឹកដីចិននៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ មុននឹងចាកចេញនៅប៉ុន្មានបន្ទាប់មក។ ប្រតិភូវៀតណាមអមដំណើរលោក ផាម មានប្រធានផ្នែកពិធីការនៃក្រសួងការបរទេស និងអ្នកសារព័ត៌មានវៀតណាមមួយចំនួនទៀត។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានសរសេរបង្ហោះលើ Twitter ថា ទស្សនកិច្ចរបស់លោក ផាម ធ្វើឡើងតាមការអញ្ជើញរបស់សមភាគីកូរ៉េខាងជើង រី យ៉ុងហូ ។ មិនមានព័ត៌មានជាក់លាក់ជុំវិញដំណើរទស្សនកិច្ចរបស់ប្រមុខការទូតវៀតណាមឡើយ ប៉ុន្តែអាចជាចរចាទាក់ទងនឹងគម្រោងជួបគ្នារវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅវៀតណាម ក៏ដូចជាពាក្យចចាមអារ៉ាមជុំវិញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក គីម ផង។
តាមពិតទៅ មន្ត្រីវៀតណាម និងកូរ៉េខាងជើង ត្រូវជួបគ្នានៅទីក្រុងហាណូយ ដោយលោក គីម ឆាងសុន មន្ត្រីជំនិតលោក គីម ត្រូវជជែកជាមួយមន្ត្រីវៀតណាមជុំវិញពិធីការដើម្បីទទួលមេដឹកនាំកូរ៉េខាងជើង។ ប៉ុន្តែក្រោមហេតុផលសន្តិសុខ ទើបមន្ត្រីវៀតណាមត្រូវធ្វើដំណើរទៅកាន់ព្យុងយ៉ាងដើម្បីពិភាក្សាគ្នាវិញ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងផ្សាយថា បន្ទាប់ពីវៀតណាម និងកូរ៉េខាងជើងបញ្ចប់ការជជែកគ្នា ដល់វេនមន្ត្រីអាមេរិក និងកូរ៉េខាងជើងជួបគ្នាម្ដង។
ជុំវិញការលេចឮពីគម្រោងទស្សនកិច្ចផ្លូវរដ្ឋរបស់លោក គីម នៅវៀតណាម អ្វីៗនៅមិនទាន់ច្បាស់នៅឡើយទេ។ តែបើកើតឡើងមែន ទស្សនកិច្ចនេះអាចកើតឡើងមុនឬក្រោយជំនួបរវាងលោក គីម និងលោក ត្រាំ នៅថ្ងៃទី២៧ ដល់ទី២៨ ខែកុម្ភៈ។
ជិះយន្តហោះចិន ឬយន្តហោះខ្លួនឯង?
កាលពីជំនួបឆ្នាំ២០១៨ ជាមួយលោក ត្រាំ នៅសិង្ហបុរី លោក គីម បានជិះយន្តហោះរបស់ចិន Air China ដែលមេដឹកនាំចិនប្រើប្រាស់ក្នុងដំណើរទស្សនកិច្ចនៅបរទេស មិនមែនយន្តហោះស៊េរីចាស់របស់ខ្លួនឡើយ។ សម្រាប់ជំនួបនៅវៀតណាមឆ្នាំ២០១៩ នេះវិញ គេក៏មិនទាន់ដឹងថា មេដឹកនាំកូរ៉េខាងជើងនឹងប្រើប្រាស់មធ្យោបាយអ្វីដែរ ហើយមានតែរង់ចាំដល់ថ្ងៃធ្វើដំណើរ ឬពេលទៅដល់ទឹកដីវៀតណាមប៉ុណ្ណោះ ទើបគេដឹង។
យ៉ាងណា បើគិតពីចម្ងាយវិញ លោក គីម អាចជិះយន្តហោះពិសេស Chammae-1 បាន ព្រោះចម្ងាយពីព្យុងយ៉ាងទៅហាណូយមានចំនួនប្រហែល២៧៦០គីឡូម៉ែត្រប៉ុណ្ណោះ ដែលប្រហាក់ប្រហែលនឹងពាក់កណ្ដាលនៃចម្ងាយសរុបរវាងព្យុងយ៉ាងនិងសិង្ហបុរី។ យន្តហោះផ្ទាល់ខ្លួនរបស់លោក គីម ជាប្រភេទ Ilyushin-62M ផលិតនៅសូវៀត ហើយធ្វើដំណើរបានចម្ងាយជាងមួយម៉ឺនគីឡូម៉ែត្រដោយមិនចុះចាក់សាំងម្ដងទៀតឡើយ។
ក្នុងករណីគិតគូរពីសុវត្ថិភាព មេដឹកនាំកូរ៉េខាងជើង នឹងនៅតែជ្រើសរើសយន្តហោះរបស់ក្រុមហ៊ុនចិនក្នុងដំណើរទៅបរទេសលើកនេះដដែល ខណៈយន្តហោះ Ilyushin-62M មិនធ្លាប់ហោះទៅឆ្ងាយឡើយ។ លោក គីម ធ្លាប់ជិះយន្តហោះពិសេសរបស់ខ្លួនទៅជួបមេដឹកនាំចិន ស៊ី ជិនភីង នៅទីក្រុងតាលៀនកាលពីខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែពេលទៅកាន់រដ្ឋធានីប៉េកាំង រថភ្លើងជាជម្រើសដំបូងគេទៅវិញ។
ពាក់ព័ន្ធការធ្វើដំណើរនេះ មានមតិខ្លះលើកឡើងថា លោក គីម អាចនឹងជិះរថភ្លើងពីកូរ៉េខាងជើងទៅវៀតណាមដែរ។ ថ្វីដ្បិតត្រូវចំណាយពេលយូរ ការធ្វើដំណើរតាមរថភ្លើងមានសុវត្ថិភាពជាងមធ្យោបាយតាមផ្លូវអាកាស ហើយស្តង់ដាផ្លូវរថភ្លើងកូរ៉េខាងជើង និងវៀតណាមក៏ដូចគ្នាដែរ។ លោក គីម អ៊ីលស៊ុង ជីតាបង្កើតលោក គីម ជុងអ៊ុន បានជិះរថភ្លើងឆ្លងកាត់ទឹកដីចិនក្នុងដំណើរទស្សនកិច្ចពីរលើកទៅវៀតណាមក្នុងទសវត្សរ៍ទី៥០ និងទី៦០ ៕