ជាតិ
មន្ត្រីសាធារណការដែលល្មើសច្បាប់ចរាចរណ៍ ត្រូវកត់ត្រាទុកពេលវាយតម្លៃដំឡើងឋានៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (រូបពីក្រសួង)
× ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញបទបញ្ជាផ្ទៃក្នុង សម្រាប់មន្ត្រីក្រោមឱវាទក្រសួង ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងធ្វើជាគំរូដល់ក្រសួង ស្ថាប័ននានានៅកម្ពុជា។ ហើយការមិនគោរពតាមបទបញ្ជាផ្ទៃក្នុងនេះ នឹងត្រូវកត់ត្រាសម្រាប់ការវាយតម្លៃនៅពេលដំឡើងឋានៈតួនាទីផងដែរ។
បទបញ្ជាផ្ទៃក្នុងដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល នៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៩ បានកំណត់ឲ្យមន្ត្រីរាជការ និយោជិតនៃអង្គភាពក្រោមឱវាទក្រសួងមួយនេះ ត្រូវគោរពនូវចំណុចមួយចំនួន។ មន្ត្រីរាជការត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងអ្នករួមដំណើររាល់ពេលធ្វើដំណើរតាមទោចក្រយានយន្ត និងត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពនៅធ្វើដំណើរតាមរថយន្ត។
មន្ត្រីក្រោមឱវាទក្រសួងសាធារណការ ត្រូវបើកបរគោរពតាមល្បឿនកំណត់ទៅតាមប្រភេទយានយន្ត។ មន្ត្រីត្រូវបើកបរគោរពសិទ្ធិអាទិភាពនៅកន្លែងប្រសព្វ, មិនត្រូវបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់, មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង គ្រឿងញៀន ឬក្នុងស្ថានភាពងងុយគេង និងមិនត្រូវប្រើទូរសព្ទដោយគ្មានឧបករណ៍ស្រូបសំឡេងភ្ជាប់ទំនាក់ទំនងពេលបើកបរ។ មន្ត្រីត្រូវពិនិត្យសុវត្ថិភាពយានយន្តមុននឹងបើកបរ និងត្រូវមានបណ្ណបើកបរ បណ្ណសម្គាល់យានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។
«ការបំពាន ឬប្រព្រឹត្តល្មើសនឹងបទបញ្ជាផ្ទៃក្នុង មន្ត្រីរាជការ និយោជិត នឹងត្រូវបានជូនដំណឹងជាបន្ទាន់ទៅអង្គភាពសាមីធ្វើការណែនាំ ហើយកត់ត្រាទុកនូវកំហុស ដើម្បីដាក់បញ្ចូលក្នុងការវាយតម្លៃនៅពេលដំឡើងឋានៈ តួនាទី ឬការផ្ដល់រង្វាន់លើកទឹកចិត្តនានា»។ បទបញ្ជាផ្ទៃក្នុងបានចែងដូច្នេះ។
ជាមួយគ្នានេះ ក្រសួងសាធារណការ បានចេញសេចក្ដីណែនាំ ចុះថ្ងៃទី១១ខែកុម្ភៈ ដែលបានបញ្ជាឲ្យអង្គភាពក្រោមឱវាទក្រសួង ត្រូវរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីខ្លឹមសារច្បាប់ចរាចរណ៍ផ្លូវគោក យ៉ាងតិចមួយត្រីមាសម្ដង ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្ន ធានាសុវត្តិភាពចរាចរណ៍។ ហើយអង្គភាពត្រូវជំរុញការអនុវត្តបទបញ្ជាផ្ទៃក្នុងឲ្យបានម៉ឺងម៉ាត់ និងបង្កើតកម្មវិធីប្រឡងប្រណាំងលើកទឹកចិត្តចំពោះមន្ត្រីរាជការ និយោជិត ដែលអនុវត្តបានល្អតាមបទបញ្ជាផ្ទៃក្នុង៕
© រក្សាសិទ្ធិដោយ thmeythmey.com