ជាតិ
សេដ្ឋកិច្ច
កម្ពុជាបាននាំចេញអង្ករជិត៦ម៉ឺនតោន ធ្លាក់ចុះ៥ភាគរយ នៅដើមឆ្នាំ២០១៩ រូបភាពបានពីទំព័រហ្វេសប៊ុក សហព័ន្ធស្រូវ អង្ករ កម្ពុជា
× ភ្នំពេញ៖ កម្ពុជា បាននាំចេញអង្ករទៅទីផ្សារអន្តរជាតិ ជាង៥៩,៦ម៉ឺនតោន តែប៉ុណ្ណោះ នៅខែមករា ឆ្នាំ២០១៩ នេះ។ តួលេខនាំចេញនេះ បានធា្លក់ចុះ៥ភាគរយ បើធៀបទៅនឹងរយៈពេលគ្នា កាលឆ្នាំ២០១៨ មានជាង៦២,២ម៉ឺនតោន។ នេះបើតាមរបាយការណ៍លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្កររបស់ក្រុមការងារផ្នែកស្រូវ-អង្ករនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(SOWS-REF)។
បើតាមរបាយការណ៍ដដែល សហភាពអឺរ៉ុបនៅតែជាទីផ្សារដ៏ធំរបស់អង្ករកម្ពុជា ។ប៉ុន្តែបើគិតតាមប្រទេសវិញ ចិនគឺជាអតិថិជនលំដាប់លេខមួយ ដែលបាននាំអង្ករចូលពីកម្ពុជា ជាង១៧ពាន់តោន ខណៈដែលប្រទេសបារាំងស្ថិតក្នុងលំដាប់លេខពីរ ដែលនាំអង្ករចូលសរុបជាង៩ពាន់តោន និងម៉ាឡេស៊ី នាំអង្ករចូលជាង៥ពាន់តោន។
កាលពីថ្ងៃទី២១ មករាកន្លងទៅ ប្រទេសចិន បានប្រកាសទិញអង្ករពីកម្ពុជា ច្រើនជាងមុនលើសទ្វេដង ក្នុងចំនួន៤០ម៉ឺនតោន នៅឆ្នាំ២០១៩ ។
សូមរម្លឹកថា សហភាពអឺរ៉ុបចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តទៅ។ ឆ្នាំទីមួយតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុងអង្ករ១តោន, តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុងអង្ករ១តោន នៅឆ្នាំទីពីរ និងចុះមកត្រឹម១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុងអង្ករ១តោន នៅឆ្នាំទីបី៕
© រក្សាសិទ្ធិដោយ thmeythmey.com