កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាក​បា​រ៉ែ​ន Hakeem al-Araibi ទៅដល់​ផ្ទះ​វិញ​ហើយ ក្រោយ​ថៃ​ព្រម​ដោះលែង​
12, Feb 2019 , 10:39 pm        
រូបភាព
Hakeem al-Araibi កំពុងអរគុណដល់ប្រជាជនអូស្ត្រាលីនៅឯព្រលានយន្តហោះ Melbourne ក្រោយថៃដោះលែង
Hakeem al-Araibi កំពុងអរគុណដល់ប្រជាជនអូស្ត្រាលីនៅឯព្រលានយន្តហោះ Melbourne ក្រោយថៃដោះលែង
​កីឡាករ​បាល់ទាត់​ជនជាតិ​បា​រ៉ែ​ន Hakeem al-Araibi ដែល​ប៉ូលិស​ថៃ​ចាប់​ឃុំឃាំង​មួយរយៈ​ជុំវិញ​បញ្ហានយោបាយ​ត្រូវបាន​ដោះលែង​ហើយ និង​បាន​ត្រលប់​ទៅដល់​ផ្ទះ​នៅ​អូស្ត្រាលី​វិញ ក្រោយ​មានការ​ស្នើ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)​។​


 
Hakeem al-Araibi ដែល​បាន​សិទ្ធិ​ជ្រកកោន​រស់នៅក្នុង​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី ត្រូវ​ប៉ូលិស​អន្តរជាតិ​ក្រុង​បាងកក​ចាប់ខ្លួន​បន្ទាប់ពី​ភាគី​បា​រ៉ែ​ន​ផ្តល់ដំណឹង​តាមរយៈ​លិខិតឆ្លងដែន​នៅពេល​រូបគេ​ដើរ​កម្សាន្ត​វិស្សមកាល​ក្នុង​ខែវិច្ឆិកា​កន្លងទៅ ពោលគឺ​រយៈពេល​ជាង​២​ខែ​មកហើយ​។​
 
​តាមពិតទៅ​កីឡាករ វ័យ​២៥​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ដឹងថា​មាន​ជម្លោះ​ផ្ទាល់ខ្លួន និង​ជា​សាធារណៈ​ជាមួយ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី AFC លោក Sheikh Salman ដែលជា​សមាជិកគ្រួសារ​រាជវង្ស​បា​រ៉ែ​ន ជុំវិញ​បញ្ហានយោបាយ​។ ដោយ​ចង់​ឲ្យ AI-Araibi ចូលទៅ​កាន់​ប្រទេស​កំណើត​វិញ បា​រ៉ែ​ន​បាន​ចោទ​រូបគេ​ពីបទ​បំផ្លាញ​សម្បត្តិ​រដ្ឋ (​បំផ្លាញ​ស្ថានីយ៍​ប៉ូលីស​) និង​ជាប់ពន្ធនាគារ​រយៈពេល ១០ ឆ្នាំក្រោយ​ការកាត់ទោស​កំបាំងមុខ​។​
 
​ក្រុម​សកម្មជន​សិ​ទិ្ធ​មនុស្ស​បាន​ព្រមាន​ថា AI-Araibi អាច​ប្រឈម​នឹង​ការធ្វើ​ទារុណកម្ម​ប្រសិនបើ​អាជ្ញាធរ​ថៃ​បញ្ជូន​រូបគេ​ទៅ​បា​រ៉ែ​ន​វិញ​នោះ​។​
​យ៉ាងណា ដោយ​មានការ​ជ្រោមជ្រែង​ពី​ប្រជាជន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​រួមទាំង FIFA ក្នុង​ការសុំ​អន្តរាគមន៍​ទៅដល់​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​ដើម្បី​ឲ្យ​ដោះលែង AI-Araibi នោះ ខាង​ភាគី​ថៃ​ក៏បាន​សម្រេច​លេង​រូបគេ​ឲ្យ​មាន​សេរីភាព​និង​អាច​ត្រលប់​ទៅ​ជួបជុំ​គ្រូ​សារ​វិញ​។​
 
Hakeem al-Araibi ដែលជា​សមាជិក​ក្រុម Pascoe Vale ក្លិប​បាល់ទាត់​ពាក់កណ្តាល​អាជីព នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ​បាន​ទៅដល់​ប្រ​លាន​យន្តហោះ Melbourne ដោយ​សុវត្ថិភាព និង​មាន​អ្នកគាំទ្រ​រាប់រយ​នាក់​រង់ចាំ​អបអរ​ការមកដល់​នេះ​ផងដែរ​។​
 
«​ខ្ញុំ​ចង់​និយាយ​អរគុណ​ដល់​ប្រទេស​អូស្ត្រាលី​។ វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​បានឃើញ​មនុស្ស​ចាំ​ទទួល​ខ្ញុំ​នៅទីនេះ រួមទាំង​ប្រជាជន​អូស្ត្រាលី​ទាំងអស់​ដែល​បាន​គាំទ្រ​ខ្ញុំ​។ ទោះ​មុខ​ខ្ញុំ​ញញឹម តែ​ទឹកភ្នែក​ខ្ញុំ​មិនអាច​ឈប់​ស្រក់​នោះទេ​នៅពេលនេះ​។ ខ្ញុំ​តែង​បួងសួង​ថា នឹង​បាន​ត្រលប់​ទៅផ្ទះ​វិញ ហើយ​ទីបំផុត​សុបិន​អាក្រក់​របស់ខ្ញុំ​គឺ​បានបញ្ចប់​ហើយ​»​។ AI-Araibi រៀបរាប់​ដូច្នេះ​នៅ​ខាងក្រៅ​ព្រលាន​។​
 
​ដោយឡែក​ប្រពន្ធ​របស់ AI-Araibi បាន​ប្រាប់ BBC នៅមុន​រូបគេ​ត្រលប់​ទៅដល់​ផ្ទះ​ថា​នាង​ពិតជា​អរគុណ​ខ្លាំងណាស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បញ្ចុះបញ្ចូល​របស់​រដ្ឋាភិបាល​អូស្ត្រាលី និង​សាធារណៈជន ក៏ដូចជា​សហ​ពន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ជាដើម​ផងដែរ​៕

Tag:
 បាល់ទាត់​
  FIFA
  Hakeem al-Araibi
© រក្សាសិទ្ធិដោយ thmeythmey.com