អន្តរជាតិ
រដ្ឋាភិបាលសិង្ហបុរី អំពាវនាវឲ្យប្រជាជនបន្តសាមគ្គីដើម្បីបង្ហាញភាពរឹងមាំនៃជាតិទៅកាន់ពិភពលោក
× ស្របពេលដែលពិភពលោកកំពុងតែធ្លាក់ចូលក្នុងដំណាក់កាលមិនច្បាស់លាស់ នៃចរន្តសេដ្ឋកិច្ចសកល ហើយសិង្ហបុរី ក៏នឹងត្រូវមានការផ្លាស់ប្តូរអ្នកដឹកនាំនាពេលខាងមុខផងនោះ រដ្ឋាភិបាលសិង្ហបុរី បានអំពាវនាវប្រជាជនបន្តរួបរួម និងសាមគ្គីភាពគ្នា។ សិង្ហបុរី ចង់ឃើញប្រជាជនធ្វើបែបនេះដើម្បីបង្ហាញពីភាពខ្លាំងនៃប្រជាជាតិទៅកាន់ពិភពលោក និងជាពិសេសនោះដើម្បីទាក់ទាញវិនិយោគិនឲ្យកាន់តែច្រើន។
នាកម្មវិធីអបអរបុណ្យចូលឆ្នាំចិននៅថ្ងៃ៩ កុម្ភៈ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Chan Chun Sing បានណែនាំឲ្យប្រជាជនត្រូវចេះឲ្យតម្លៃ និងស្រលាញ់ស្ថិរភាពរបស់ប្រទេសដែលខ្លួនមាន។ សម្រាប់លោករដ្ឋមន្ត្រី ស្ថិរភាព គឺជាធាតុចូលដ៏សំខាន់បំផុតមួយក្នុងការកំណត់ពីភាពជោគជ័យរបស់ប្រទេស និងការប្រកួតប្រជែងដើម្បីផលប្រយោជន៍របស់ពិភពលោក។
តាមប្រភពព័ត៌មានសិង្ហបុរី Channel News Asia ស្របពេលសង្គម និងពិភពលោក មានការផ្លាស់ប្តូរជាបន្តបន្ទាប់ លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាជនត្រូវបង្ហាញពីសញ្ញាណវិជ្ជមានទៅកាន់ពិពភលោកអំពីស្ថិរភាព ការរួបរួមគ្នាជាធ្លុងមួយ និងការអភិវឌ្ឍឥតឈប់ឈររបស់សិង្ហបុរី ដើម្បីធ្វើឲ្យវិនិយោគិនមានទំនុកចិត្ត និងនៅតែចង់វិនិយោគនៅសិង្ហបុរី ហើយបង្កើតការងារសម្រាប់ប្រជាជនបន្ថែមទៀត។
បន្ថែមពីការស្នើដល់ប្រជាជន លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ពីតម្រូវការចាំបាច់របស់សិង្ហបុរីពាក់ព័ន្ធនឹងមេដឹកនាំផងដែរ។ ស្របពេលសិង្ហបុរី នៅមិនទាន់អាចកំណត់ច្បាស់អ្នកបន្តវេនពីលោកនាយករដ្ឋមន្ត្រីសិង្ហបុរីបច្ចុប្បន្ន Lee Hsein Loong នោះ លោករដ្ឋមន្ត្រី បានអះអាង សិង្ហបុរី ត្រូវការមេដឹកនាំ ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងមានចក្ខុវិស័យសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេស។
អ្វីដែលគួរឲ្យកត់សម្គាល់ ទោះសិង្ហបុរី បានស្ថិតនៅក្នុងចំណោមប្រទេសមានការអភិវឌ្ឍបំផុតរបស់ពិភពលោកក៏ដោយ លោករដ្ឋមន្ត្រី មិនចង់ឲ្យប្រជាជនបណ្តែតបណ្តោយខ្លួនតាមទំនោរនេះឡើយ។ លោក សង្កត់ធ្ងន់ ថា៖«ទាំងរដ្ឋាភិបាល និងប្រជាជន មិនត្រូវភ្លេចខ្លួន និងត្រេកត្រអាលពេកនឹងអ្វីដែលខ្លួនមាន រហូតធ្វើឲ្យប្រព័ន្ធដឹកនាំធូររលុង និងធ្លាក់ចុះវិញឡើយ»។
តាមរបាយការណ៍ស្តីពីសន្ទស្សន៍ នៃការប្រកួតប្រជែងសកលឆ្នាំ២០១៨របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ២។ ការប្រកួតប្រជែងនេះ រាប់បញ្ចូលទាំងលើផ្នែកសេដ្ឋកិច្ច, ភាពសកម្មរបស់ប្រជាជន, បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងប្រទេសជាដើម៕
Tag:
សិង្ហបុរី
អាស៊ាន
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com