«​បក្ស​រក្សា​ជាតិ​ថៃ​»​អាច​ត្រូវ​រំលាយចោល ក្រោយ​ទាញ​សែស្រ​ឡាយ​រាជវង្ស​មក​ឡូកឡំ​​នយោបាយ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
«​បក្ស​រក្សា​ជាតិ​ថៃ​»​អាច​ត្រូវ​រំលាយចោល ក្រោយ​ទាញ​សែស្រ​ឡាយ​រាជវង្ស​មក​ឡូកឡំ​​នយោបាយ​
13, Feb 2019 , 11:01 am        
រូបភាព
មេដឹកនាំបក្សរក្សាជាតិថៃលោក  Preechaphol Pongpanit បង្ហាញការសោកស្តាយជាសាធារណៈចំពោះការដាក់ស្នើឈ្មោះព្រះរៀមមហាក្សត្រជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សថ្ងៃ ១២ ខែកុម្ភៈ (រូបភាព៖AFP)
មេដឹកនាំបក្សរក្សាជាតិថៃលោក Preechaphol Pongpanit បង្ហាញការសោកស្តាយជាសាធារណៈចំពោះការដាក់ស្នើឈ្មោះព្រះរៀមមហាក្សត្រជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សថ្ងៃ ១២ ខែកុម្ភៈ (រូបភាព៖AFP)
​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ​សម្រេច​បញ្ជូន​សំណុំរឿង គណបក្ស​រក្សា​ជាតិ​ថៃ (Thai Raksa Chart) ទៅកាន់​តុលាការ​ធម្មនុញ្ញ​ដើម្បី​សម្រេច​ពាក់ព័ន្ធ​នឹង​ការស្នើ​ឈ្មោះ​ម្ចាស់​ក្សិ​យ៍​ព្រះរៀម​មហាក្សត្រ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។ គណបក្សនយោបាយ​ដែល​ស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​នេះ​នឹង​អាច​ត្រូវ​រំលាយចោល​ផង ក្នុងករណី​ដែល​តុលាការ​សម្រេចជាផ្លូវការ​ថា សកម្មភាព​របស់​បក្ស​បំពាន​ច្បាប់​នោះ​។


​សំណុំរឿង​គណបក្ស​រក្សា​ជាតិ​ថៃ​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ដោយ​គណៈកម្មការ​បោះឆ្នោត​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី ១២ ខែកុម្ភៈ ដោយមាន​ការចោទប្រកាន់​ថា គណបក្ស​នេះ​បំពាន​ច្បាប់​ដោយ​ទាញ​សែស្រ​ឡាយ​រាជវង្ស​ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍ រាជកញ្ញា ចូលក្នុង​នយោបាយ​។​
 
​បើតាម​កាសែត​ថៃ​បាងកក​ប៉ុ​សិ៍្ត គណៈកម្មការ​នេះ​បានសម្រេច​បោះឆ្នោត​ដោយ​ស្នើ​ឲ្យ​តុលាការ​ធម្មនុញ្ញ​រំលាយ​គណបក្ស​នេះ​ចោល​តែម្តង​ដោយ​ចោទថា សកម្មភាព​ដែល​បក្ស​នេះ​ប្រព្រឹត្ត​ជា​ទង្វើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​របស់​ថៃ​។ 
 
​តាមពិតទៅ ការចោទប្រកាន់​របស់​គណៈកម្មការ​បោះឆ្នោត​នេះ​ធ្វើ​ឡើ​តាម​មាត្រា​មានចែង​ក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ឆ្នាំ ២០១៨ ប៉ុន្តែ​ការសម្រេច​ដាក់ទណ្ឌកម្ម​ឬ​យ៉ាងណា​នោះ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ធម្មនុញ្ញ​ប៉ុណ្ណោះ​។​
 
​ក្នុងករណី​ដែល​តុលាការ​ឯកភាព​ជាមួយ​គណៈកម្មការ​បោះឆ្នោត​ដោយ​សម្រេច​រំលាយ​គណបក្ស​មែន បើតាម​បាងកក​ប៉ុស្តិ៍ ថ្នាក់ដឹកនាំ​របស់​បក្ស​ក្នុង​តំណែង​ប្រតិបត្តិ ១៣​រូប​នឹងត្រូវ​ហាមឃាត់​ចូលធ្វើ​នយោបាយ​ក្នុង​រយៈពេល​ដប់ឆ្នាំ​ពោលគឺ រាប់ទាំង​ចូលរួម​បោះឆ្នោត និង​ឈរឈ្មោះ​ផង​។ 
 
​ចំពោះ​សមាជិក​ជា​បេក្ខជន​មិន​ស្ថិតក្នុង​តំណែង​ប្រតិបត្តិ ថ្វីបើ​មិនត្រូវ​ស្ថិតក្រោម​បម្រាម​ធ្វើ​នយោបាយ​ក៏ដោយ ពួកគេ​ត្រូវជា​សមាជិក​គណបក្សនយោបាយ​មួយ​ជាក់លាក់​ក្នុង​រយៈពេល​យ៉ាងហោចណាស់ ៩០​ថ្ងៃមុន​ការបោះឆ្នោត​មកដល់​។ ខណៈ​ការបោះឆ្នោត​នឹង​មកដល់​នៅ​ថ្ងៃ ២៤ ខែមីនា វា​មានន័យថា បេក្ខជន​ទាំងនោះ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ប្តូរ​បក្ស និង​ចូលទៅ​រួមរស់​ជាមួយ​គណបក្ស​ផ្សេង​ដើម្បី​មាន​សិទ្ធិ​ប្រកួត​ក្នុងការ​បោះឆ្នោត​នេះឡើយ​។​
 
​ដោយឡែក ក្រោយ​មានការ​លើកឡើង​ពី​លទ្ធភាព​នៃ​ការរំលាយ​គណបក្ស​នេះ​ចោល ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍ រាជកញ្ញា បាន​បង្ហោះ​សារ​មួយ​ក្នុង​គណនី Instagram ផ្លូវការ​របស់​ទ្រង់ ដោយ​បង្ហាញ​ព្រះ​ទ័ព​សោកស្តាយ​ចំពោះ​រឿងរ៉ាវ​ដែល​កើតឡើង​ជាពិសេស​ព្រះរាជបំណង​របស់​ទ្រង់​ក្នុង​ការជួយ​ប្រទេសជាតិ​នេះ​។ 
 
«​ខ្ញុំ​សោកស្តាយ​ណាស់​ដែល​ចេតនា​របស់ខ្ញុំ​ក្នុង​ការធ្វើការងារ​ដើម្បី​ជួយ​ប្រទេសជាតិ និង​ប្រជាជន​ថៃ​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ដែល​មិនគួរ​កើតឡើង​ដូច្នេះ​សោះ​»​។ ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍ មានបន្ទូល​ក្នុង​សារ ដ៏​ខ្លី​របស់​ទ្រង់​ដូច្នេះ​។​
 
​សូមបញ្ជាក់​បន្តិច​ថា បក្ស​រក្សា​ជាតិ​ថៃ បានប្រកាស​ព្រះនាម​ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍ ជា​បេក្ខជន​នាយក​រដ្ឋ​នៅ​ថ្ងៃទី ៨​ខែកុម្ភៈ​ដែល​ធ្វើ​ឲ្យ​រញ្ជួយ​នយោបាយ​ថៃ​។ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក មហាក្សត្រ​ថៃ មហា​វ​ជិ​រាល​ង្ក​រណ៍ បានចេញ​រាជបញ្ជា​មួយ​ហាម​ព្រះរៀម ប្រឡូក​ក្នុង​នយោបាយ​ជាដាច់ខាត​។ តាមពិតទៅ ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍ ជា​បុត្រី​ច្បង​របស់​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត និង​ម្ចាស់​ក្សត្រិយានី ស៊ី​រី​គិត (Sirikit) ហើយ​ទ្រង់​បាន​លាលែង​ពី​ឋានៈ​រាជវង្ស​ក្នុង​ឆ្នាំ​១៩៧២ ដើម្បី​ទៅ​រៀបការ​ជាមួយ​ជនជាតិ​អាមេរិក​ម្នាក់​។ 
 
​ប៉ុន្តែ​ក្នុង​រាជប្រកាស​របស់​ក្សត្រ​ថៃ ទោះ​បោះបង់​តំណែង​ជា​សមាជិក​រាជវង្ស​មែន ម្ចាស់​ក្សត្រិយ៍​អង្គ​នេះ​នៅតែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមាជិក​រាជវង្ស​ផ្សេងទៀត និង​បាន​បំពេញ​រាជកិច្ច​ក្រោម​ព្រះនាម​មហាក្សត្រ​ថែមទៀត​ផង​៕

Tag:
 ​ថៃ​
  គណៈកម្មការ​បោះឆ្នោត​
  គណបក្ស​រក្សា​ជាតិ​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com