ជាតិ
សង្គមជាតិ
២០​ឆ្នាំ​ចុងក្រោយ បរទេស​ជិត​២០០០​នាក់​បាន​សញ្ជាតិ​ខ្មែរ ខណៈ​ខ្មែរ​១៣៥​នាក់​បោះបង់​សញ្ជាតិ
13, Feb 2019 , 11:24 am        
រូបភាព
ថ្នាក់ដឹកនាំ​មហាផ្ទៃ ចូលរួម​ក្នុងសន្និបាត ប្រចាំឆ្នាំ
ថ្នាក់ដឹកនាំ​មហាផ្ទៃ ចូលរួម​ក្នុងសន្និបាត ប្រចាំឆ្នាំ
​ភ្នំពេញ​៖  បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក កម្ពុជា​បានផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស​ជិត​២០០០​នាក់ ប៉ុន្តែ​ស្រប​ជាមួយគ្នា​នោះ ជនជាតិខ្មែរ​ចំនួន​១៣៥​នាក់ បាន​លះបង់​សញ្ជាតិ​ខ្មែរ​របស់ខ្លួន​។ នេះ​បើ​យោងតាម​របាយការណ៍ ស្តីពី​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួងមហាផ្ទៃ​។

 
​របាយការណ៍​ដែល​បង្ហាញ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ​បាន​ពិនិត្យ​សំណើ​បរទេស​សុំចូល​សញ្ជាតិ​ខ្មែរ​ចំនួន​២២​នាក់ និង​សំណើសុំ​លះបង់​សញ្ជាតិ​ខ្មែរ​ចំនួន​៦​នាក់ (​ស្រី​៣​នាក់​)​។ ក្នុងចំណោម​បរទេស​សុំចូល​សញ្ជាតិ​ខ្មែរ​២២​នាក់ មាន​២០​នាក់ (​ស្រី​៣​នាក់​) សុំចូល​តាម​លក្ខខណ្ឌ​វិនិយោគទុន និង​២​នាក់ តាម​លក្ខខណ្ឌ​ស្នាក់នៅ​កម្ពុជា​ចាប់ពី​៧​ឆ្នាំ​ឡើងទៅ​។​
 
​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ជារួម​ថា គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៩ ជនបរទេស​ដែល​ទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម​មា​ន​១៩៣៩​នាក់ ក្នុងនោះ​លក្ខខណ្ឌ​វិនិយោគទុន​មាន​១,៧០៧​នាក់ (៣៩​សញ្ជាតិ​) អ្នកស្នាក់នៅ​ចាប់ពី​៧​ឆ្នាំ មាន​២២៤​នាក់ (២២​សញ្ជាតិ​) និង​ស្នាដៃ​ពិសេស ៤​នាក់ (​សញ្ជាតិ​)​។ បន្ថែម​ពីនេះ មាន​៦៦​នាក់​ដែល​មកពី​២៩​សញ្ជាតិ បាន​ក្លាយជា​ខ្មែរ​តាម​លក្ខខណ្ឌ​អាពាហ៍ពិពាហ៍​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ របាយការណ៍​បានបង្ហាញ​ឲ្យ​ឃើញថា ជនជាតិខ្មែរ​ដែល​បាន​បោះបង់​សញ្ជាតិ​ខ្លួនឯង​វិញ មាន ចំនួន​១៣៥​នាក់​ផងដែរ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​៕

Tag:
 បរទេស​
  សញ្ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com